ទម្លាប់​អង្គុយ​កោង​ខ្នង អាច​ប៉ះពាល់​ដល់​ការលូតលាស់​កម្ពស់​និង​ធ្វើឲ្យ​ឆ្អឹង​វៀច​

29-09-2020 5:33 pm 164

​ឥរិយាបទ​នៃ​ការ​អង្គុយ មាន​ឥទ្ធិពល​ដល់​ឆ្អឹងខ្នង​។ ប្រសិនបើ​អ្នក​ទម្លាប់​អង្គុយ​មិនបាន​ត្រឹមត្រូវ ដូចជា អង្គុយ​កោង​ខ្នង​ក្នុង​រយៈពេល​យូរ អាច​ធ្វើឲ្យប៉ះពាល់​ដល់​ការលូតលាស់​កម្ពស់ ខូច​ជាលិកា​សន្លាក់ កើតរោគ​រលាក​សន្លាក់​ឆ្អឹង វៀច​ឆ្អឹងខ្នង និង​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ដែល​ជាប់​ពាក់ព័ន្ធ​។​

​ចំពោះ​ការប៉ះពាល់​ដល់​ការលូតលាស់​កម្ពស់ ធ្វើឲ្យ​កម្ពស់​លូត​មិន​អស់ (​ឆ្អឹង​លូត​មិន​សព្វ​ល្អ​)​។ ស្ថិតក្នុង​ដំណាក់កាល​វ័យ​ដែល​កំពុងតែ​លូតលាស់ ប្រព័ន្ធ​ឆ្អឹង​ធ្វើការ​យ៉ាង​ស្និទ្ធ​ទៅនឹង​សាច់ដុំ និង​សរសៃ​ផ្សេងៗ​សព្វ​រាងកាយ​។ ដូចនេះ ទម្លាប់​អង្គុយ គឺមាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ការលូតលាស់​ឆ្អឹង ជាហេតុ​ដែល​គួរ​គប្បី​អង្គុយ​ឲ្យបាន​ត្រង់ខ្លួន​។​

​បន្ថែម​ពីលើ​នេះ​ការ​អង្គុយ​មិន​ត្រង់​ខ្លូន ធ្វើឲ្យ​ខូច​ជាលិ​កាសន្លាក់​ផងដែរ​។ ការ​អង្គុយ​កោង​ខ្នង ប្រៀបដូចជា​ដាក់បន្ទុក​បន្ថែម ទៅលើ​ជាតិ​ជាលិកា​ត្រង់ចំណុច​ដែល​ឆ្អឹងសន្លាក់​ភ្ជាប់​គ្នា ពិសេស​ឆ្អឹងខ្នង ឆ្អឹង​ស្មា និង​សន្លាក់ឆ្អឹង​ជង្គង់​។ បញ្ហា​នេះ អាច​ផ្តល់​គុណវិបត្តិ​ទៅលើ​ប្រព័ន្ធ​ឆ្អឹង​រ៉ាំរ៉ៃ ក្នុង​រយៈពេល​យូរ ដូច្នេះ​ទម្លាប់​អង្គុយ​ឲ្យ​ត្រង់ខ្លួន ជា​ផ្នែក​មួយ​សំខាន់​គួរ​យកចិត្តទុកដាក់​។​

​រីឯ​រោគ​រលាក​សន្លាក់ឆ្អឹង ក៏​អាច​បណ្តាលមកពី​ការ​អង្គុយ​មិន​ត្រង់​ខ្លួន អង្គុយ​វៀច​ខ្នង ឬ​កាយវិការ​ទម្រេត​ខ្លាំង​ទៅលើ​ឆ្អឹងខ្នង​។ ទម្លាប់​មិនល្អ​ទាំងនេះ នឹង​បន្ថែម​បន្ទុក​ទៅលើ​គន្លាក់​ឆ្អឹង នឹង​ធ្វើឲ្យកើត​មានអា​ការៈឈឺចាប់​ខ្លាំង ក្នុង​រយៈពេល​ណាមួយ​។​

​ស្រដៀង​គ្នា​នឹង​បញ្ហា​សន្លាក់ឆ្អឹង​ដែរ ការ​អង្គុយ​មិន​ត្រង់​ខ្លួន អាច​បណ្តាលឲ្យ​ឆ្អឹងខ្នង​វៀច​និងមាន​បញ្ហា​ទៅ​ថ្ងៃក្រោយ ដោយ​វា​បំផ្លាញ​ទ្រង់ទ្រាយ​ឆ្អឹងខ្នង​។​

​ហេតុ​ដូច្នេះហើយ ទើប​អ្នកជំនាញ​សុខភាព​ណែនាំ​នូវ​វិធីសាស្ត្រ​មួយចំនួន ដើម្បី​បង្ការ​បញ្ហា​ខាងលើ ដោយ​ត្រូវ​ជ្រើស​ប្រភេទ​កៅអី ដែល​សមល្មម​ទៅនឹង​កម្ពស់​និង​ទម្ងន់ នៅពេលដែល​អ្នក​អង្គុយ​។ បន្ថែម​ពី​នោះ អាចដាក់​ពូក​ខ្នើយ ជា​ទ្រនាប់​ទ្រាប់​ចង្កេះ​ផ្នែក​ខាងក្រោយ ដើម្បី​ទប់​កុំឲ្យ​មាន​សម្ពាធ​ខ្លាំងពេ​កលើ ឆ្អឹងសន្លាក់​ចង្កេះ បូករួម​នឹង​ទម្លាប់​ដាស់តឿន​ខ្លួនឯង ឲ្យ​អង្គុយ​ត្រង់​ខ្លួន​ជា​រៀងរាល់ថ្ងៃ​៕

 ពាក្យគន្លឹះ  សុខភាពឆ្អឹងខ្នង

ព័ត៌មានផ្សេងទៀត