​លោក​ផៃ ស៊ី​ផាន​៖​​របាយការណ៍​របស់​អគ្គ​លេ​ខាធិការ​UN​មិន​ឆ្លុះបញ្ចាំង​ការពិត​ពី​កម្ពុជា​​

30-09-2020 4:47 pm 529

​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​របាយការណ៍​ដែល​នឹង​លើកឡើង​ដោយ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ការ​សងសឹក និង​ការបំភិតបំភ័យ​នៅ​កម្ពុជា ដែល​ធ្វើឡើង​ដោយ​មន្ត្រី​សន្តិសុខ ប្រឆាំងនឹង​អ្នកចូលរួម​ធ្វើ​ការងារ​ជាមួយ​អង្គការសហប្រជាជាតិ ឬ​តំណាង​របស់ខ្លួន ទៅធ្វើជា​ឧទាហរណ៍ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ មិនបាន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា​ឡើយ​។

​លោក​អាន់​តូ​នីញ៉ូ ហ្គូ​តេ​រ៉េស (Antonio Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ នឹងធ្វើ​បទ​បង្ហាញ​ពី​របាយការណ៍​ប្រចាំឆ្នាំ​របស់លោក ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​តាម​បណ្តា​ប្រទេស​នានា រួមទាំង​កម្ពុជា​ផងដែរ ទៅកាន់​កិច្ចប្រជុំ​លើក​ទី​៤៥​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​៣០ កញ្ញា ឆ្នាំ​២០២០​។ 

​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា (OHCHR) បាន​ស្រង់​របាយការណ៍​របស់​លោក ហ្គូ​តេ​រ៉េស ទៅ​បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុក​ថា លោក ហ្គូ​តេ​រ៉េស នឹង​លើក​ពី​ការ​សងសឹក និង​ការបំភិតបំភ័យ​នៅ​កម្ពុជា ដែល​ធ្វើឡើង​ដោយ​មន្ត្រី​សន្តិសុខ ប្រឆាំងនឹង​អ្នកចូលរួម​ធ្វើ​ការងារ​ជាមួយ​អង្គការសហប្រជាជាតិ ឬ​តំណាង​របស់ខ្លួន ទៅធ្វើជា​ឧទាហរណ៍ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​។​

​នៅក្នុង​របាយការណ៍​របស់​លោក ហ្គូ​តេ​រ៉េស ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ការិយាល័​យឧត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​តំណាង​អង្គការ​សង្គម​ស៊ីវិល​ខ្លះ មិន​ហ៊ាន​បង្ហាញ​អត្តសញ្ញាណ​ទៅ​ក្រសួងមហាផ្ទៃ ថា​ពួកគេ​ធ្វើ​ការងារ​ជាមួយ​អង្គការសហប្រជាជាតិ​ឡើយ ដោយសារតែ​ពួកគេ បារម្ភ​ពី​ការ​សងសឹក​។ ជនរងគ្រោះ​មួយចំនួនទៀត​ដែល​ជាប់ឃុំ​មិន​ហ៊ាន​ទទួល​ជំនួយ​ពី​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការ​សហ​ប្រជាតិ ហើយក៏​មិន​ហ៊ាន​រាយការណ៍​ពី​ករណី​របស់​ពួកគេ ទៅកាន់​តំណាង​អង្គការសហប្រជាជាតិ​ដែរ​»​។​

​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​របាយការណ៍​ដែល​លើកឡើង​ដោយ​លោក អាន់​តូ​នីញ៉ូ ហ្គូ​តេ​រ៉េស មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា​ឡើយ ដោយ​លោក​លើកឡើងថា បើ​យោងតាម​របាយការណ៍​បែប​នឹង កម្ពុជា​មិនអាច​រស់រានមានជីវិត​ឡើយ​។ លោក​បាន​បញ្ជាក់ថា អ្វីដែល​ជា​ការពិត​ដែល​កម្ពុជា​មាន គឺ​យើង​មាន​ភាព​សុខខ្សេមខ្សាន្ត ហើយ​គ្មានអ្វី​សំខាន់​ជាង​ការពារ​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​នោះទេ​………

​សំឡេង​៖

​សូមបញ្ជាក់ថា អ្នកស្រី​រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី​នឹង​បង្ហាញ​របាយការណ៍​របស់ខ្លួន​ស្តីពី​ស្ថានភាព​សិទ្ធិមនុ​ស្ស​នៅ​កម្ពុជា ក្នុង​សម័យប្រជុំ​លើក​ទី ៤៥ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅ​ថ្ងៃ ទី​០១ ខែតុលា ឆ្នាំ​២០២០​។ អ្នកស្រី​បន្តថា របាយការណ៍​របស់​អ្នកស្រី និយាយ​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ព្រមទាំង​សេរីភាព​ក្នុង​ការបញ្ចេញមតិ ការបង្កើត​សមាគម និង​ការជួបជុំ​ដោយ​សន្តិវិធី និង​ផលប៉ះពាល់​នៃ​ជំងឺ​កូវី​ដ​-១៩ និង​សិទ្ធិមនុស្ស​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​ទំព័រ​ហ្វេ​សប៊ុក​របស់​អ្នកស្រី​៕

ព័ត៌មានផ្សេងទៀត