ប្រវត្ដិ​លោក​​ស៊ីន​ហ្ស៊ូ អាបេ នាយករដ្ឋមន្ដ្រី​​ជប៉ុន​​ទើប​ចុះ​ចេញ​ពី​តំណែង​

27-09-2020 5:31 pm 267

​លោក​ស៊ីន​ហ្ស៊ូ អាបេ គឺជា​នាយករដ្ឋមន្ដ្រី​ជប៉ុន​កាន់តំណែង​ពី​ឆ្នាំ​២០០៦​ដល់​២០០៧ និង​ពី​ឆ្នាំ​២០១២​ដល់​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២០​។ លោក​បាន​ក្លាយជា​នាយក​រដ្ឋមន្ដ្រី​ដែល​កាន់តំណែង​យូរ​ជាងគេ​ក្នុង​ប្រវត្ដិសាស្ដ្រ​ជប៉ុន​។ លោក​ស៊ីន​ហ្ស៊ូ អាបេ ទទួលបាន​ការគោរព​ស្រឡាញ់​យ៉ាងខ្លាំង​ពី​ប្រជាជន​ជប៉ុន​និង​បណ្ដា​មេដឹកនាំ​អន្ដរជាតិ​។ ជាក់ស្ដែង​នៅពេល​លោក​ចុះ​ចេញពី​តំណែង​ដោយសារ​មូលហេតុ​សុខភាព មាន​ការផ្ញើ​សារ​ជូនពរ​លោក​ពី​បណ្ដា​មេដឹកនាំ​អន្ដរជាតិ​ជាច្រើន​។ តើ​លោក​អាបេ​មាន​ជីវប្រវត្ដិ​បែបណា​ខ្លះ​?

​ជី​វប្រ​វត្ដិ​

​លោក​ស៊ីន​ហ្ស៊ូ អាបេ​កើត​នៅ​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​១៩៥៤ បច្ចុប្បន្ន​មាន​វ័យ​៦៦​ឆ្នាំ​។ លោក​កើត​នៅ​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន នៅក្នុង​គ្រួសារ​អ្នកនយោបាយ​ដ៏​លេចធ្លោ​មួយ ដែលមាន​ឪពុក​ជា​រដ្ឋមន្ដ្រីការបរទេស​ជប៉ុន​។ គ្រួសារ​លោក​ក៏មាន​ឥទ្ធិពល​សេដ្ឋកិច្ច​ផងដែរ ទាំង​នៅមុន នៅ​អំឡុងពេល និង​ក្រោយ​សង្គ្រាម​ជប៉ុន និង​មាន​ដើមកំណើត​មកពី​ខេត្ដ​យ៉ាម៉ាហ្គូ​ជី​(Yamaguchi)​។ ចំពោះ​ការសិក្សា​លោក​អាបេ​បាន​ចូលរៀន​នៅសា​លាសេ​កកេ​(Seikei) ចាប់ពី​ថ្នាក់​បឋម​ដល់​ចប់​វិទ្យាល័យ​។ បន្ទាប់មក​លោក​បាន​ចូលរៀន​ជំនាញ​រដ្ឋបាល​សាធារណៈ ហើយ​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​វិទ្យាសាស្ដ្រ​នយោបាយ​មួយទៀត ពី​សាកលវិទ្យាល័យ​សេក​កេ​ក្នុង​ឆ្នាំ​១៩៧៧​។ លោក​បាន​ទៅ​សហរដ្ឋអាមេរិក រៀន​គោលនយោបាយ​សាធារណៈ​បន្ថែម​រយៈពេល​បី​ឆមាស​។​

​ការចាប់​អាជីព​នយោបាយ​

​នៅ​ខែមេសា​ឆ្នាំ​១៩៧៩ លោក​អាបេ​ចាប់ផ្ដើម​ធ្វើការ​នៅ​ក្រុមហ៊ុនផ​លិ​ត​ដែក​ថែម​Kobe Steel​។ លោក​បាន​ចាកចេញ​ពី​ក្រុមហ៊ុន​នៅ​ឆ្នាំ​១៩៨២ ហើយ​បាន​ទៅ​ធ្វើការ​ក្នុង​ជួរ​រដ្ឋាភិបាល​កាន់​មុខតំណែង​ជាច្រើន រួមមាន​ជំនួយការ​រដ្ឋមន្ដ្រីការបរទេស លេខា​ផ្ទាល់​នៃ​ប្រធាន​ក្រុមប្រឹក្សា​គណបក្ស​ប្រជាធិបតេយ្យ​សេរី​(LDP) និង​ជា​លេខា​ផ្ទាល់ខ្លួន​របស់​អគ្គលេខាធិការគណប​ក្ស​ប្រជាធិបតេយ្យ​សេរី​ផងដែរ​។​

​បន្ទាប់ពី​ឪពុក​ស្លាប់​ក្នុង​ឆ្នាំ​១៩៩១ លោក​ស៊ីន​ហ្ស៊ូ អាបេ​ត្រូវ​បានជ្រើសរើ​សជាសមាជិ​កស​ភានៅ​ឆ្នាំ​១៩៩៣ បន្ដ​រហូតដល់​ឆ្នាំ​១៩៩៦​។ នៅ​ឆ្នាំ​១៩៩៩​លោក​បាន​ក្លាយជា​ប្រធាន​ផ្នែក​កិច្ចការ​សង្គម​។ នៅ​ឆ្នាំ​២០០០​ដល់​២០០៣ លោក​គឺជា​អនុប្រធាន​លេខាធិការ​ខុទ្ទកាល័យ​ក្នុង​គណៈរដ្ឋមន្ដ្រី ហើយ​បន្ទាប់មក​លោក​ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​នៅ​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០០៦​។​

​ជា​នាយករដ្ឋមន្ដ្រី​អាណត្ដិ​ដំបូង​

​នៅ​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០០៦ លោក​អាបេ​បាន​ស្បថ​ចូល​កាន់តំណែង​នាយករ​ដ្ឋ​មន្ដ្រី​ជប៉ុន​លើកដំបូង​។ កាលនោះ​ស្ថិតក្នុង​វ័យ​៥២​ឆ្នាំ លោក​គឺជា​នាយករដ្ឋមន្ដ្រី​ក្មេង​ជាងគេ បន្ទាប់ពី​លោក​Fumimaro Konoe​ជា​នាយករដ្ឋមន្ដ្រី​ជប៉ុន​ចប់​អាណត្ដិ​ក្នុង​ឆ្នាំ​១៩៤១​។ ក្នុងអំឡុងពេល​កាន់តំណែង លោក​អាបេ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ធ្វើកំណែទម្រង់​គោលនយោបាយ​ក្នុងស្រុក គោលនយោបាយ​ការបរទេស និង​ធ្វើកំណែទម្រង់​វិស័យ​ការពារជាតិ​។ ប៉ុន្ដែ​គួរឲ្យ​សោកស្ដាយ​នៅ​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០០៧ លោក​អាបេ​បានប្រកាសចុះ​ចេញពី​តំណែង​ក្រោយ​ដឹកនាំ​ប្រទេស​បានតែ​មួយឆ្នាំ​គត់​។ មូលហេតុ​ដោយសារ​មាន​បញ្ហា​សុខភាព​។ លោក​Yasuo Fukuda​ត្រូវ​បានជ្រើសរើស​ជា​នាយករដ្ឋមន្ដ្រី​ថ្មី​ជំនួស​អំឡុង​ពេលនោះ​។ 

​នាយករដ្ឋមន្ដ្រី​អាណត្ដិ​ទីពីរ ទី​បី និង​ទី​បួន​

​បន្ទាប់ពី​វិល​ចូល​សង្វៀន​នយោបាយ​ជាថ្មី នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២ លោក​អាបេ​ត្រូវ​បានជ្រើសរើ​សជានាយក​រដ្ឋមន្ដ្រី​ជប៉ុន​ម្ដងទៀត​។ កាន់តំណែង​ក្នុង​អាណត្ដិ​ទីពីរ លោក​អាបេ​បានបង្កើត​គោលនយោបា​យ​សេដ្ឋកិច្ច​ថ្មី​មួយ​មាន​ឈ្មោះថា​Abenomics ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​ជប៉ុន​។ ក្រៅពី​គោលនយោបាយ​សេដ្ឋកិច្ច លោក​អាបេ​ក៏មិន​ភ្លេច​ពិនិត្យមើល​គោលនយោបាយ​ក្នុងស្រុក និង​គោលនយោបាយ​ការបរទេស រួមទាំង​គោលនយោបាយ​សន្ដិសុខ និង​វិស័យ​ការពារជាតិ​។ 

​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ លោក​អាបេ​បន្ដក្លាយជា​នាយករដ្ឋមន្ដ្រី​អាណត្ដិទីបី ក្រោយ​អំពាវនាវ​ឲ្យ​រៀបចំ​ការបោះឆ្នោត​មុន​កំណត់ ព្រោះ​ស្ថានភាព​ក្នុងប្រទេស​មិន​ល្អប្រសើរ​។ នៅ​ឆ្នាំ​២០១៧ ការបោះឆ្នោត​ជា​សកល​បាន​រៀបចំឡើង​មុន​កំណត់​ម្ដងទៀត គឺ​នៅ​ថ្ងៃទី​២២ ខែតុលា  ចន្លោះពេល​មាន​ការគំរាមកំហែង​ដោយសារ​ការ​ធ្វើតេស្ដ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។  លោក​អាបេ​បាន​បញ្ជាក់ថា ការបោះឆ្នោត​មុន​កំណត់​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ តួយ៉ាង​មាន​ការគំរាមកំហែង​ដោយសារ​ការបាញ់​សាកល្បង​មី​ស៊ី​លពី​កូរ៉េខាងជើង​នេះឯង​។ លោក​ស៊ីន​ហ្ស៊ូ អាបេ​បាន​បន្ដ​ដឹកនាំ​ប្រទេស​ដោយបាន​ដោះស្រាយ​ភាពចម្រូងចម្រាស​ជាច្រើន រួមមាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ក៏ដូចជា​បង្កើន​កិច្ចសហប្រតិបត្ដិការ​ជា​អន្ដរជាតិ និង​ព្យាយាម​ពង្រីក​កេរ្ដិ៍ឈ្មោះ​ជប៉ុន​នៅក្នុង​ពិភពលោក រហូតដល់​ខែកញ្ញា​ឆ្នាំ​២០២០​ជា​ពេលវេលា​កាន់តំណែង​ចុងក្រោយ​របស់លោក​។​

​ការប្រកាស​ចុះ​ចេញពី​តំណែង​ក្នុង​ឆ្នាំ​២០២០

​កាលពី​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២០ លោក​អាបេ​បានប្រកាសនឹង​ចុះចេញ​ពី​តំណែង​ជា​លើក​ទី​ពីរ ដោយ​លើកទីមួយ​កាលពី​ឆ្នាំ​២០០៧​។ មូលហេតុ​ក៏​មិន​ខុសពី​លើក​មុន គឺ​ដោយសារ​ស្ថានភាព​សុខភាព​កាន់តែ​ធ្ងន់ធ្ងរ​។ មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ព្រោះ​ជំងឺ​រលាក​ពោះវៀនធំ​របស់លោក​ធ្វើទុក្ខ​ខ្លាំង​ឡើងៗ ដែល​លោក​គិតថា​មិនអាច​បន្ដ​ដឹកនាំ​រដ្ឋាភិបាល​ទៀត​បាន​។ ម្យ៉ាង​លោក​ក៏​មិន​ចង់ឲ្យ​បញ្ហា​សុខភាព​នេះ ក្លាយជា​ឧបសគ្គ​រារាំង​ការសម្រេច​គោលនយោបាយ​សំខាន់ៗ និង​រារាំង​ដល់​ការដោះស្រាយ​បញ្ហា​បន្ទាន់​របស់​ជាតិ ជាក់ស្ដែង​មាន​វិបត្ដិកូ​វីដ​-១៩​ជាដើម​។ ទីបំផុត​នៅ​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២០ លោក​ស៊ីន​ហ្ស៊ូ អាបេ​បានប្រកាសចុះ​ចេញពី​តំណែង​ជា​ផ្លូវការ ដែល​តាម​កំណត់​លោក​ត្រូវ​បន្ដ​ជា​នាយករដ្ឋមន្ដ្រី​រហូត​ដល់​ខែកញ្ញា​ឆ្នាំ​២០២១​ឯណោះ​។ ក្នុង​ថ្ងៃ​ដែល​លោក​Yoshihide Suga ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ដ្រី​ថ្មី​ជំនួស​។ 

​ស្ថានភាព​គ្រួសារ​និង​ជីវិត​ផ្ទាល់ខ្លួន​

​ចំពោះ​ស្ថានភាព​គ្រួសារ​និង​ជីវិត​ផ្ទាល់ខ្លួន លោក​ស៊ីន​ហ្ស៊ូ អាបេ​បាន​រៀបការ​ជាមួយ​អ្នកស្រី​Akie Matsuza ជា​អតីត​ឌី​ជេ​វិទ្យុ នៅក្នុង​ឆ្នាំ​១៩៨៧​។ អ្នកស្រី Akie គឺជា​កូនស្រី​ប្រធាន​ក្រុមហ៊ុន​Morinaga ជា​ក្រុមហ៊ុន​ផលិត​សូកូឡា​។ អ្នកស្រី​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា​ជា​អ្នកគាំទ្រ​បក្សប្រឆាំង ដោយសារតែ​មាន​ទស្សនៈ​ផ្ទុយ​ពី​ស្វាមី​។ ចំណង​អាពាហ៍ពិពាហ៍​អ្នក​ទាំងពីរ​ពុំ​មានកូន​នោះទេ ហើយក៏​ធ្លាប់​ព្យាបាល​ករណី​គ្មាន​កូន​នេះដែរ​ប៉ុន្ដែ​មិន​ទទួលជោគជ័យ​។ ចំណែក​បងប្អូន​វិញ លោក​អាបេ​មាន​បងប្អូន​ពីរនាក់​ទៀត បងប្រុស​ឈ្មោះ​Hironobu Abe ជា​ប្រធាន​និង​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​វេច​ខ្ចប់ Mitsubishi Shōji Packaging Corporation​។ រីឯ​ប្អូនប្រុស​ឈ្មោះ​Nobuo Kishi ជា​អនុ​រដ្ឋមន្ដ្រីការបរទេស​ជប៉ុន​។ ចំពោះ​ភាសា ក្រៅពី​ភាសា​កំណើត​លោក​អាបេ​ក៏​អាចនិយាយភាសា​អង់​គ្លេស​បានដែរ​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត