ប្រមុខរដ្ឋា​ភិបាល​​ដក​​លោកស៊ិន វណ្ណវុឌ្ឍ ​ចេញពីតំណែង​អភិបាល​ស្រុក​កោះ​ញែក​​

29-09-2020 2:39 pm 388

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សម្រេច​ដក​លោក ស៊ិន វណ្ណ​វុឌ្ឍ ចេញពី​មុខតំណែង​ជា​អភិបាល​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ដោយ​ឲ្យមក​ធ្វើ​ការ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​ជំនួស​វិញ​។ នេះ​បើ​យោងតាម​អនុក្រឹត្យ​រដ្ឋាភិបាល​នៅ​ថ្ងៃទី​២៩ ខែកញ្ញា​នេះ​៕

បើ​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ការដកតំណែង​អភិបាល​ស្រុក​កោះ​ញែក​រូបនេះ ធ្វើឡើង​បន្ទាប់​ពី​ក្រុមការងារ​អន្តរក្រសួង បាន​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​ការកាន់កាប់​រាន ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ ស្ថិតក្នុង​ខេត្ត​មណ្ឌលគិរី បាន​រកឃើញ​ថា​ខ្វះ​ការទទួលខុសត្រូវ​ក្នុង​ការបំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន និង​ពុំ​បាន​ចូលរួម​ថែរក្សា​ការពារ​ផល​ត​ប្រយោជន៍​សាធារណៈ ក៏ដូចជា​ដីព្រៃ​តាំង​ពី​រូបលោក​កាន់​មុខតំណែង​ជា​អភិបាលស្រុក​កែវ​សីមា​មកម្ល៉េះ​។ 

​លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា បាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​ការកាន់កាប់​រាន ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ ស្ថិតក្នុង​ខេត្ត​មណ្ឌលគិរី​។ ការបង្កើត​ក្រុម​ការងារ​នេះ​ធ្វើឡើង បន្ទាប់ពី​មាន​សកម្មភាព​កាប់​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ដោយ​ខុស​ច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ មាន​ការសង្ស័យ​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​នៅក្នុង​ខេត្ត​។​

​គួរបញ្ជាក់​ថា ទាក់ទង​នឹង​ករណី​រំលោភ​យក​ដី​រដ្ឋ​ក្នុង​ខេត្ដ​មណ្ឌលគិរី​ពី​សំណាក់​អ្នកមាន​អំណាច​នេះ​លោក សេង សុវណ្ណារ៉ា អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង​បក្ខពួក ៣ នាក់​ទៀត ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ដោយ​ចោទប្រកាន់​ចំនួន​៤​បទល្មើស​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​យក​ដី​រដ្ឋ​ប្រមាណ​១ ០០០ ហិកតា​៕

​ដោយ​៖ សៅ វិសាល 

ព័ត៌មានផ្សេងទៀត