ផឹកទឹកក្តៅឧណ្ឌៗមួយកែវរាល់ព្រឹកជួយសម្អាតជាតិពុលនឹងពន្យារភាពចាស់

30-09-2020 4:29 pm 262
  ស្តាប់
ស្តាប់ជាសំឡេង

ទឹកពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជួយទ្រទ្រង់រាងកាយ។ ការញុំាទឹកឲ្យបានត្រឹមត្រូវនឹងគ្រប់គ្រាន់ ធ្វើឲ្យរាងកាយមានសុខភាពល្អ ថែមទាំងជួយលើកសម្រស់អ្នកឲ្យកាន់តែស្រស់ស្អាត ក្មេងជាងវ័យទៀតផង ពិសេសគឺការញុំាទឹកក្ដៅឧណ្ឌៗ ក្រោយពេលភ្ញាក់ពីគេង។ ការទទួលទានទឹកក្តៅឧណ្ឌៗមួយកែវជារៀងរាល់ថ្ងៃ ជាពិសេសពេលភ្ញាក់ពីគេង ពិតជាអាចជួយបំពេញជាតិទឹកដែលរាងកាយបានប្រើប្រាស់ពេញមួយយប់ឲ្យបានប្រសើរឡើង ជួយសម្រួលចរាចរឈាម និងបញ្ចេញជាតិពុលចេញពីរាងកាយ។ យោងតាមគេហទំព័របរទេសជាច្រើន បានបង្ហាញថា ការទទួលទានទឹកក្តៅឧណ្ឌៗពេលភ្ញាក់ពីគេង ពោះនៅទទេ ក៏អាចជួយលុបបំបាត់ជាតិពុលដែលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ ជួយសម្អាតច្រមុះ និងបំពង់ក។ 

ទឹកក្តៅឧណ្ឌៗក៏អាចជួយសម្អាត និងសម្រាល ដល់អាការៈនៃការតឹងច្រមុះ ដោយសារតែជម្ងឺផ្តាសាយ អាលែហ្សី ឬគ្រុនផ្តាសាយ ជួយបន្ថយនូវការប្រមូលផ្តុំឡើងនៃស្លេស្ម នៅក្នុងរន្ធច្រមុះ ថែមទាំងអាចជួយការពារពីជំងឺផ្សេងៗបានជាច្រើនថែមទៀត។ លើសពីនេះ ការទទួលទានទឹកក្ដៅឧណ្ឌៗមួយកែវជារៀងរាល់ថ្ងៃពេលភ្ញាក់ពីគេង ក៏បានផ្ដល់នូវអត្ថប្រយោជន៍ ដល់សុខភាព និងផ្នែកសម្រស់ជាច្រើនទៀតដូចជា៖

១. ធ្វើឲ្យការរំលាយអាហារកាន់តែប្រសើរឡើង៖ការទទួលទានទឹកក្តៅនៅពេលព្រឹក អាចជំរុញដល់ការរំលាយអាហារនៅក្នុងក្រពះបាន ដូច្នេះអ្នកគួរតែជំនួសទឹកត្រជាក់ ដោយជ្រើសរើសផឹកទឹកក្តៅវិញ។

២. ជួយបំបាត់ការឈឺចាប់៖ទឹកក្តៅឧណ្ឌៗ ប្រៀបដូចជាឱសថធម្មជាតិសម្រាប់បំបាត់អាការ:ឈឺក្បាល ឈឺពោះបានយ៉ាងមានប្រសិទ្ធភាព ជាពិសេសពេលស្ត្រីមករដូវ។ ជួយបាន ព្រោះតែសីតុណ្ហភាពទឹកក្តៅ អាចជួយឲ្យសាច់ដុំមានពេលសម្រាក និងកាត់បន្ថយការឈឺចាប់។ យោងតាមការសិក្សាមួយចំនួន ទឹកក្តៅអាចព្យាបាលគ្រប់ប្រភេទនៃការឈឺចាប់ ព្រោះវាអាចបង្កើនចលនាឈាមរត់ និងសម្រួលដល់សាច់ដុំ។

៣. ជួយការពារការទល់លាមក៖អាហារជាច្រើនលំបាកក្នុងការរំលាយ ធ្វើឲ្យពោះវៀនមានសកម្មភាពយឺតយ៉ាវក្នុងការបញ្ចេញចោល។ ស្ថានភាពនេះ ត្រូវបានគេហៅថា ជាការទល់លាមក ដែលវាអាចបណ្តោលមកពីការលំបាកបណ្តេញជាតិពុលពីរាងកាយ, ឈឺពោះ ឬមិនស្រួលខ្លួន។ ដូចច្នេះ ដើម្បីជៀសផុតពីបញ្ហានេះ អ្នកគួរតែផឹកទឹកក្តៅមួយកែវនៅពេលព្រឹកព្រលឹមក្នុងពេលពោះទទេ វានឹងអាចជួយឲ្យសរីរាង្គក្នុងរាងកាយអ្នកបានល្អប្រសើរឡើងវិញ។

៤. ជួយសម្អាតជាតិពុល៖បើសិនជាអ្នកទទួលទានទឹកក្តៅមួយកែវពេលពោះទទេរាល់ព្រឹក វាអាចជួយលាងសម្អាតជាតិពុលចេញពីរាងកាយ ជួយបន្សុតឈាម នឹងជួយឲ្យប្រសើរឡើងនូវចលនាឈាមរត់។

៥. ជួយពន្យារភាពចាស់៖ក្រៅពីផ្ដល់អត្ថប្រយោជន៍ជាច្រើនខាងលើ ការផឹកទឹកក្តៅឧណ្ឌៗរៀងរាល់ពេលព្រឹក ក៏អាចជួយពន្យាភាពចាស់មុនអាយុរបស់អ្នកបានផងដែរ ដូចជាធ្វើឲ្យស្បែកទាំងមុខនិងដងខ្លួន មានភាពតឹងរលោងណែន ម៉ត់ខៃ ទាំងបុរសនិងស្រី។

៦. ជួយសម្រកទម្ងន់៖ ញុំាទឹកក្តៅនៅពេលពោះទទេ ជាវិធីសម្រកទម្ងន់ដ៏ល្អបំផុតសម្រាប់អ្នក មិនថាជាមនុស្សចាស់ ឬក្មេងឡើយ។ ទឹកក្តៅជួយបង្កើនសីតុណ្ហភាព និងរំញោចដល់សកម្មភាពរាងកាយ ជួយដុតបំផ្លាញជាតិខ្លាញ់យ៉ាងច្រើន។ ដើម្បីទទួលបានប្រសិទ្ធិភាពកាន់តែខ្លាំង អ្នកគួរតែទទួលទានទឹកក្តៅឧណ្ឌៗលាយជាមួយនឹងក្រូចឆ្មាពីរបីចំណិត វានឹងកាន់តែល្អថែមទៀត៕ 

 ពាក្យគន្លឹះ  សុខភាពទឹកក្ដៅឧណ្ឌៗ

ព័ត៌មានផ្សេងទៀត