ធនាគារពិភពលោក​៖​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​អវិជ្ជមាន -២%​នៅ​ឆ្នាំ​នេះ​

29-09-2020 5:35 pm 143

​ធនាគារពិភពលោក បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃទី​២៩ ខែ​កញ្ញា ដោយ​បាន​ព្យាករណ៍ ទុក​ថា សេដ្ឋកិច្ច​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២០​នេះ នឹង​មាន​កំណើន​អវិជ្ជមាន​ដក​ពីរ​ភាគរយ ដែល​ជា​ការធ្លាក់ចុះ​យ៉ាងគំហុក​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ​របស់​កម្ពុជា ។​

​នៅក្នុង​របាយការណ៍​ដ​ដែល ក៏​បាន​បញ្ជាក់បន្ថែម​ដែរ​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន -២​ភាគរយ​នេះ ដោយសារ​តែ​សេដ្ឋកិច្ច និង​ក្បាលម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​សំខាន់ៗ​របស់ កម្ពុជា ពិសេស វិស័យ​សំណង់ ទេសចរណ៍ និង​ការនាំចេញ​ទំនិញ នៅតែ​បន្ត​ទទួល​រង​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ពី​វិបត្តិ​ដែល​បង្កឡើង​ដោយ​ជំងឺ​កូវី​ដ​-១៩ ហើយ​កំណើន​អវិជ្ជមាន​នេះ​ក៏​ជា​ហេតុ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ សុខុមាលភាព​គ្រួសារ និង​អាច​ធ្វើឲ្យ​ភាពក្រីក្រ​កើនឡើង​ថែម​ទៀត​។​

​ធនាគារពិភពលោក​ក៏​បានឲ្យ​ដឹង​បន្ថែម​ដែរថា នៅ​មុនពេល​មាន​វិបត្តិ​សកល​កើតឡើង​ដោយសារ​ការផ្ទុះ​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ កម្ពុជា​មាន​សេដ្ឋកិច្ច​ដែល​មាន​កំណើន​ដល់​៧,១ ភាគរយ ក្នុង​ឆ្នាំ​២០១៩ ហើយ​នៅ​ឆ្នាំ​២០២០​នេះ ការ​រាលដាល​នៃ​ជំងឺ​នេះ បាន​ប៉ះពាល់​យ៉ាងដំណំ​ទៅលើ​ក្បាលម៉ាស៊ីន​ធំៗ​របស់​កម្ពុជា ដូចជា​៖​វិស័យ​សំណង់ ទេសចរណ៍ និង​ផ្នែក​នាំចេញ ដែល​ទាំងអស់​នេះ​មាន​ចំណែក​ជាង ៧០​ភាគរយ ក្នុង​កំណើន​សរុប និង ៣៩​ភាគរយ នៃ​ការងារ​មាន​ប្រាក់​កម្រៃ​ទាំងអស់ ក្នុង​ឆ្នាំ​២០១៩​។​

​ជាមួយគ្នានេះដែរ ជំងឺ​កូវី​ដ​-១៩ បាន​ធ្វើឲ្យ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​ទ្រឹង ដែល​ជា​វិស័យ​មានការ​ពឹងពាក់​ខ្លាំង ទៅលើ​ការវិនិយោគ​ពី​បរទេស ហើយ​ការ​នាំចូល​ដែក​និង​ស៊ីម៉ង់ត៍​ក្នុង​កំឡុង ៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២០ បាន​ធ្លាក់ចុះ​៤៥,១​ភាគរយ និង​៨,២​ភាគរយ រៀងៗ​ខ្លួន ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន ដោយ​គម្រោង​សាងសង់​ធំៗ​មួយចំនួន​ត្រូវ​ផ្អាក​សកម្មភាព​។​

​ចំណែកឯ​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​របស់​កម្ពុជា​បាន​ដួលរលំ ដោយសារតែ​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ និង​វិធានការ​រាំងខ្ទប់​ឲ្យនៅ​មួយកន្លែង ដែល​ធ្វើឲ្យ​ចំនួន​ភ្ញៀវ​មក​ដល់​បាន​ធ្លាក់ចុះ​ប្រហែល ៦៤,៦​ភាគរយ ក្នុង​កំឡុង ៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២០​។​រីឯ​ការធ្លាក់ចុះ​យ៉ាងគំហុក​នូវ​តម្រូវការ​សកលលោក បាន​បណ្តាល​ឲ្យ​វិស័យកម្ម​ន្តកម្ម​រប​ស់​កម្ពុជា​ចុះ​ខ្សោយ ហើយ​ការនាំ​ចេញ​ផលិតផល​កាត់ដេរ សម្ភារ​ធ្វើដំណើរ និង​ស្បែកជើង​បាន​ធ្លាក់ចុះ ៧,២​ភាគរយ ក្នុង​កំឡុង ៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២០ ។​មួយវិញទៀត​ការ​នាំចូល​ក្រណាត់​សម្រាប់​យកមក​កាត់ដេរ បាន​ធ្លាក់ចុះ ៨៥,៤​ភាគរយ​។​

​សូម​បញ្ជាក់​ដែរ​ថា ការព្យាករណ៍​ជា​ថ្មី​របស់​ធនាគារ​ពិភពលោក​នេះ គឺ​ខុស​ពី​ការព្យាករណ៍​ថ្មី របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី​(ADB)  ដែលថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​នេះ នឹង​ធ្លាក់​ចុះ​ក្រោម​៤ ភាគរយ​៕(​ដោយ​៖​ថា ចាន់​ធី​)

 ពាក្យគន្លឹះ  ធនាគារពិភពលោក

ព័ត៌មានផ្សេងទៀត