កូរ៉េខាងត្បូងនិងកូរ៉េខាងជើងថ្មីៗនេះមានបញ្ហាមួយទៀតជាមួយគ្នា នោះគឺទាហានកូរ៉េខាងជើងបានបាញ់សម្លាប់មន្ដ្រីកូរ៉េខាងត្បូងម្នាក់នៅតំបន់ព្រំដែនទឹក។ ប៉ុន្ដែក្រោយផ្ទុះករណីនេះ លោកគីម ជុងអ៊ុនបានចេញមុខសុំទោសជាសាធារណៈ ដែលនេះជាករណីកម្របំផុត។ កន្លងមកកូរ៉េទាំងពីរបានផ្ទុះកំហឹងដាក់គ្នារាប់មិនអស់ ហើយក៏មានសកម្មភាពបង្កហេតុពីកូរ៉េខាងជើងដែរ ប៉ុន្ដែលោកគីម ជុងអ៊ុនមិនចេញមុខសុំទោសដាច់ខាត។ ការសុំទោសរបស់លោកគីមបែបនេះ ជារឿងល្អទេសម្រាប់កូរ៉េខាងជើង? ហេតុអ្វីទើបលោកគីមចេញមុខសុំទោសនៅពេលនេះ?
កាលពីសប្ដាហ៍មុនកូរ៉េខាងជើងបានបាញ់សម្លាប់មន្ដ្រីជលផលកូរ៉េខាងត្បូងម្នាក់ ដែលហេតុការណ៍នេះកើតឡើងនៅតំបន់ព្រំដែនទឹក។ កូរ៉េខាងត្បូងបញ្ជាក់ថា បុរសរងគ្រោះអាយុ៤៧ឆ្នាំជាមន្ដ្រីនៃនាយកដ្ឋានជលផល ស្ថិតនៅលើទូកចម្ងាយប្រមាណ១០គីឡូម៉ែត្រពីព្រំដែនកូរ៉េខាងជើង ក្បែរកោះយ៉ុនព្យុង(Yeonpyeong) កំពុងបំពេញការងារ។ បន្ទាប់មកបុរសរូបនោះបានបាត់ខ្លួន ដោយគេប្រទះឃើញតែស្បែកជើងរបស់លោកនៅលើទូកល្បាត។ គេសន្និដ្ឋានថា ស្បែកជើងនេះបន្សល់ទុកខណៈដែលបុរសរងគ្រោះព្យាយាមរត់គេចពីការបាញ់សម្លាប់។ តាមការអះអាងពីកូរ៉េខាងត្បូង ក្រោយបាញ់សម្លាប់ទាហានកូរ៉េខាងជើងបានដុតសាកសពចោលតែម្ដង ប៉ុន្ដែកូរ៉េខាងជើងថាមិនបានធ្វើដូច្នេះឡើយ។ ករណីនេះនៅតែជាភាពចម្រូងចម្រាសរវាងកូរ៉េទាំងពីរ ហើយប្រតិបត្ដិការស្វែងរកសាកសពក៏នៅបន្ដធ្វើនៅឡើយ។
ចន្លោះពេលមានការយល់ឃើញផ្សេងគ្នា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនបានចេញលិខិតសំទោសកូរ៉េខាងត្បូងដោយផ្ទាល់ ដែលនេះជាករណីកម្របំផុត។ លោកគីមបញ្ជាក់ថា ឧប្បត្ដិហេតុនេះមិនគួរកើតឡើងទេ ហើយលោកមានអារម្មណ៍សោកស្ដាយជាខ្លាំង។ លោកគីម ជុងអ៊ុនទទួលស្គាល់កូរ៉េខាងជើងពិតជាបានបាញ់ប្រហារទៅលើមន្ដ្រីកូរ៉េខាងត្បូង ប៉ុន្ដែមិនបានដុតសាកសពចោលដូចការសន្និដ្ឋានទេ។ អំឡុងពេលកើតហេតុយោធាកូរ៉េខាងជើងមិនបានស្គាល់អត្ដសញ្ញាណបុរសរងគ្រោះឡើយ ដឹងត្រឹមថារូបគេបានចូលក្នុងដែនទឹកកូរ៉េខាងជើងរួចក៏ព្យាយាមរត់គេច ប៉ុន្ដែត្រូវកងទ័ពកូរ៉េខាងជើងបាញ់ជាង១០គ្រាប់។ លោកនៅតែអះអាងថាមិនបានដុតសាកសពបុរសរូបនោះចោល គឺដុតតែសម្ភារៈការពារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ កូរ៉េខាងជើងក៏បានប្រគល់លទ្ធផលនៃការស៊ើបអង្កេតលើឧប្បត្ដិហេតុនេះឲ្យទៅភាគីកូរ៉េខាងត្បូងផងដែរ ខណៈកូរ៉េខាងត្បូងជំរុញឲ្យកូរ៉េខាងជើងស៊ើបអង្កេតបន្ថែម។
ការសុំទោសជាសាធារណៈទៅកាន់កូរ៉េខាងត្បូងពីសំណាក់លោកគីម ជុងអ៊ុន គឺជារឿងមួយដែលមិនធ្លាប់កើតមានទេ ទោះបីកន្លងមកផ្ទុះភាពតានតឹងនឹងគ្នាខ្លាំងយ៉ាងណាក៏ដោយ។ ជារួមសម្រាប់កូរ៉េខាងជើងមានម្ដងដែរដែលចង់សុំទោស គឺក្នុងអំឡុងឆ្នាំ២០០៨នៅពេលមានការបាញ់សម្លាប់អ្នកទេសចរម្នាក់នៅលើភ្នំគុមកាងក្នុងប្រទេសកូរ៉េខាងជើង។ ក្នុងឆ្នាំ២០១០មានការបង្កហេតុពីកូរ៉េខាងជើង រហូតឈានដល់ការប្រកាសចង់ធ្វើសង្គ្រាម។ ក៏មានឧប្បត្ដិហេតុរវាងទាហានកូរ៉េខាងជើងនិងអាមេរិកឈរជើងនៅកូរ៉េខាងត្បូងផងដែរ។ នៅឆ្នាំ២០១៥ ទាហានកូរ៉េខាងត្បូងពីរនាក់បានពិការដោយសារគ្រាប់មីន ដែលទាហានកូរ៉េខាងជើងដាក់នៅក្នុងតំបន់គ្មានយោធា។ ប៉ុន្ដែហេតុការណ៍កើតឡើងទាំងអប្បាលម៉ាន ពុំមានការសុំទោសណាមួយពីកូរ៉េខាងជើងឡើយ។
ដូច្នេះតើហេតុអ្វីបានជាលោកគីម ជុងអ៊ុនចេញមុខសុំទោសនៅពេលនេះ? តើវាជាសញ្ញាល្អទេ?
ជាការពិតណាស់ឥរិយាបថរបស់លោកគីម ជុងអ៊ុនពេលនេះជារឿងកាន់តែល្អប្រសើរ។ នោះគឺជាកាយវិការទន់ភ្លន់យល់ពីកាលៈទេសៈជាមួយកូរ៉េខាងត្បូង។ វានឹងរឹងរឹតតែល្អប្រសើរបើលោកគីមព្រមបន្ទន់ឥរិយាបថជុំវិញកម្មវិធីនុយក្លេអ៊ែរ គឺថយក្រោយមួយជំហានឈានទៅអនុវត្ដតាមកិច្ចព្រមព្រៀងជាមួយអាមេរិក ដើម្បីដោះដូរនឹងទណ្ឌកម្មសេដ្ឋកិច្ច។ លោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិកធ្លាប់ប្ដេជ្ញាថា ប្រសិនកូរ៉េខាងជើងព្រមបោះបង់កម្មវិធីនុយក្លេអ៊ែរ លោកនឹងជួយឲ្យកូរ៉េខាងជើងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន។ ប៉ុន្ដែជារួមដំណើរការរំលាយនុយក្លេអ៊ែរត្រូវជាប់គាំង ដោយសារតែគ្មានការយោគយល់និងការបន្ទន់ឥរិយាបថដាក់គ្នា។ បើលោកគីម ជុងអ៊ុនទម្លាក់ជំហរដាច់ខាតតែបន្ដិចដូចធ្វើជាមួយកូរ៉េខាងត្បូងក្នុងកាលៈទេសៈនេះ កូរ៉េខាងជើងក៏មិនប្រឈមសម្ពាធកាន់តែខ្លាំងពីអាមេរិកនិងអង្គការសហប្រជាជាតិដែរ។
ចំពោះហេតុផលដែលលោកគីមសុំទោសកូរ៉េខាងត្បូង ទោះបីជាមានមតិខ្លះថាធ្វើឡើងដោយគ្មានចិត្ដស្មោះ ប៉ុន្ដែក៏ជាឥរិយាបថចៀសវាងភាពតានតឹងជាមួយកូរ៉េខាងត្បូង។ រដ្ឋាភិបាលកូរ៉េខាងត្បូងមុនៗភាគច្រើន ប្រកាន់គោលជំហរធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង ដោយឡែកតែរដ្ឋាភិបាលស្ថិតក្រោមការដឹកនាំរបស់លោកមូន ជែអ៊ីនបច្ចុប្បន្នមិនធ្វើដូច្នេះឡើយ។ លោកមូនតែងតែស្វែងរកកិច្ចសហការជាមួយគ្នា និងមានបំណងចង់បានការសម្បទានទៅវិញទៅមក។
ម្យ៉ាងវិញទៀតលោកគីម ជុងអ៊ុនចេញមុខសុំទោសនៅពេលនេះ ក៏ទំនងជាចង់ឲ្យក្រុមអ្នកនយោបាយមាននិន្នាការគាំទ្រកូរ៉េខាងជើងក្នុងប្រទេសកូរ៉េខាងត្បូង អាចបន្ដសកម្មភាពរបស់ពួកគេគាំទ្រកូរ៉េខាងជើង។ ជាក់ស្ដែងក្រុមឆ្វេងនិយមកូរ៉េខាងត្បូងធ្លាប់បាននិយាយថា កូរ៉េខាងជើងមិនអាក្រក់ដូចជាការគិតឡើយ ហើយកូរ៉េខាងត្បូងនិងកូរ៉េខាងជើងមានអត្ដសញ្ញាណដូចគ្នា ដែលគួរតែអាចបង្រួបបង្រួមគ្នាបាន។ តែសម្រាប់ក្រុមស្ដាំនិយមវិញគិតផ្ទុយពីនេះ រីឯក្រុមអ្នកអភិរក្សនិយមបានរិះគន់លោកមូន ជែអ៊ីន ចំពោះភាពយោគយល់ខ្លាំងពេកជាមួយកូរ៉េខាងជើង និងថាលោកមូនជាកូនអុករបស់កូរ៉េខាងជើងថែមទៀតផង។
មែនទែនទៅរដ្ឋាភិបាលលោកមូនមានជម្រើសក្នុងកាត់បន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង ដោយអាចព្យាយាមបញ្ជាក់ទៅកូរ៉េខាងជើងថា អំពើហិង្សាដែលគេធ្វើកន្លងមកនៅតាមព្រំដែន ជាពិសេសសកម្មភាពប្រឆាំងនឹងប្រជាជន ជារឿងមិនអាចទទួលយកបាន។ កូរ៉េខាងត្បូងអាចទាញយកហេតុផលថា នៅពេលមានពលរដ្ឋកូរ៉េខាងជើងរត់គេចខ្លួនទៅកូរ៉េខាងត្បូង ឬក៏អ្នកនេសាទបំពានចូលដែនសមុទ្រកូរ៉េខាងត្បូង កូរ៉េខាងត្បូងមិនដែលធ្វើដូចកូរ៉េខាងជើងទេ។ ការធ្វេសប្រហែសរបស់កូរ៉េខាងជើងទំនងជាហេតុផលធ្វើឲ្យទាហានកូរ៉េខាងជើងជ្រុលដៃ ប៉ុន្ដែនោះមិនមែនជាការដោះសារពិតប្រាកដឡើយ។ ច្បាប់សម្រាប់អនុវត្ដនៅសមុទ្រលឿង ត្រូវតែសម្រួលឲ្យរឹតតែស្រួលអនុវត្ដជាងនេះ ដោយពុំចាំបាច់មានការពាក់ព័ន្ធពីភាគីអន្ដរជាតិទេ តួយ៉ាងមានអាមេរិកនិងអង្គការសហប្រជាជាតិជាដើម ប៉ុន្ដែអាចដោះស្រាយរវាងកូរ៉េទាំងពីរ។ លោកមូននិងគីមគួរតែចរចាគ្នាដោយផ្ទាល់ ដែលនោះអាចជាការប្ដេជ្ញាចិត្ដដ៏ល្អបំផុតរបស់ទីក្រុងព្យុងយ៉ាងក្នុងការកាត់បន្ថយការប្រឈមមុខដាក់គ្នា៕(ដោយ៖ពេញ ផេង)