លោក​ត្រាំ​​និង​លោក​បាយដិន​​តឹងសរសៃក​​ដាក់គ្នា​​ក្នុង​ការជជែក​​ដេញដោល​​លើក​ទី​១

30-09-2020 5:43 pm 1040

​កម្មវិធី​ជជែក​ដេញដោល​នៃ​បេក្ខជន​ប្រធានាធិបតី​អាមេរិក ដែលមាន​លោក​ដូណាល់ ត្រាំ​មកពី​គណបក្ស​សាធារណរដ្ឋ និង​លោកចូ បាយដិន​តំណាង​ខាង​គណបក្ស​ប្រ​ជា​ធិបតេយ្យ​ចូលរួម បាន​បិទ​បញ្ចប់​ហើយ​ក្រោយ​ចាប់ផ្ដើម​រយៈពេល​៩០​នាទី​កាលពី​ម៉ោង​៩​ដល់​១០​កន្លះ​យប់​ម៉ោង​នៅ​អាមេរិក ត្រូវ​នឹង​ព្រឹក​ថ្ងៃទី​៣០​កញ្ញា​ម៉ោង​នៅ​កម្ពុជា​។ ការជជែក​ដេញដោល​ជុំទីមួយ​នេះ​មាន​ការលើកឡើង​ពី​បញ្ហា​ជាច្រើន ដែល​ធ្វើឲ្យ​បេក្ខជន​ទាំងពី​ររូប​ប៉ះ​សម្ដីរ​ហូត​តឹងសរសៃក​ដាក់គ្នា​។​

​ចាប់ផ្ដើម​ដំបូង​គឺ​ធម្មតា ប៉ុន្ដែ​បន្ដិចក្រោយមក​អ្នក​ទាំងពីរ​ចាប់ផ្ដើម​ដំឡើង​សំឡេង និង​កាត់​សង្វាក់​គ្នា​និយាយ​ទៅវិញទៅមក​។ ការ​ប្រកែក​គ្នា​ខ្លាំង​បំផុត​មួយ​គឺ​នៅពេល​លោក​ត្រាំ​និយាយ​ការពារ​យន្ដការ​របស់​លោក ក្នុង​ការដោះស្រាយ​វិបត្ដិកូ​វីដ​-១៩​។ លោក​ត្រាំ​និយាយថា “​យើង​បាន​បង្កើត​អាវ​ការពារ យើង​បាន​បង្កើត​ម៉ាស់ យើង​បាន​បង្កើត​បំពង់​អុកស៊ីសែន​។ អ្នក​មិនបាន​បង្កើត​បំពង់​អុកស៊ីសែន​ទេ ហើយ​ពេលនេះ​យើង​នៅសល់តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​នឹងមាន​វ៉ាក់សាំង​ការពា​រហើយ​។ យើង​ក៏​បាននិងកំពុង​រិះរក​វី​ធី​សាស្ដ្រ​ព្យាបាល​រួចហើយ​។ មាន​មនុស្ស​តិចតួច​ទេ​ដែល​ស្លាប់​នៅពេល​ពួកគេ​ឈឺ ហើយ​យើង​ពិតជា​បានធ្វើការ​យ៉ាង​ល្អ​”​។​

​ចំណែក​លោក​ត្រាំ​និយាយថា “​លោក​ប្រធានាធិបតី​គ្មាន​គម្រោង​អ្វី​ឡើយ​។ លោក​មិនបាន​ដាក់ចេញ​វិធានការ​អ្វី​ទេ​។ លោក​ដឹងថា​មាន​អ្វី​កើតឡើង​ជាថ្មី​ក្នុង​ខែ​កុម្ភៈ និង​ដឹងថា​វិបត្ដិ​នេះ​ធ្ងន់ធ្ងរ​កម្រិតណា​។ លោក​ដឹងថា​វា​ជា​ជំងឺ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់ សួរថា​តើ​លោក​បានធ្វើ​អ្វីខ្លះ​? លោក​ថា​លោក​មិន​ចង់​ប្រាប់​យើង ឬ​ចេញ​ការព្រមាន​ដល់​ប្រជាជន​ទេ ដោយ​មិន​ចង់ឲ្យ​ប្រជាជន​អាមេរិក​ភិតភ័យ​នឹង​ការឆ្លង​រាតត្បាត​។​”

​ក្រៅពី​បញ្ហា​កូវី​ដ​-១៩ បេក្ខជន​ទាំងពីរ​ក៏​ប៉ះ​សម្ដី​គ្នា​ជុំវិញ​ការរើសអើង​ជាតិ​សាសន៍ និង​អំពើហិង្សា​ដែល​ផ្ទុះឡើង​ថ្មីៗ​នៅ​អាមេរិក​ផងដែរ​។ លោក​បាយដិន​រិះគន់​លោកត្រាំ​ថា​ចាត់វិ​ធានកា​រ​ដោះស្រាយ​ធ្ងន់ធ្ងរ​ពេក និង​ថា​លោក​ត្រាំ​ជា​មនុស្ស​រើសអើង​ជាតិ​សាសន៍​។ 

​លោក​បាយ​ដិនបាន​បន្ដទៀត​ដែរ​ថា “​នេះ​គឺជា​ប្រធានាធិបតី​ដែល​បាន​ប្រើ​គ្រប់យ៉ាង​ដូចជា​ប្រើ​សុន​ខ ដើម្បី​ព្យាយាម​បង្កើត​ការ​ស្អប់​ជាតិ​សាសន៍ ការបែងចែក​ជាតិ​សាសន៍​។ បុរស​ម្នាក់នេះ​ដែល​អ្នក​និយាយថា​បាន​ជួយ​ពលរដ្ឋ​អាមេរិក តាមពិត​មាន​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាហ្វ្រិក​ម្នាក់​ក្នុងចំណោម​១​ពាន់​នាក់ បាន​ស្លាប់​ដោយសារតែ​វីរុស​កូរ៉ូណា​។ ប្រសិនបើ​លោក​មិន​ធ្វើ​អ្វីមួយ​ឲ្យទាន់​ពេល​មុនដាច់​ឆ្នាំ​នេះទេ ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាហ្វ្រិក​ម្នាក់​ក្នុងចំណោម​៥០០​នាក់​នឹង​ត្រូវស្លាប់​។​”

​លោក​ត្រាំ​វិញ​បាន​ឆ្លើយតប​ដូច្នេះ​ថា “​អ្នក​បាន​ធ្វើដំណើរ​ទៅ​កន្លែង​ជាច្រើន មើល​ពីអ្វី​ដែល​បាន​កើតឡើង​នៅ​Oakland នៅ Baltimore តាមពិត​វា​មាន​អំពើហិង្សា​ខ្លាំង​ជាង​អ្វីដែល​ខ្ញុំ​បានឃើញ​នៅទីនេះ​ទៅទៀត​។ ទីក្រុង​ទាំងនេះ​គណបក្ស​ប្រជាធិបតេយ្យ​ជា​អ្នកគ្រប់គ្រង ខ្ញុំ​មិន​ចង់​និយាយ​ដូច​អ្នក​ពី​ច្បាប់​និង​បទបញ្ជា​អី​នោះទេ​។ តើ​អ្នក​ពេញចិត្ដ​នឹង​ច្បាប់​ឬ​បទបញ្ជា​មែន​ទេ​?” លោក​ត្រាំ​ក៏​ការពារ​ខ្លួន​លោក​ជុំវិញ​របាយការណ៍​របស់​កាសែត​New York Times ជុំវិញ​ការបង់ពន្ធ​លើ​ប្រាក់ចំណូល ដែល​ចោទថា​លោក​មិនបាន​បង់ពន្ធ​ជាច្រើន​ឆ្នាំមុន ហើយ​បង់ពន្ធ​តិចតួច​ពេល​កាន់តំណែង​ប្រធានាធិបតី​។ ក្រៅពីនេះ​នៅមាន​ប៉ះទង្គិច​ពី​រឿង​តុលាការ​កំពូល បញ្ហា​សេដ្ឋកិច្ច​ជាដើម​។​

​សូម​ជម្រាបជូន​ថា កម្មវិធី​ជជែក​ដេញដោល​នេះ​នៅសល់​ពីរលើក​ទៀត​មុន​ការបោះឆ្នោត​ប្រធានាធិបតី​ប្រព្រឹត្ដទៅ​នៅ​ថ្ងៃទី​០៣​វិច្ឆិកា​។ លើក​ទី​ពីរ​នឹង​ធ្វើឡើង​នៅ​ម៉ោង​ដូចគ្នា​យប់​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០២០ និង​លើក​ទី​បី​ជា​លើកចុងក្រោយ​នៅ​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០២០ វេលា​ម៉ោង​៨​ដល់​៩​កន្លះ​យប់​ម៉ោង​ក្នុង​តំបន់​៕(​ដោយ​៖​ពេញ ផេង​)

សូម​ទស្សនា​វីដេអូនៃការ​ជជែក​ដេញដោល​ខាងក្រោម៖

ព័ត៌មានផ្សេងទៀត