​លោក​កឹម សុខា​​ចុះជួយ​ពលរដ្ឋ​រងគ្រោះ​ដោយ​សារ​ទឹកជំនន់​ទាំង​ខ្លួន​នៅជាប់​បំរាម​តុលាការ​​

28-09-2020 3:47 pm 348

​ទាំង​ខ្លួន​កំពុង​ជាប់​បំរាម​ខ្លះៗ​របស់​តុលាការ​នៅក្នុង​រឿងក្ដី​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ក៏ដោយ លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​សហការី​របស់ខ្លួន បាន​នាំយក​អង្ករ និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួនទៀត​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារតែ​ទឹកជំនន់ នៅក្នុង​ខេត្តពោធិ៍សាត់ និង​ខេត្ត​ព្រះសីហនុ ។​

​តាមរ​យៈផេក​ហ្វេស​ប៊ុក​ប្រធាន​អតីត​គណបក្សស​ង្គ្រោះ​ជាតិ បាន​លើកឡើងថា អ្វីដែល​អាច​ធ្វើបាន មិន​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ មិន​រំលោភសិទ្ធិ​អ្នកដទៃ ហើយ​ច្បាប់​មិន​ហាមឃាត់ ទោះបី​សេរីភាព​ត្រូវបាន​កម្រិត​ក៏ដោយ លោក​នៅតែ​ព្យាយាម​ធ្វើ​ទៅតាម​លទ្ធភាព និង​កាលៈទេសៈ ដើម្បី​ចូលរួម​ជា​ប្រយោជន៍​ដល់​សង្គមជាតិ ជាពិសេស​ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ​។ លោក​ក៏បាន​អរគុណ​ចំពោះ សហការី និង​សប្បុរសជន​ដែល​បាន​ចូលរួម​នូវ​សម្ភារៈ និង​ថវិកា​។​

​លោក​កឹម សុខា បានលើកឡើង​ផងដែ​រថា ការចូលរួម​ដោយ​ឆន្ទៈ ក្នុង​ការធ្វើសកម្មភាព​មនុស្សធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ​សាសនា គឺជា​សម្បជញ្ញៈ​របស់​អ្នកមាន​គុណធម៌ និង​មាន​កតញ្ញូតាធម៌ ចំពោះ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ ប្រសើរ​ជាង​ការ​ច្រណែនឈ្នានីស ឬ​ការចោទប្រកាន់​មួលបង្កាច់ ឬ​ការ​បង្កជម្លោះ ដែល​នាំឲ្យមាន​គ្រោះថ្នាក់​ដល់​អ្នកដ​ទៃនិ​ង​សង្គមជាតិ​ជាតិ​។​

​ក្រៅពី​ចុះ​ជួប​ជួយ​ពលរដ្ឋ និង​ធ្វើ​បុណ្យទាន លោក​កឹម សុខា ក៏បាន​បន្ត​ជួប​ជាមួយ​បណ្តា​ទូត​បររទេស​ប្រចាំ​នៅ​កម្ពុជា​ផងដែរ​។ កាលពី​ថ្ងៃទី​២៥ ខែ​កញ្ញា កន្លងទៅនេះ លោក​ទើបតែ​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា​នៅ​គេហដ្ឋាន​របស់លោក ហើយ​នេះ​មិនមែនជា​ជំនួប​លើក​ទី​១​នោះទេ​។ ក្នុងជំនួប​ពិភាក្សា លោកស្រី​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​បាន​ប្រាប់​លោក​កឹម សុខា ថា​សហភាព​អឺរ៉ុប​នៅតែ​ចង់​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​នានា​។​

​ចំណែក លោក​កឹម សុខា​វិញ ក៏បាន​សម្តែង​នូវ​ការចង់​ឃើញ​កម្ពុជា និង​អឺរ៉ុប បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្នា ដើម្បី​លើកស្ទួយ និង​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ពិសេស​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ននេះ និង​ទៅ​អនាគត​ផងដែរ​។​

​សូមបញ្ជាក់ថា លោក​កឹម សុខា ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេ​សចង់​ផ្តួលរំលំ​រដ្ឋាភិបាលកម្ពុ​ជា​។ តុលាការ​ក្រុងភ្នំពេញ​បាន​ដំណើរការ​និតីវិធី​ជំ​នុំ​ជម្រះ​លើ​សំណុំរឿង​របស់លោក​ហើយ ប៉ុន្តែ​ត្រូវ​ផ្អាក​សិន​កាលពី​២៥ ខែ​មីនា ឆ្នាំ​២០២០ ដោយសារតែ​ការព្រួយបារម្ភ​ពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​កឹម សុខា ក៏​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ កម្រិត​សេរីភាព ដោយ​មិន​អនុញ្ញាតឱ្យ​លោក​ធ្វើ​សកម្មភាព​នយោបាយ និង​ចាកចេញ​ទៅ​ក្រៅប្រទេស​ឡើយ​។ ប៉ុន្តែ​លោក​អាច​ដើរហើរ​បាន​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា​។​

​បន្ទាប់ពី​សវនាការ​ត្រូវបាន​ផ្អាក លោក​កឹម សុខា បាន​ធ្វើដំណើរ​កម្សាន្ត និង​ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​នានា​នៅ​ទូទាំងប្រទេស​កម្ពុជា​។ ប៉ុន្តែ​ក្រោយមក រូបលោក​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ចេញ​លិខិត​ដាស់តឿន​ឱ្យ​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​កាតព្វកិច្ច​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។ សម្រាប់​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក​កឹម សុខា​វិញ បាន​អះអាងថា កូនក្ដី​ខ្លួន​តែង​គោរព​តាមច្បាប់​ជានិច្ច​៕

ព័ត៌មានផ្សេងទៀត