UN៖​​កូរ៉េខាងជើង​​បើក​ការវាយប្រហារ​​តាម​អ៊ី​ន​ធឺ​ណេត​​លើ​មន្ដ្រី​​ក្រុមប្រឹក្សា​សន្ដិសុខ​

30-09-2020 5:37 pm 9208

​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​បាន​បញ្ជាក់ថា ប្រទេស​កូរ៉េខាងជើង​បាន​បើក​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត ទៅលើ​មន្ដ្រី​នៃ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​ការដាក់ទណ្ឌកម្ម​ទៅលើ​កូរ៉េខាងជើង​។ របាយការណ៍​របស់​អ្នកជំនាញ​នៃ​ក្រុមប្រឹក្សា​បាន​បញ្ជាក់ថា យ៉ាងហោចណាស់​មាន​មន្ដ្រី​១១​រូប មកពី​ប្រទេស​៦​ជា​សមាជិក​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ក្លាយជា​គោលដៅ​នៃ​ក្រុម​វាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត​របស់​កូរ៉េខាងជើង​ក្នុង​ឆ្នាំនេះ​។​

​របាយការណ៍​បន្ថែមថា មន្ដ្រី​ទាំងនោះ​ទទួលបាន​អ៊ី​ម៉ែ​ល​ជាមួយនឹង​ការជូន​ចំណឹង​ពី​បញ្ហា​សុវត្ថិភាព​ក្លែងក្លាយ ដោយ​ណែនាំ​ឲ្យ​ពួកគេ​ចុច​លើ​ដំណ​ភ្ជាប់ ទៅលើ​អ្វីដែល​គេ​ស្គាល់​ថា​មានបំណង​មិនល្អ​ឬ​ជា​ការវាយប្រហារ​។ សារ​ស្រដៀង​គ្នា​នេះ​ត្រូវបាន​ផ្ញើ​ទៅកាន់​គណនី​WhatsApp​នៃ​មន្ដ្រី​ទាំងនោះ​ផងដែរ​។ 

​ដកស្រង់​ព័ត៌មាន​ចេញពី​សមាជិក​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ របាយការណ៍​បានឲ្យដឹងថា ការវាយប្រហារ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុម​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ការិយាល័យ​ស៊ើបអង្កេត​ទូទៅ​របស់​កូរ៉េខាងជើង​។ សកម្មភាព​វាយប្រហារ​ទៅលើ​ក្រុមប្រឹក្សា​និង​អ្នកជំនាញ​នេះ​ទៀតសោត ជា​ឧបាយកល​ដោះខ្លួន​ពី​ការដាក់ទណ្ឌកម្ម ដោយ​រំពឹង​យ៉ាងខ្លាំង​ថា​វា​អាច​រំខាន​ដល់​អង្គការសហប្រជាជាតិ​។​

​គួររម្លឹកថា ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ បាន​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ជុំវិញ​សកម្មភាព​អភិវឌ្ឍ​កម្មវិធី​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​។ អង្គការសហប្រជាជាតិ​បាន​ជំរុញ​ឲ្យ​កូរ៉េខាងជើង​បោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែ​រ ដោយសារ​បង្ក​ការគំរាមកំហែង​ដល់​សន្ដិសុខ​ក្នុង​តំបន់​និង​សន្ដិសុខ​ពិភពលោក ប៉ុន្ដែ​កូរ៉េខាងជើង​មិន​ព្រមធ្វើ​តាម​ការស្នើសុំ ហើយ​ជា​ញយ​ដង​បន្ដ​ធ្វើតេស្ដ​មី​ស៊ី​ល​រំលោភ​លើ​ការហាមឃាត់​។ កិច្ចព្រមព្រៀង​ស្ដីពី​ការរំលាយ​កម្មវិធី​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​កាលពី​ឆ្នាំ​២០១៨​ក៏ត្រូវ​ជាប់គាំង ដោយសារ​ខ្វែងគំនិត​លើ​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត