លោកមាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឆ្លើយតបចំពោះសេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាន ដែលបានចេញផ្សាយកាលពីថ្ងៃទី២៨ ខែកញ្ញាកន្លងទៅ ដោយលោកបានថ្លែងថា សេចក្ដីព្រាងច្បាប់នេះ កំពុងស្ថិតក្នុងដំណាក់កាលពិគ្រោះយោបល់ជាមួយក្រសួងយុត្តិធម៌ និងឈានទៅការបញ្ជូនទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីនាពេលខាងមុខនេះតាមនីតិវិធី។
លោកមាស សុភ័ណ្ឌ បានបញ្ជាក់ផងដែរថា កន្លងមកការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះ ក្រសួងព័ត៌មានបានអនុញ្ញាតឱ្យមានការចូលរួមពិភាក្សា និងផ្តល់យោបល់យ៉ាងទូលំទូលាយពីក្រសួង ស្ថាប័ន ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (អង្គការUNESCO និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា) និងអង្គការសង្គមស៊ីវិលមួយចំនួនដែលបានចេញសេចក្តីថ្លែងការណ៍នេះ តាមរយៈការបង្កើតនូវក្រុមបច្ចេកទេសមួយ ដែលហៅថា “ក្រុមការងារបច្ចេកទេសរៀបចំតាក់តែងសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាន (TWG-A2I)” ដោយប្រើរយៈពេលជិតបីឆ្នាំ។
អនុរដ្ឋលេខាធិការរូបនេះ បានអះអាងទៀតថា ពាក់ព័ន្ធទៅនឹងចំណុចទាំងឡាយដែលបានលើកឡើងក្នុងសេច ក្តីថ្លែងការណ៍នេះ គឺត្រង់ចំណុចទាំងនោះត្រូវបានលើកយកមកពិភាក្សា និងផ្លាស់ប្តូរ យោបល់គ្នាក្នុងកិច្ចប្រជុំក្រុមការបច្ចេកទេស TWG-A2I យ៉ាងផុសផុល និងបានបញ្ជាក់ហេតុ និងផលយ៉ាងច្បាស់លាស់ពាក់ព័ន្ធនឹងចំណុចនីមួយៗ។ ទន្ទឹមនេះ សមាជិកនៃអង្គប្រជុំក្រុមការបច្ចេកទេស TWG-A2I ក៏បានឯកភាពគ្នាលើចំណុចទាំងនោះផងដែរ។ ប៉ុន្តែនៅពេលដែលសេចក្តីព្រាងច្បាប់នេះត្រៀមនឹងបញ្ជូនទៅស្នើសុំការអនុម័តតាមនីតិវិធី បែរជាអង្គការសង្គមស៊ីវិលទាំងនោះ បានសេចក្តីថ្លែងការណ៍ដោយលើកឡើងនូវចំណុចទាំងនោះឡើងវិញ និងអត្ថាធិប្បាយបន្ថែមថាសេចក្តីព្រាងច្បាប់នេះមិនស្របទៅតាមស្តង់ដារ អន្តរជាតិទៅវិញ។
លោកសង្កត់ធ្ងន់ថា តាមរយៈការលើកឡើងចំណុចត្រង់នេះ យើងអាចសន្និដ្ឋានបានថា ការដែលអង្គការសង្គមស៊ីវិលទាំងនោះ បានចេញនូវសេចក្តីថ្លែងការណ៍នេះ គឺហាក់ដូចជាបំភ្លេចចោលនូវតួនាទីភារកិច្ចរបស់ខ្លួនដែលបានចូលរួមពិភាក្សា ផ្តល់យោបល់ និងឯកភាព លើសេចក្តីព្រាងច្បាប់នេះនាពេលកន្លងមក។ លោកអនុរដ្ឋលេខាធិការបានបន្ដថា នេះគឺជាការទាក់ទាញនូវការចាប់អារម្មណ៍ការគាំទ្រ និងទាញយកប្រជា ប្រិយភាពសម្រាប់ខ្លួនឬ ក្រុមខ្លួនតែប៉ុណ្ណោះ។ ជាមួយគ្នានេះ តាមរយៈសេចក្ដីថ្លែងការណ៍នេះ ក៏អាចជាយុទ្ធសាស្ត្រដើម្បីទទួលបានការគាំទ្រជាហិរញ្ញវត្ថុ ឬមូនិធិផ្សេងៗពីប្រភពផ្សេងៗក្នុងការធ្វើសកម្មភាពរបស់ខ្លួនឬក្រុមខ្លួនតែប៉ុណ្ណោះ។
លោកមាស សុភ័ណ្ឌ ក៏បានបញ្ជាក់បន្ថែមថា សេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាននេះ ត្រូវបានរៀបចំតាក់តែងឡើង ដោយបានសិក្សាស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាតិ និងបានសិក្សាស្រាវជ្រាវលើច្បាប់សិទ្ធិទទួលព័ត៌មានបណ្តាប្រទេសនានាទាំងក្នុងតំបន់ និងពិភពលោក ព្រមទាំងអនុលោមទៅតាមគោលការណ៍ទាំង៩ដែល ពាក់ព័ន្ធនឹងសិទ្ធិទទួលព័ត៌មាន និងគោលការណ៍Three- part tests ផងដែរ។ លោកបន្តថា ចំពោះសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មានគឺជាការបេ្តជ្ញាចិត្តរបស់ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ចង់ឃើញសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តនៅក្នុងឆ្នាំ២០២០ នេះ៕