លោក​ហ៊ុន សែន​​លើកឡើង​​៥​ចំណុច​​ទៅកាន់​​មហាសន្និបាត​​លើក​ទី​៧៥​​របស់​UN

27-09-2020 3:21 pm 360

​ភាព​តានតឹង​ផ្នែក​ភូមិសាស្ដ្រ​នយោបាយ​ថ្មីៗ​និង​ផលប៉ះពាល់​ចំពោះ​ពិភពលោក ជំងឺ​រាត្បា​តកូ​វីដ​-១៩ ការសា្ដ​សេដ្ឋកិច្ច​និង​សង្គម​ឡើងវិញ បញ្ហា​និង​ការ​ប្រឈម​ជា​សកល បញ្ហា​ភេរវកម្ម​មិនមែន​រដ្ឋ និង​ប្រតិ​ប​ត្ដិ​ការរក្សាសន្ដិភាព ការបដិសេធ​ចំពោះ​ភាព​អ​យុត្ដិធម៌ គឺជា​ទស្សនៈ​ទាំង​៥​ដែល​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន​បានលើកឡើង​នៅក្នុង​កិច្ចពិភាក្សា​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។ លោក​ហ៊ុន សែន​បាន​មានប្រសាសន៍​ផងដែ​រថា ពិភពលោក​បច្ចុប្បន្នកំពុង​ប្រឈម​បញ្ហា ប្រជាជន​កំពុង​រងទុក្ខវេទនា ហើយ​ភពផែនដី​កំពុងតែ​រងគ្រោះ​។ បញ្ហា​ប្រឈម​ធំៗ​គឺ​ស្ថិតនៅ​ចំ​ពីមុខ ប៉ុន្ដែ​មាន​ប្រទេស​ខ្លះ​បាននិងកំពុង​គេចវេះ​ពី​ការទទួលខុសត្រូវ​របស់ខ្លួន​។ ដូច្នេះ​វា​ក៏​អាស្រ័យ​លើ​មហាអំណាច​ទាំងឡាយ ទាំង​ថ្នាក់​កំពូល ទាំង​ថ្នាក់កណ្ដាល ក្នុង​ការធ្វើការ​រួមគ្នា​ដើម្បី​ធានាបាន​នូវ​សណ្ដាប់ធ្នាប់​ពិភពលោក​ថ្មី​មួយ​។ 

​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៥ ដែល​ប្រព្រឹត្ដទៅ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​។ តាមរយៈ​ការចូលរួម​នេះ​លោក​បាន​គូសបញ្ជាក់​ពី​បញ្ហា​ប្រឈម​ជាច្រើន ដែល​ពិភពលោក​កំពុង​ជួបប្រទះ​នា​ពេលបច្ចុប្បន្ន ហើយ​ដែល​បញ្ហា​ទាំងនោះ​កំពុង​រុញច្រាន​ឲ្យ​មនុស្ស​រាប់លាន​នាក់​ក្លាយជា​ជនរងគ្រោះ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ក៏​បានបង្ហាញ​ទស្សនៈ​ផ្ទាល់ខ្លួន​៥​ចំណុច​ផងដែរ ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៥​នា​ឆ្នាំនេះ​។​

១ ភាព​តានតឹង​ផ្នែក​ភូមិសាស្ដ្រ​នយោបាយ​ថ្មីៗ និង​ផលប៉ះពាល់​ចំពោះ​ពិ​ភ​ពលោក​

​ត្រង់ចំណុច​ទី​១​នេះ លោក​ហ៊ុន សែន​បាន​លើកឡើងថា ស្ថិរភាព​និង​វិបុលភាព​រយៈពេល​វែង​បំផុត​ក្នុងសម័យ​ទំនើប​នេះ ដែល​កើតចេញពី​សណ្ដាប់ធ្នាប់​អន្ដរជាតិ បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៤៥​នោះ កំពុង​ទទួលរង​ភាព​រង្គោះរង្គើ​យ៉ាងខ្លាំង ព្រោះ​គុណ​តម្លៃ​ជា​មូលដ្ឋាន​ដែលជា​គ្រឹះ​នៃ​សណ្ដាប់​នេះ ក៏ដូចជា​គោលការណ៍​ស្នូល​នៃ​ច្បាប់​អន្ដរជាតិ ត្រូវបាន​រំលោភបំពាន​និង​លែង​គោរព​។ ជាងនេះទៅទៀត​និន្នការឯ​កតោ​ភាគី​និយម និង​ការប្រើ​កម្លាំងបាយ​គាបសង្កត់​ប្រទេស​ទន់ខ្សោយ កំពុង​កើនឡើង​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​អន្ដរ​ជាតិនិង​វិធានការ​ពហុភាគី​និយម​។ 

​បន្ថែម​លើ​នេះ​លោក​នាយករដ្ឋមន្ដ្រី​ថា មាន​ការផ្លាស់ប្ដូរ​ដ៏​គួរឲ្យ​ភ័យព្រួយ​នៃ​គោលនយោបាយ​និងល​ទ្ធិ​យោធានិយម ឆ្ពោះទៅរក​ទស្សនៈ​មួយ​ដែលថា​ការបង្កើត​សង្គ្រាម ដើម្បី​រក្សា​ឧត្ដមភាព​របស់ខ្លួន​ជា​ទង្វើ​ដែល​អាច​ទទួលយកបាន​។ ប្រព័ន្ធ​ត្រួតពិនិត្យ​អាវុធ​អន្ដរជាតិ​មានការ​ចុះខ្សោយ និង​កើនឡើង​យ៉ាង​ស្រួចស្រាល​នៃ​ហានិភ័យ​នុយក្លេអ៊ែ​រ​។ ម្យ៉ាង​វិញ​លោក​ថា​ការជ្រៀតជ្រែក​ផ្ទៃក្នុង​ក៏​ត្រូវបាន​គេ​ប្រើប្រាស់​ដោយ​ឥត​ញញើត និង​ធ្វើឡើង​ក្នុង​កម្រិត​មួយ​ដែល​បំផ្លិញបំផ្លាញ​គោលការ​ណ៍​ជា​មូលដ្ឋាននៃ​រដ្ឋធ​ម្មនុញ្ញ​អង្គការសហប្រជាជាតិ ហើយ​ការបំផ្លាញ​សណ្ដាប់ធ្នាប់​អន្ដរជាតិ គឺជា​មូលហេតុ​នៃ​ក្ដីបារម្ភ​ដ៏​ធំធេង​។ ទន្ទឹមនេះ លទ្ធភាព​នៃ​ការកើតឡើង​នូវ​សង្គ្រាមត្រជាក់​បែប​ថ្មី​ក៏បាន​ក្លាយជា​កង្វល់​ដ៏​ចម្បង​មួយទៀត ព្រោះថា​កម្ពុជា​ធ្លាប់បាន​បង់ថ្លៃ​យ៉ាងដំណំ​ដោយសារ​ជម្លោះ​សង្គ្រាមត្រជាក់ ការខ្វែងគំនិត​គ្នា​ផ្នែក​មនោគមវិជ្ជា និង​ការប្រកាន់​ឥរិយាបថ​ជាតិនិយម​ជ្រុល​។​

២ ជំងឺ​រាត្បា​តកូ​វីដ​-១៩, ការសា្ដ​សេដ្ឋកិច្ច​និង​សង្គម​ឡើងវិញ​

​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន​បាន​មានប្រសាសន៍ថា ក្នុង​ប្រវត្ដិសាស្ដ្រ ពិភពលោក​ពុំ​ធ្លាប់​ជួប​វិបត្ដិ​សុខាភិបាល​ណា​ដែល​បង្ក​ផលប៉ះពាល់​និង​ផ្ដល់​ផលវិបាក​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​បែបនេះ​ទេ​។ ទោះបីជា​ពុំទាន់​អាច​វាយតម្លៃ​បាន​ពេញលេញ​នៅឡើយ​ពី​ផលប៉ះពាល់​នៃ​កូវី​ដ​-១៩​ទៅលើ​សេដ្ឋកិច្ចពិភពលោក ប៉ុន្ដែ​លោក​ថា​អាច​ប្រមើល​ឃើញ​បាន​អំពី​យថាភាព​ដ៏​អាក្រក់​នៃ​ការ​ក្ស័យធន​ផ្នែក​ធុរកិច្ច និង​ការបាត់បង់​ការងា​រដែ​ល​បាននិងកំពុង​បង្ក​ផលប៉ះពាល់​ដល់​ជីវភាព​មនុស្ស​រាប់លាន​នាក់​។​

​កូវី​ដ​-១៩​ក៏បាន​ក្រើនរម្លឹក​ពី​សាមគ្គីភាព​ដែល​មិនអាច​ខ្វះ​បាន ក្នុងការ​បង្រួបង្រួម​ប្រជាជាតិ​ទាំងអស់លើ​ពិភពលោក​។ ដើម្បី​ស្ដា​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ពិភពលោក​ឡើង​វិញ​ឲ្យបាន​ចាប់​រហ័ស ត្រូវតែមាន​កិច្ចសហការ​គ្នា​ឲ្យ​កាន់តែ​ជិតស្និទ្ធ តាមរយៈ​ស្ថាប័ន​អន្ដរជាតិ​នានា​ឈរលើ​គោលការណ៍​តម្លាភាព​និង​ប្រសិទ្ធភាព​។ ពេលនេះ​គឺ​សំខាន់​ជាង​ពេលណាៗ​ទាំងអស់ ដែល​ត្រូវ​ច្រានចោល​នូវ​ឥរិយាបថ​គិតតែ​ពី​ខ្លួនឯង​ឬ​អត្មា​អញ​ជា​ចម្បង ផ្ទុយ​ទាំងស្រុង​ទៅនឹង​គុណ​តម្លៃ​ជា​សកល​របស់​មនុស្សជាតិ​។ 

៣ បញ្ហា និង​ការ​ប្រឈម​ជា​សកល​

​នៅក្នុង​ចំណុច​ទី​៣ លោក​ហ៊ុន សែន​លើកឡើងថា ពិនិត្យ​លើ​ស្ថានភាព​សេដ្ឋកិច្ច​សកលលោក ដែល​កំពុង​រង​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូវី​ដ​-១៩ លោក​ពិតជា​ព្រួយបារម្ភ​ជាពិសេស​អំពី​ផលប៉ះពាល់​ចំពោះ​ធនធាន​សម្រាប់​យកទៅ​អនុវត្ដ​លើ​ការងារ​ជា​អាទិភាព ដើម្បី​សម្រេចបាន​នូវ​របៀបវារៈ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីយរ​ភាព​ឆ្នាំ​២០៣០​តាម​ពេលវេលា​កំណត់​។ រីឯ​ការប្រែប្រួល​អាកាសធាតុ​វិញ គឺជា​បញ្ហា​ដ៏​គួរឲ្យ​បារម្ភ​ខ្លាំងក្លា​មួយទៀត ខណៈ​កម្ពុជា​ជា​ប្រទេស​តូច​មួយ​ដែល​ធនធាន​មាន​កម្រិត ក៏បាន​ខិតខំ​ដោះស្រាយ​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ ទាំង​ក្នុង​ក្រម​ខណ្ឌ​ជាតិ​និង​អន្ដរជាតិ​។ 

៤ បញ្ហា​ភេរវកម្ម​មិនមែន​រដ្ឋ និង​ប្រតិ​ប​ត្ដិ​ការរក្សាសន្ដិភាព​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​យល់ឃើញថា ការមិន​អើពើ​ចំពោះ​ការគំរាមកំហែង​ពី​ភេរវកម្ម​មិនមែន​រដ្ឋ ដោយ​គ្រាន់តែ​សង្ឃឹមថា​វា​នឹង​រលត់ទៅវិញ​ដោយ​ឯកឯង គឺជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ​។ លោក​ថា​ត្រូវតែមាន​ការទទួលស្គាល់​ដែរថា ឫសគល់​នៃ​ជម្លោះសាសនា​ជ្រុលនិយម​នេះ មិនទាន់​ត្រូវបាន​ដោះស្រាយ​នៅឡើយ​ទេ​។ ភាពជ្រុលនិយម​គ្រប់​ទម្រង់ មាន​ប្រភព​ចេញពី​អ​យុត្ដិធម៌​សង្គម ដែល​កើតឡើង​ដោយសារ​ការរើសអើង​យេនឌ័រ ភាសា ពណ៌​សម្បុរ ជំនឿ ឬ​ដើមកំណើត​ជា​តិសាសន៍​។ ស្របពេល​ជាមួយគ្នា បញ្ហា​ក្ដៅគគុក​ផ្សេងទៀត​នៅតែ​បន្ដ​គំរាមកំហែង​ដល់​សន្ដិភាព​និង​សន្ដិសុខ នៅតាម​តំបន់​ជាច្រើន​ជុំវិញ​ពិភពលោក​។ ដូច្នេះ​ក្នុង​បរិការណ៍​នេះ កម្ពុជា​មាន​មោទនភាព​ចំពោះ​ការរួមចំណែក​រក្សា​សន្ដិភាព​ពិភពលោក​ក្នុងអំឡុងពេល​ជាច្រើន​ឆ្នាំកន្លងមក ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​។ កម្ពុជា​ក៏​បន្ដ​ប្ដេជ្ញាចិត្ដ​ជានិច្ច​ក្នុង​ការបន្ដ​កិច្ចខិតខំ​ប្រឹងប្រែង​ថែរក្សា​សន្ដិភាព ក្នុង​គោលដៅ​លើកកម្ពស់​សន្ដិភាព និង​ការអភិវឌ្ឍ​សម្រាប់​គ្រប់ៗ​គ្នា​។ 

៥ ការបដិសេធ​ចំពោះ​ភាព​អ​យុត្ដិធម៌​

​នៅក្នុង​ចំណុច​ចុងក្រោយ លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន​បាន​សង្កត់ធ្ងន់ថា ក្នុងនាម​ជា​ប្រទេស​តូច​មួយ​ដែល​ស្រឡាញ់​សន្ដិភាព និង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ កម្ពុជា​អាច​ដើរតួនាទី​ចូលរួមចំណែក​របស់ខ្លួន​នៅក្នុង​សហគមន៍​អន្ដរជាតិ​បាន លុះត្រាតែ​មានការ​ធានាថា​វិធានការ​ច្បាប់​នានា​ដែល​គ្រប់គ្រង​ប្រព័ន្ធ​អន្ដរជាតិ ត្រូវបាន​អនុវត្ដ​ប្រកបដោយ​សមភាព​។ លោក​បន្ថែមថា​គួរឲ្យ​សោកស្ដាយ​ដែល​ជារឿយៗ អាស្រ័យ​ទៅនឹង​មហិច្ឆតា​នយោបាយ​និង​របៀបវារៈ​ឱកាសនិយម​លាក់ពុត​របស់​ប្រទេស​មួយចំនួន កម្ពុជា​ត្រូវ​ប្រឈមមុខ​នឹង​ស្ដង់ដារ​ទ្វេ​ដែល​ប្រកបដោយ​ល្បិចកល និង​ការសម្រេចចិត្ដ​ដែលមា​ន​ភាពលម្អៀង និង​មាន​ចេតនា​នយោបាយ ពោលគឺ​ភាព​អ​យុត្ដិធម៌​។​

​ការណ៍​ដែល​សហភាព​អឺរ៉ុប​ដកហូត​EBA​មួយផ្នែក​ពី​កម្ពុជា នៅពេលដែល​ប្រទេស​នេះ​កំពុង​ប្រឹងប្រែង​តស៊ូ​ជម្នះ​ជំងឺ​រាតត្បាត​កូវី​ដ​-១៩ គឺជា​រឿង​ច្រំ​ដែល​នៃ​ប្រវត្ដិសាស្ដ្រ​។ តែ​ទោះបីជា​យ៉ាងណា កម្ពុជា​នៅតែ​ប្ដេជ្ញាចិត្ដ​យ៉ាង​ពេញទំហឹង​ដូចដែល​ខ្លួន​ធ្លាប់​បានធ្វើ​អស់​រយៈពេល​៤០​ឆ្នាំកន្លងមក ក្នុង​ការការពារ​នូវ​អ្វីដែល​ខ្លួន​ជឿជាក់ថា​ជា​មា​គារ​ដ៏​ត្រឹមត្រូវ នោះ​គឺ​ការពារ​អធិបតេយ្យភាព និង​ថែរក្សា​សន្ដិភាព​ដែល​បាន​កសាងឡើង​យ៉ាង​លំបាកលំបិន​។​

​ជា​ចុងក្រោយ លោក​ហ៊ុន សែន​បាន​បញ្ជាក់ថា លោក​សូម​និយាយ​ចំៗ​ពិភពលោក​កំពុង​ជួប​បញ្ហា ប្រជាជន​កំពុង​រងទុក្ខវេទនា ហើយ​ភពផែនដី​កំពុងតែ​រងគ្រោះ​។ បញ្ហា​ប្រឈម​ធំៗ​គឺ​ស្ថិតនៅ​ចំ​ពីមុខ ហើយ​មាន​ប្រទេស​ខ្លះ​បាននិងកំពុង​គេចវេះ​ពី​ការទទួលខុសត្រូវ​របស់ខ្លួន​។ សរុបទៅ វា​អាស្រ័យ​លើ​ប្រទេស​ដែល​មានអំណាច​ខ្លាំងក្លា​ជាងគេ​បំផុត ក្នុង​ការបញ្ឈប់​ការគំរាមកំហែង​ដល់​សន្ដិភាព​ពិភពលោក និង​ភាព​រស់រាន​របស់​ភពផែនដី ហើយ​ជាមួយគ្នានេះ​វា​ក៏​អាស្រ័យ​លើ​មហាអំណាច​ទាំងឡាយ ទាំង​ថ្នាក់​កំពូល ទាំង​ថ្នាក់កណ្ដាល ក្នុង​ការធ្វើការ​រួមគ្នា​ដើម្បី​ធានាបាន​នូវ​សណ្ដាប់ធ្នាប់​ពិភពលោក​ថ្មី​មួយ ដែល​ឈរលើ​ការគោរព​អធិបតេយ្យ​គ្នា​ទៅវិញទៅមក​និង​សន្ដិ​សហ​វិជ្ជមាន​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត