កាសែតThe New York Timesបានចុះផ្សាយថា លោកប្រធានាធិបតីដូណាល់ ត្រាំមិនបានបង់ពន្ធលើប្រាក់ចំណូលទេ គឺរយៈពេល១០ឆ្នាំក្នុងចំណោម១៥ឆ្នាំមុន មុនពេលលោកជាប់ឆ្នោតជាប្រធានាធិបតី។ កាសែតអាមេរិកដដែលបញ្ជាក់ថា ខ្លួនបានទទួលរបាយការណ៍បង់ពន្ធមានរយៈពេលជាង២០ឆ្នាំរបស់លោកត្រាំនិងក្រុមហ៊ុនរបស់លោក។ នេះបើតាមការចុះផ្សាយកាលពីថ្ងៃអាទិត្យ។
នៅក្នុងរបាយការណ៍ឲ្យដឹងដែរថា លោកត្រាំបានចំណាយ៧៥០ដុល្លារប៉ុណ្ណោះសម្រាប់ពន្ធលើប្រាក់ចំណូលនៅក្នុងឆ្នាំ២០១៦ និង៧៥០ដុល្លារទៀតក្នុងឆ្នាំ២០១៧ ប៉ុន្ដែ១០ឆ្នាំក្នុងចំណោម១៥ឆ្នាំមុន លោកមិនបានបង់ពន្ធទេ ដោយសារចំណូលរកបានទាបជាងការចំណាយ។ ការសែតThe New York Timesបានអះអាងថា ភាគច្រើននៃមុខជំនួញរបស់លោកត្រាំ ដូចជាទីលានវាយកូនហ្គោលនិងសណ្ឋាគារ ខាតប្រាក់រាប់លានដុល្លារពីមួយឆ្នាំទៅមួយឆ្នាំ។ កត្ដានេះហើយដែលធ្វើឲ្យមានការប្រែប្រួលផ្នែកហិរញ្ញវត្ថុ។ ម្យ៉ាងលោកត្រាំប្រើប្រាស់ប្រាក់ចំណូលទៅទិញនិងធ្វើអាជីវកម្មប្រថុយប្រថាន បន្ទាប់មកនៅពេលខាតបង់ច្រើនក៏ចាប់ផ្ដើមគេចមិនបង់ពន្ធ។
លើសពីនេះទៅទៀត លោកត្រាំក៏ត្រូវទទួលខុសត្រូវចំពោះប្រាក់កម្ចីជាង៣០០លានដុល្លារ ដែលនឹងគ្រោងធ្វើឡើងនៅក្នុងរយៈពេល៤ឆ្នាំខាងមុខ។ The New York Timesបន្ដចោទមុខជំនួញមួយចំនួនរបស់លោកត្រាំ បានទទួលប្រាក់ពីអ្នកបញ្ចុះបញ្ចូល ពីមន្ដ្រីការបរទេស និងអ្នកផ្សេងទៀតដែលចង់បានការចូលចិត្ដឬការមើលឃើញពីលោកប្រធានាធិបតី។ ដោយឡែកបើសម្អាងលើរបាយការណ៍បង់ពន្ធពីឆ្នាំ១៩៨៥ដល់១៩៩៤ បង្ហាញថាលោកត្រាំខាតបង់ច្រើនដែលធ្វើឲ្យលោកគេចពន្ធ៨ឆ្នាំក្នុងចំណោម១០ឆ្នាំកាលនោះ។ ចំពោះឯកសារពាក់ព័ន្ធនឹងការបង់ពន្ធរបស់លោកត្រាំ កាសែតមួយនេះថានឹងចេញផ្សាយនៅពេលបន្ដបន្ទាប់ទៀត។
យ៉ាងណាមិញសម្រាប់លោកដូណាល់ ត្រាំ បានច្រានចោលទាំងស្រុងនូវរបាយការណ៍ដែលកាសែតNew York Timesចេញផ្សាយ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងសេតវិមានកាលពីថ្ងៃអាទិត្យ លោកថារបាយការណ៍នោះគឺក្លែងក្លាយ។ លោកបន្ថែមថាតាមពិតលោកបានបង់ពន្ធច្រើនណាស់ ហើយលោកនឹងបង្ហាញឲ្យច្បាស់លាស់នៅពេលបញ្ចប់ការត្រួតពិនិត្យ។ ស្របពេលជាមួយគ្នាក្រុមហ៊ុនរបស់លោក ក៏ចេញមុខបដិសេធចំពោះការចោទប្រកាន់ដូចបានចុះផ្សាយនៅក្នុងកាសែតNew York Timesដែរ។
គួរបញ្ជាក់ថា ការចេញផ្សាយរបាយការណ៍នេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលលោកដូណាល់ ត្រាំចូលរួមកម្មវិធីការជជែកដេញដោលនៃបេក្ខជនប្រធានាធិបតី ជាមួយគូប្រជែងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោកចូ បាយដិន។ ម្យ៉ាងក៏ស្របពេលការបោះឆ្នោតអាមេរិកនឹងចូលមកដល់នៅថ្ងៃទី០៣វិច្ឆិកាខាងមុខ៕(ដោយ៖ពេញ ផេង)