លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែកញ្ញា បានចេញសេចក្តីជូនដំណឹងថា ស្រះដែលស្ថិតនៅក្នុងទីក្រុងរណប «ហ្គ្រេនភ្នំពេញ» គឺជាកម្មសិទ្ធិរបស់លោកឧកញ៉ា លាង ឃុន និងលោកឧកញ៉ា លាង ម៉េង ពុំមានជាទ្រព្យសម្បត្តិសាធារណៈ របស់សាលារាជធានីភ្នំពេញទេ។
លោកអភិបាលសង្កត់ធ្ងន់ថា «ការអន្តរាគមន៍រក្សាទុក និងទប់ស្កាត់ការលុបស្រះទឹកខាងលើរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្លាយជាទង្វើរំលោភមាត្រា៨៥ និងមាត្រា៨៨ នៃច្បាប់ភូមិបាល ហេតុដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ ពុំមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ ក្នុងការអន្តរាគមន៍រក្សាទុក និងទប់ស្កាត់បានឡើយ»។
ការបញ្ជាក់ពីលោកអភិបាលរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋចំនួន១៤០នាក់រស់នៅក្នុងបុរីទីក្រុងរណប អន្តរជាតិហ្គ្រេនភ្នំពេញ បានដាក់លិខិតស្នើសុំអន្តរាគមន៍រក្សាទុក និងទប់ស្កាត់ការលុបស្រះទឹក ដែលមានបណ្ដោយប្រវែងប្រមាណ៤២៣ម៉ែត្រ និងទទឹងប្រវែងប្រមាណ២៤៥ម៉ែត្រ ស្ថិតនៅតាមបណ្ដោយវិថីហ្គ្រេន កែងផ្លូវខាងលិចស្រះទឹក ក្នុងទីតាំងបុរីទីក្រុងរណប អន្តរជាតិហ្គ្រេនភ្នំពេញ។
ក្រោយទទួលលិខិតនេះ រដ្ឋបាលរាជធានីភ្នំពេញបានចាត់មន្ត្រីចុះស្រាវជ្រាវ និងរកឯកសារពាក់ព័ន្ធ ពិនិត្យឃើញថា ស្រះទឹកខាងលើនេះ ពុំមែនជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញឡើយ ហើយឯកសារ ទៀតសោត ស្រះទឹកនេះមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិរបស់លោកឧកញ៉ា លាង ឃុន និងលោកឧកញ៉ា លាង ម៉េង ដែលបានទិញពីក្រុមហ៊ុនវ៉ាយ អិល ភី គ្រុប កាលពីឆ្នាំ២០០៩៕