កូរ៉េខាងជើង​ព្រមាន​កូរ៉េខាងត្បូង​អំពី​ភាព​តានតឹង​រវាង​គ្នា​លើ​ព្រំដែន​ទឹក​

27-09-2020 3:45 pm 231

​ប្រទេស​កូរ៉េ​ខាងជើង​នៅ​ថ្ងៃអាទិត្យ​ទី​២៧ កញ្ញា ឆ្នាំ​២០២០​នេះ បាន​ព្រមាន​ពី​ភាព​តានតឹង​នៅ​ដែនទឹក​រវាង​យោធា​របស់​ខ្លួន​ជាមួយ​នឹង​យោធា​កូរ៉េខាងត្បូង​។ ភាព​តានតឹង​កើតចេញពី​ការស្វែងរក​សាកសពរ​បស់​មន្ត្រីជលផល​ម្នាក់​របស់​កូរ៉េ​ខាងត្បូង​ដែល​ត្រូវ​បាញ់សម្លាប់​ដោយ​ទាហាន​កូរ៉េ​ខាងជើង​កាលពី​ពេល​ថ្មីៗ​កន្លងទៅ​។ 

​គួរបញ្ជាក់​ថា​ភាព​តានតឹង​រវាង​កូរ៉េ​ទាំង​ពីរ​នៅ​តែ​បន្ត​មាន បើទោះបីជា​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​ចេញ​លិខិត​សុំទោស​ដ៏​កម្រ​មួយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៥​កញ្ញា​ក៏ដោយ​។ ជុំវិញ​ករណី​បាញ់សម្លាប់​ដ៏​ឃោរឃៅ​លើ​មន្ត្រី​ជលផល​របស់​ខ្លួន​នេះ កូរ៉េខាងត្បូង​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង បើក​ការស៊ើបអង្កេត​បន្ថែមទៀត​ចំពោះ​ការបាញ់សម្លាប់​ដ៏​សាហាវ​នេះ​ដើម្បី​វែកមុខ​អ្នក​ដែល​បាន​ប្រព្រឹត្ត​។ លើសពី​នេះ​កូរ៉េ​ខាងត្បូង​បានស្នើ​របើក​ការស៊ើបអង្កេត​រួមគ្នា​ជាមួយ​កូរ៉េ​ខាងជើង​ផងដែរ​។ ជាក់ស្ដែង​យោធា​កូរ៉េខាងត្បូង​មិន​ត្រឹម​តែ​ចោទ​ថា ទាហាន​កូរ៉េ​ខាងជើង​បាន​បាញ់សម្លាប់​មន្ត្រី​របស់​ខ្លួន​ឡើយ ពោល​គឺ​ថែមទាំង​បាន​ចាក់​ប្រេង​ដុត​សាកសព​មន្ត្រី​របស់​ខ្លួន​ទៀត​។​

​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងជើង​KCNA បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា កូរ៉េខាងជើង​កំពុង​ពិចារណា​រក​វិធី ដើម្បី​ប្រគល់​សាកសព​មន្ត្រីជលផល​ដែល​យោធា​របស់​ខ្លួន​បាន​បាញ់សម្លាប់ ទៅ​ឲ្យ​កូរ៉េ​ខាងត្បូង​បើសិនជា​គេ​រកឃើញ​។ ប៉ុន្តែ​របាយការណ៍​មួយ​បានឲ្យដឹងថា កូរ៉េខាងជើង​មិន​ពេញចិត្ត ចំពោះ​ប្រតិបត្តិការ​របស់​កងទ័ព​ជើង​ទឹក​កូរ៉េខាងត្បូង នៅតំបន់​ក្បែរ​ទីតាំង​កើតហេតុ​បាន​ឆ្លង​ចូល​ដែនទឹក​របស់​កូរ៉េ​ខាងជើង​ដោយ​បំពាន​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េខាងជើង​KCNA និយាយថា ខ្លួន​ទទូច​ឲ្យ​ភាគី​កូរ៉េ​ខាងត្បូង​ត្រូវ​បញ្ឈប់​ការជ្រៀតជ្រែក​ឆ្លងកាត់​បោះបង្គោល​ព្រំដែន​នៅ​សមុទ្រ​ខាងលិច ព្រោះ​វា​អាច​កាន់តែ​ធ្វើឲ្យ​មាន​ភាពតាន​តឹងរវាង​យោធា​កូរ៉េ​ទាំង​ពីរ​។​

​ដោយឡែក​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​មិនបាន​ធ្វើ​ការអត្ថាធិប្បាយ​ភ្លាមៗ​ជុំវិញ​ការចោទប្រកាន់​របស់​កូរ៉េខាងជើង​នេះ​ទេ​។ បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងត្បូង​យ៉ុន​ហាប់​បាន​និយាយ​ថា​កូរ៉េ​ខាងត្បូង​បាន​កៀរគរ​នាវា​ចំនួន ៣៩​គ្រឿង ក្នុងនោះ​មាន​នាវា​កងទ័ពជើងទឹក ១៦​គ្រឿង​និង​យន្តហោះ​ចំនួន ៦​គ្រឿង សម្រាប់​រុករក​ដែល​បាន​បន្ត​នៅ​ថ្ងៃ​អាទិត្យ​នេះ ខណៈ​កូរ៉េខាងជើង​ក៏​កំពុង​ស្វែងរក​ដូចគ្នា​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត