ក្រសួង​វប្បធម៌​​ និង​វិចិត្រសិល្បៈ​ ប្រមូលយក​ភាជន៍​ចំនួន​២៨៤​យកមក​ថែរក្សា​​

01-10-2020 11:18 am 193

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សហការ​ជាមួយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ព្រះសីហនុ​ចុះ​ពិនិត្យ​និង​វាយតម្លៃ​កុលាលភាជន៍ ដែល​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​រឹបអូស​ពី​ជនជាតិ​វៀតណាមកាលពី​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២០ និង​ទទួល​យកមក​ថែរក្សា​នៅ​មន្ទីរ​វប្បធម៌​ខេត្ត​។​

​ក្រុមការងារ​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សហការ​ជាមួយ​មន្ទីរ​វប្បធម៌ និង​វិចិត្យសិល្បៈ​ខេត្ត​ព្រះសីហនុ បាន​ចុះទៅពិនិត្យ វាយតម្លៃ និង​ទទួលយក​ភាជន៍​ចំនួន​២៨៤ ដែល​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​រឹបអូស​បាន​ពី​ជនជាតិ​វៀតណាម​ឈ្មោះ ឡេ វាន់​ហួន បាន​ស្រង់​ភាជន៍​ចេញពី​បាតសមុទ្រ ក្នុង​ភូមិសាស្ត្រ​សមុទ្រ​រាម ដែល​ចន្លោះ​រវាង​កោះ​តាគៀវ និង​កោះ​ឬ​ស្សី រួច​យកមក​រក្សាទុក​នៅក្នុង​ផ្ទះ​របស់ខ្លួន​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ក្រុម​៣១ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ​។ 

​ក្រោយពី​បាន​ពិនិត្យ និង​វាយតម្លៃ​យ៉ាង​ល្អិតល្អន់ ក្រុមការងារ​អាច​សនិ្នដ្ឋានបានថា ភាជន៍​ទាំង​២៨៤ ជា​ភាជន៍​បុរាណ​ដែលមាន​អាយុកាល​ក្នុង​ចន្លោះ​ពីស​.​វ​ទី​១៥ ដល់​១៧​នៃ​គ​.​ស​.​។  រីឯ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​បន្ត​និតិ​វិធី​តាម​ផ្លូវច្បាប់​៕

ព័ត៌មានផ្សេងទៀត