​លោក​ជិន ម៉ា​លីន​​ឆ្លើយតប​ក្រុម​ការពារ​​សិទ្ធិមនុស្ស​រឿង​រិះគន់​ការអនុវត្ត​ច្បាប់​​

30-09-2020 2:55 pm 180

​ក្រុម​ការពារ​សិទ្ធិមនុស្ស​ចំនួន​៤ រកឃើញថា យុទ្ធសាស្ត្រ​បណ្ដឹង​តាម​ប្រព័ន្ធតុលាការ ត្រូវបាន​រដ្ឋាភិបាល និង​បុគ្គល​មានអំណាច​យក​មកប្រើប្រាស់ ដើម្បី​បំបាត់​សំឡេង​ក្រុម​អ្នក​រិះគន់ និង​បំបាក់ទឹកចិត្ត​ក្រុម​អ្នកអនុវត្ត​សិទ្ធិសេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​។ តែ​សម្រាប់​លោក​ជិន ម៉ា​លីន វិញ ការប្រើប្រាស់​បណ្ដឹង​តាមផ្លូវ​តុលាការ គឺជា​វិធានការ​ត្រឹមត្រូវ និង​ជា​វិធានការ​ច្បាប់ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស មិនមែន​ជាការ​រឹតត្បិត​សិទ្ធិសេរីភាព​ទេ​។

​ក្រុម​ការពារ​សិទ្ធិមនុស្ស​ចំនួន​៤ រកឃើញថា យុទ្ធសាស្ត្រ​បណ្ដឹង​តាម​ប្រព័ន្ធតុលាការ ត្រូវបាន​រដ្ឋាភិបាល និង​បុគ្គល​មានអំណាច​យក​មកប្រើប្រាស់ ដើម្បី​បំបាត់​សំឡេង​ក្រុម​អ្នក​រិះគន់ និង​បំបាក់ទឹកចិត្ត​ក្រុម​អ្នកអនុវត្ត​សិទ្ធិសេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​។ លទ្ធផល​នៃ​ការរកឃើញ​នេះ ត្រូវបាន​បង្ហាញ​នៅក្នុង​សលាក​ប័ត្រ​ព័ត៌មាន​ចំនួន​៥​ទំព័រ ដែល​ចេញ​នៅ​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២០ ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក មជ្ឈមណ្ឌល​សាមគ្គីភាព និង​មជ្ឈមណ្ឌល​អន្តរជាតិ​ដើម្បី​ច្បាប់​ដោយ​មិន​យក​កម្រៃ​។​

​លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និង​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​បញ្ជាក់ថា ការប្រើប្រាស់​បណ្ដឹង​តាមផ្លូវ​តុលាការ គឺជា​វិធានការ​ត្រឹមត្រូវ​នៅ​ក្នុងប្រទេស​ប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ​។ លោក​ជិន ម៉ា​លីន បាន​គូសបញ្ជាក់ថា ការប្រើប្រាស់​យន្តការ​តុលាការ គឺជា​វិធានការ​ច្បាប់ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស មិនមែន​ជាការ​រឹតត្បិត​សិទ្ធិសេរីភាព​នោះទេ​……….

​សំឡេង​៖

យ៉ាងណា​បើតាម​ក្រុម​ការពារ​សិទ្ធិមនុស្ស​និយាយថា​៖ «​យុទ្ធសាស្ត្រ​បណ្ដឹង​ផ្លូវ​ប្រឆាំងនឹង​ចូលរួមរ​បស់​ជា​សាធារណៈ គឺជា​បណ្ដឹង​ដែល​ធ្វើឡើង​មាន​ចេតនា ដើម្បី​យក​មកប្រើប្រាស់​បំបាក់​ទឹកចិត្ត ការបំភិតបំភ័យ ការរំខាន ការបង្អាក់ ឬ​ការ​បង្ហោច​ទ្រព្យ​ជនជាប់ចោទ ការ​បំបិទ​សំឡេង​ប្រឆាំង ការរិះគន់​ឬ​ការមិនយល់ស្រប​របស់​ពួកគេ​»​។​

​ក្រុម​ការពារ​សិទ្ធិមនុស្ស​ទាំងនេះ បាន​កត់ត្រា​នូវ​បណ្ដឹង​ផ្លូវច្បាប់​ចំនួន ១៣២​ករណី ដែល​ប្ដឹង​ប្រឆាំងនឹង​មនុស្ស​ដល់​ទៅ ៣៧៩​រូប នៅ​ចន្លោះ​ខែ​មេសា ឆ្នាំមុន រហូតដល់​ចុង​ខែមីនា ក្នុង​ឆ្នាំ​២០២០​នេះ​។ ក្រុម​សិទ្ធិមនុស្ស​បាន​កត់ត្រា​លម្អិត​ទៀតថា បណ្ដឹង​ដល់​ទៅ ១១៤​ករណី ត្រូវបាន​ប្ដឹង​ដោយ​រដ្ឋាភិបាល ឬ​តុលាការ ហើយ​បណ្ដឹង ១៨​ករណី​ទៀត ត្រូវបាន​ប្ដឹង​ដោយ​ភាគី​ទី​៣​។ ក្រុម​ការពារ​សិទ្ធិមនុស្ស បានលើកឡើង​បន្ថែមទៀតថា ការប្រើប្រាស់​បណ្ដឹង​ផ្លូវច្បាប់​នេះ ត្រូវបាន​យកទៅ​ប្រើប្រាស់​ធ្វើជា​យុទ្ធសាស្ត្រ​មួយ ដើម្បី​បំភិតបំភ័យ​បុគ្គល​នានា មន្ត្រី​សង្គម​ស៊ីវិល សហគមន៍ អ្នកសារព័ត៌មាន និង​អ្នកការពារ​សិទ្ធិមនុស្ស​ឲ្យ​ភ័យខ្លាច និង​ស្ងៀមស្ងាត់​។​

យោងតាម​របាយការណ៍​ស​ន្ទ​ស្សន៍​នីតិរដ្ឋ​ដែល​ចេញ​ដោយ​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project)​កាលពី​ខែមីនា ឆ្នាំ​២០២០​នេះ បាន​វាយតម្លៃថា ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា មាន​កម្រិត​ទាប​បំផុត​នៅ​ក្នុងចំណោម​ប្រទេស និង​ដែនដី​សរុប ១២៨ ពោលគឺ​កម្ពុជា​ល្អ​ជាង​ប្រទេស​វេ​ណេ​ហ្សុយ​អេ​ឡា​តែមួយ​ប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត