ចៅក្រម​​អាមេរិក​​រារាំង​​បណ្ដោះអាសន្ន​​ការបិទ​មិនឲ្យ​​ទាញយ​ក​កម្មវិធី​TikTok

28-09-2020 11:51 am 204

​ចៅក្រម​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃអាទិត្យ បាន​រារាំង​ជា​បណ្ដោះអាសន្ន​នូវ​បទបញ្ជា​របស់លោក​ដូណាល់ ត្រាំ ដែល​កំណត់ឲ្យ​ក្រុមហ៊ុន​Apple​និង​Google​បិទ​ការទាញយក​កម្មវិធី​TikTok​ចាប់ពី​ម៉ោង​១១​និង​៥៩​នាទី​យប់​ម៉ោង​ក្នុង​តំបន់​ពី​ថ្ងៃទី​២៧​កញ្ញា​តទៅ​។ ចៅ​អាក្រម​អាមេរិក​លោក​Carl Nichols បានបញ្ជាក់​ក្នុង​សេចក្ដី​បង្គាប់​បឋម​មួយ​ថា ធ្វើ​ដូច្នេះ​ដើម្បី​ទប់ស្កាត់​បម្រាម​ការទាញយក​កម្មវិធី ប៉ុន្ដែ​មិនបាន​រារាំង​ការ​រឹតបន្ដឹង​នានា​របស់​ក្រសួង​ពាណិជ្ជកម្ម ដែល​នឹង​ចាប់ផ្ដើម​មាន​ប្រសិទ្ធភាព​ពី​ថ្ងៃទី​១២​ខែវិច្ឆិកា​ខាង​មុខ​នោះទេ​។ ជាការ​រឹតត្បិត​ដែល​TikTok​ព្រមាន​ថា​អាចមាន​ផលប៉ះពាល់ រហូត​ធ្វើឲ្យ​កម្មវិធី​នេះ​លែង​ប្រើប្រាស់​បាន​នៅ​អាមេរិក​។​

​ការសម្រេចចិត្ដ​របស់​ចៅក្រម​អាមេរិកក៏​តំណា​ង​ឲ្យ​ជ័យជម្នះ​បណ្ដោះអាសន្ន​សម្រាប់​កម្មវិធី​TikTok ដែលមាន​អ្នកប្រើប្រាស់​ប្រមាណ​១០០​លាន​នាក់​នៅ​អាមេរិក​។ ប៉ុន្ដែ​តុលាការ​មិនទាន់​ពិចារណា​លើ​អំណះអំណាង​ផ្លូវច្បាប់​ណាមួយ ថា​តើ​បណ្ដាញ​សង្គម​មួយ​នេះ​គួរតែ​អាច​បន្ដ​វត្ដ​មាននៅ​អាមេរិក​បាន​ឬ​យ៉ាងណាទេ​។ 

​គួរ​ជម្រាបជូន​ថា លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​បាន​ព្រមាន​កម្មវិធី​TikTok​អាច​បង្ក​ហានិភ័យ​ដល់​សន្ដិសុខ​ជាតិ និង​ថា​កម្មវិធី​នេះ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន​ដើម្បី​ប្រមូល​ទិន្នន័យ​អ្នកប្រើប្រាស់​អាមេរិក​។ លោក​បាន​បញ្ជា​ត្រូវតែ​បិទ​កម្មវិធី​នេះ លុះត្រាតែ​យល់ព្រម​លក់​មកឲ្យ​ក្រុមហ៊ុន​អាមេរិកជា​អ្នកគ្រប់គ្រង​។ 

​កាលពី​ថ្ងៃទី​២០​កញ្ញា​ក្រុមហ៊ុន​ចិន​ByteDance​ជា​អ្នកបង្កើត​កម្មវិធី​TikTok បាន​និយាយថា​ខ្លួន​សម្រេចបាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន​Walmart​និង​Oracle​អាមេរិក ដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយ​ឈ្មោះថា​TikTok Global ដែល​អាច​បន្ដ​ប្រតិ​បត្ដិការនៅ​អាមេរិ​កបាន​។ ពេលនេះ​ការចរចា​កំពុង​បន្ដធ្វើ​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀង និង​កំពុង​ឈានទៅ​ដោះស្រាយ​ក្ដី​ព្រួយបារម្ភ​ពី​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ប៉េកាំង​។ កិច្ចព្រមព្រៀង​ក៏​នឹងត្រូវ​បន្ដ​ត្រួតពិនិត្យ​ដោយ​គណៈកម្មាធិការ​វិនិយោគ​បរទេស​នៃ​រដ្ឋាភិបាល​អាមេរិក​ផងដែរ​។​

​ក្រសួង​យុត្ដិធម៌​អាមេរិក​បាន​និយាយថា បទ​បញ្ញត្ដ​បឋម​ដែល​អនុញ្ញាតឲ្យ​ពលរដ្ឋ​អា​មេរិក​បន្ដ​ទាញយក​កម្មវិធី​TikTok​មកប្រើប្រាស់ អាច​នឹង​ជ្រៀតជ្រែក​លើ​ការសម្រេចចិត្ដ​ស្ដីពីស​ន្ដិ​សុខ​ជាតិ​របស់​លោកប្រ​ធានា​ធិបតី​។ ចំណែក​ក្រសួង​យុត្ដិធម៌​កាលពី​ថ្ងៃទី​១៩​កញ្ញា បាន​ពន្យារពេល​មួយ​សប្ដាហ៍​បន្ថែម​ឲ្យ​ក្រុមហ៊ុន​ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​។ TikTok​វិញ​អះអាងថា​ការ​រឹតត្បិត​ចន្លោះពេល​កើនឡើង​ភាព​តានតឹង​រវាង​អាមេរិក​-​ចិន ស្ថិតក្រោម​ការដឹកនាំរ​បស់​លោក​ដូណាល់ ត្រាំ មិនមែន​ក្រោម​ហេតុផល​ព្រួយបារម្ភ​ពី​បញ្ហា​សន្ដិសុខ​ជាតិ​នោះទេ ផ្ទុយទៅវិញ​ដោយមាន​ហេតុផល​នយោបាយ ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃទី​០៣​វិច្ឆិកា​ប៉ុណ្ណោះ​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត