តំណាង​កម្ពុជា​ខកចិត្ត​នឹង​UN​ទទួល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ស្រង់​ព័ត៌មាន​តែមួយ​ជ្រុង​

01-10-2020 2:02 pm 290

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា នៅ​ហ្សឺ​ណែ​វ នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ការផ្សព្វផ្សាយ​នា​ពេល​ថ្មីៗ​នេះ លើ​បណ្ដាញ​សង្គម របស់​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិទ​ទួលបន្ទុក​សិទ្ធិមនុស្ស​កម្ពុជា ពាក់ព័ន្ធ​នឹង​ការដកស្រង់​ព័ត៌មាន​តែ​មួយ​ជ្រុង និង​ពុំ​មាន​តុល្យភាព​ចេញពី​របាយការណ៍​ទាំងមូល​របស់ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ស្ដី​ពី​ការបំភិតបំភ័យ​និង​ការ​សងសឹក​ចំពោះ​បុគ្គល​ដែល​សហការ ជាមួយ​អ​.​ស​.​ប និង​យន្តការ​សិទ្ធិមនុស្ស​របស់​អ​.​ស​.​ប​។ 

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា បានបញ្ជាក់​ថា «​របាយការណ៍​របស់​អគ្គ​លេខាធិការ​អ​.​ស​.​ប បាន​ផ្អែក​យ៉ាងខ្លាំង​ទៅលើ​ការអធិប្បាយ​របស់​អ្នករាយការណ៍​ពិសេស ដែល​ផ្តោត​លើ​ភាគី​តែ​ម្ខាង និង​ពុំ​បាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ​។ រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ពិនិត្យ ដោយ​យកចិត្តទុកដាក់​បំផុត​ចំពោះ​រាល់​ការចោទប្រកាន់​នានា​។ កិច្ចការ​នេះ​ត្រូវ​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការ​បញ្ចូន​ជូន​អគ្គលេខាធិការ អ​.​ស​.​ប នូវ​ការបកស្រាយ​បំភ្លឺ​ទាន់ពេលវេលា ដែល​ត្រូវបាន​ដាក់បញ្ចូល​ទៅ​ក្នុង​ឧបសម្ព័ន្ធ​១ (​កថាខណ្ឌ​១៩ ទំព័រ​២៣) នៃ​របាយការណ៍​របស់​អគ្គលេខាធិការ អ​.​ស​.​ប​។ ក្នុងន័យនេះ គេ​ត្រូវ​ចោទសួរ​ភាពស្មោះត្រង់ និង​ហេតុផល​របស់​ការិយាល័យ​នេះ ដែល​ល្បិច​យក​តែ​មួយ​ផ្នែក​នៃ​របាយការណ៍ ហើយ​ពុំ​បង្ហាញ​នូវ​ផ្នែក​ពាក់ព័ន្ធ​នឹង​ការឆ្លើយតប​របស់​រាជ​រដ្ឋាភិបាល​។ ទង្វើ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​នូវ​សុចរិត​ភាព ឯករាជ្យភាព និង​ភាព​ទុកចិត្ត​បាន​របស់​ស្ថាប័ន អ​.​ស​.​ប មួយ​នេះ​»​។​

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា បាន​អះអាង​បន្ថែមថា ការចោទប្រកាន់ថា បុគ្គល​ដែល​បាន​សហការ​ជាមួយ​យន្តការ​សិទ្ធិមនុស្ស​របស់ អ​.​ស​.​ប ត្រូវបាន​បំភិតបំភ័យ ឬ​សងសឹក គឺជា​ការ​បំផ្លើស​ទាំងស្រុង​។ តំណាង​ជា​ច្រើន​របស់​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា បាន​ចូលរួម​កិច្ចប្រជុំ​នានា​ដោយ​ផ្ទាល់ នៅ​ទីក្រុង​ហ្សឺ​ណែ​វ របស់​គណៈកម្មការ​ទទួល​បន្ទុក​តាម​សិទ្ធិសញ្ញា របស់​អ​.​ស​.​ប​។ អង្គការ​ជា​ច្រើន​ផ្សេង​ទៀត​ក៏​បាន​ចូលរួម​បញ្ជូន​បញ្ជី​បញ្ហា​របស់​ពួកគេ​ទៅ​យន្តការ​សិទ្ធិមនុស្ស​នេះ ដើម្បី​ពិនិត្យ​ពិចារណា​។ យ៉ាងណាមិញ ពួកគេ​នៅ​បន្ត​អនុវត្ត​សកម្មភាព​របស់​ពួកគេ​តាម​ច្បាប់ ដោយ​គ្មាន​ការយាយី ឬ​ការ​សងសឹក​អ្វី​ឡើយ​៕

 ពាក្យគន្លឹះ  កម្ពុជានៅUNUN

ព័ត៌មានផ្សេងទៀត