វីរុស​កូវី​ដ​-១៩​ផ្ដាច់​ជីវិត​មនុស្ស​ជាង​មួយ​លាន​នាក់​និង​ឆ្លង​ជាង​៣៣​លាន​នាក់​

29-09-2020 10:33 am 173

ទីបំផុត​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​បាន​សម្លាប់​មនុស្ស​កើន​ដល់​ជាង​១​លាន​នាក់​ហើយ និង​បាន​ឆ្លង​ដល់​មនុសុ្ស​ជាង​៣៣​លាន​នាក់​ទូទាំង​ពិភពលោក​។ ដ្បិត​បណ្ដា​ប្រទេស​លើ​ពិភពលោក​កំពុង​បន្ត​ដាក់ចេញ​វិធានការ​ការពារ​វីរុស​ចម្លង​ដ៏​ធំ​នេះ​ក៏ដោយ តែ​របាយការណ៍​ពី​ករណី​ឆ្លង​និង​ស្លាប់​ថ្មីៗ​នៅតែ​បន្ត​កើន​ឡើង​ក្នុង​ប្រទេស​មួយចំនួន ស្រប​ពេល​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្លូវដង្ហើម​ដើមកំណើត​ពី​ប្រទេស​ចិន​នេះ​ពុំ​ទាន់​បញ្ចេញ​ជា​ផ្លូវការ​នៅឡើយ​។ ក្រៅពី​ចំនួន​អ្នក​ឆ្លង​និង​ស្លាប់ មាន​អ្នកជំងឺ​ជិត​២៥​លាន​នាក់​ត្រូវបាន​ជាសះស្បើយ​ឡើងវិញ​ពី​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ 

​បើ​តាម​របាយការណ៍រ​បស់​សាកលវិទ្យាល័យ​ច​ន​ហ​ប​គីន​របស់​អាមេរិក​បង្ហា​ញ​ថា ចំនួន​នៃ​ករណី​ស្លាប់​នៅ​សហរដ្ឋអាមេរិក ប្រទេសប្រេ​ស៊ីល​និង​ឥណ្ឌា គឺ​មាន​ចំនួន​ជិត​ពាក់កណ្តាល​នៃ​ចំនួន​អ្នកស្លាប់​សរុប​ទូទាំង​ពិភពលោក​។ ប្រទេស​ដែល​មាន​អត្រា​អ្នកស្លាប់​ច្រើនជាងគេ​ទី​១​គឺ សហរដ្ឋ​អាមេរិក​មាន​ចំនួន​អ្នក​ស្លាប់​ប្រមាណ ២០​ម៉ឺន​នាក់​។ ប្រទេស​ទី​២ គឺ​ប្រេ​ស៊ីល​មាន​អ្នក​ស្លាប់​ប្រមាណ​១៤​ម៉ឺន​នាក់ និង​ប្រទេស​ទី​៣ គឺ​ឥណ្ឌា​ដែល​មាន​អ្នក​ស្លាប់​ប្រមាណ​ជាង​៩៥,០០០​នាក់​។​

​សូម​បញ្ជាក់​ដែរ​ថា វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ប៉ុណ្ណោះ​ទេ វីរុស​នេះ​ថែមទាំង​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក​ថែមទៀត​ផង​។ ប៉ះពាល់​ដោយហេតុថា វីរុស​នេះ​បាន​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ជាច្រើន​បាន​ចេញ​វិធានការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​និង​បិទ​ព្រំដែន ដើម្បី​ការពា​រការ​រាតត្បាត​វីរុស​កូវី​ដ​-១៩​។ ប្រការ​នេះ​ហើយ​ដែល​បាន​រុញច្រាន​វិស័យ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ទាំងនោះ​ឲ្យ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​។​

​ទន្ទឹមនឹងនេះ​ការខិតខំ​ដើម្បី​បង្កើត​វ៉ាក់សាំង​ដែល​មាន​ប្រសិទ្ធិភាព​ក្នុង​ការការពារ​វីរុស​ថ្មី​នេះដែរ អង្គការ​សុខភាព​ពិភពលោក​(WHO) បាន​ព្រមាន​ថា​ចំនួន​អ្នកស្លាប់​អាច​ហក់​ដល់​២​លាន​នាក់ មុន​នឹង​វ៉ាក់សាំង​ត្រូវ​បាន​បញ្ចេញ​និង​ប្រើប្រាស់​ជា​ផ្លូវការ​។​

​គួររម្លឹកថា​វីរុស​កូរ៉ូណា​(Coronavirus)​ឬ​កូវី​ដ​-១៩(COVID-19) បាន​ផ្ទុះឡើង​កាលពី​ចុងឆ្នាំ​២០១៩ នៅក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន​។ វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ បាន​សាយភាយ​យ៉ាង​លឿន​ចេញពី​ប្រទេស​ចិន ទៅកាន់​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក​ទាំងមូល​។ ពោល​មកទល់​ពេល​នេះ​មាន​ជាង​២០០​ប្រទេស​និង​ដែន​ដី​ហើយ ដែល​បាន​រង​នូវ​ការ​រាតត្បាត​ពី​សំណាក់​វីរុស​ពុំមាន​ថ្នាំ​ព្យាបាល​និង​វ៉ាក់សាំង​ការពារ​នេះ​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត