អង្គការ​សិទ្ធមនុស្ស​ដ៏​ល្បី​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌា​ត្រូវ​បញ្ឈប់​ប្រតិបត្តិការ​

29-09-2020 5:39 pm 8321

​អង្គការ​សិទ្ធិ​មនុស្ស​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌា​ឈ្មោះថា អង្គការ​Amnesty International ត្រូវ​បាន​រដ្ឋាភិបាល​បញ្ឈប់​ប្រតិបត្តិការ​ទាំងស្រុង​នៅក្នុង​ប្រទេស​នេះ​។ អង្គការ​Amnesty International និយាយថា គណនី​ធនាគារ​របស់​ខ្លួន​ត្រូវ​បាន​រដ្ឋាភិបាល​ឥណ្ឌា​បង្ក​ក និង​ថែម​ទាំង​បាន​បង្ខំ​ឱ្យ​បញ្ឈប់​បុគ្គលិក និង​រាល់​យុទ្ធនាការ​ឬ​ការងារ​ស្រាវជ្រាវ​របស់​អង្គការ​នេះ​។ តែ​យ៉ាងណា ជុំវិញ​បញ្ហា​នេះ​ខាង​ភាគី​រដ្ឋាភិបាល​ឥណ្ឌា​ពុំ​បាន​ធ្វើ​ការបកស្រាយ​ឡើយ​។​

​បើ​តាម​លោក​Rajat Khosla ប្រធាន​ផ្នែក​ស្រាវជ្រាវ​ការតស៊ូ​មតិ និង​គោលនយោបាយ​របស់​អង្គការ​Amnesty InternatioanL បាន​និយាយថា​BBC​ថា យើង​កំពុង​ប្រឈមមុខ​នឹង​ស្ថានភាព​មិន​ធ្លាប់​មាន​ពីមុន​មក​នៅក្នុង​ប្រទេស​ឥណ្ឌា​។ ជាក់ស្ដែង​យើង​កំពុង​រង​នូវ​ការព្យាយាម​វាយប្រហារ និង​ការយាយី​ពី​សំណាក់​រដ្ឋាភិបាល​ក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ​។ លោក​ឲ្យដឹង​បន្ត​ថា ទាំងអស់នេះ​គឺ​ស្ថិតនៅ​លើ​ការងារ​សិទ្ធិមនុស្ស​ដែល​យើង​កំពុង​ធ្វើ ហើយ​រដ្ឋាភិបាល​មិន​ចង់​ឆ្លើយ​សំណួរ​ដែល​យើង​បាន​ចោទសួរ​។ ការ​ចោទសួរ​របស់​យើង​ទៀត​សោត​ទាក់ទង​នឹង​ការស៊ើបអង្កេត​របស់​យើង​ទៅលើ ករណី​កុបកម្ម​ក្នុង​ទីក្រុង​ដេលី និង​ការបិទបាំង​បញ្ហា​នៅក្នុង​ទីក្រុង​Jammu និង Kashmir​ជាដើម​។​

​យោងតាម​របាយការណ៍​ដែល​បាន​ចេញផ្សាយ​កាលពី​ខែ​សីហា អង្គការ​សិទ្ធិមនុស្ស​នេះ​បាន​និយាយថា ប៉ូលីស​នៅក្នុង​ទីក្រុង​ដេលី បាន​ប្រព្រឹត្តិ​ដោយ​រំលោភ​សិទ្ធិមនុស្ស​ក្នុងអំឡុងពេល​បង្ក្រាប ក្នុង​ចលនា​បះបោរ​សាសនា​រវាង​សាសនា​ហិណ្ឌូ​និង​មូស្លីម​កាលពី​ខែ​កុម្ភៈ​។ ដោយឡែក​បើ​តាម​ប៉ូលិស​នៃ​ទីក្រុង​ដេលី​វិញ​បាន​ទាត់​ចោល​ការចោទប្រកាន់​របស់​អង្គការ​Amnesty គឺ​មិន​ពិត​និង​មាន​ភាពលម្អៀង​។​
​ប៉ុន្តែ​យ៉ាងណា អង្គការ​សិទ្ធិមនុស្ស​នេះ​បាន​ប្ដេជ្ញា​ថា​ខ្លួន​នឹង​តស៊ូ​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌា​តាម​ផ្លូវច្បាប់​បន្តទៀត​។​

​ការសម្រេច​បញ្ឈប់​ប្រតិបត្តិការ​អង្គការ​Amnesty International  អ្នកតាមដាន​សង្គម​បាន​អះអាងថា វា​ជា​ការ​សងសឹក​ពី​រដ្ឋាភិបាល​។ ជាការ​សងសឹក​ព្រោះថា អង្គការ​នេះ​ធ្លាប់​បាន​ចោទប្រកាន់​វាយប្រហារ និង​ការទាមទារ​ជាច្រើន​លើ​រដ្ឋាភិបាល​។ ជាក់ស្ដែង​កាលពីដើម​ខែ​សីហា​កន្លង​ទៅនេះ អង្គការ​Amnesty ក៏​ធ្លាប់បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាលឥណ្ឌា​ដោះលែង​សកម្មជន​នយោបាយ​និង​អ្នកសារព័ត៌មាន​មួយចំនួន​ដែល​ត្រូវបាន​ឃុំខ្លួន​។ មិនតែប៉ុណ្ណោះ អង្គការ​នេះ​ថែម​ទាំង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា ផ្ដល់​សិទ្ធិ​ឲ្យ​សកម្មជន​នយោបាយ​និង​អ្នកសារព័ត៌មាន​ទាំងនោះ ដើម្បី​បន្ត​ដំណើរការ​ស្ថាប័ន​របស់​ពួកគេ​ឡើង​វិញ​ថែម​ទៀត​ផង​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត