ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។
ក្រសួងបានបញ្ជាក់ថា តាមរយៈការតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុសង្កេតឃើញថា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ ប្រព័ន្ធសម្ពាធទាបនឹងបន្តអូសបន្លាយឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ជាមួយសម្ពាធទាបមួយ នៅលើសមុទ្រចិនខាងត្បូង។
ជាមួយគ្នានេះក្រសួងបានអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋរស់នៅទីទំនាបក្បែរផ្លូវទឹក ជាប់តំបន់ភ្នំនៃបណ្ដាខេត្តភាគពាយ័ព្យជាប់ប្រទេសថៃ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ និងបណ្ដាខេត្តជាប់ជួរភ្នំក្រវាញ។ សម្រាប់អ្នកនេសាទ និងអ្នកដំណើរសមុទ្រ ប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែតុលា៕