លោក​ត្រាំ​តែងតាំង​លោកស្រី​Barrett​ជា​បេក្ខភាព​ចៅក្រម​តុលាការ​កំពូល​ថ្មី​

27-09-2020 11:51 am 217

​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​សៅរ៍​ទី​២៦ កញ្ញា ឆ្នាំ​២០២០ បាន​ប្រកាស​តែងតាំង​លោកស្រី​អេ​មី ខូ​នី បា​រ៉េត​(Amy Coney Barrett ជា​បេក្ខភាព​ចៅក្រម​តុលាការ​កំពូល​ថ្មី​។ លោកស្រី​បា​រ៉េត​នឹងត្រូវ​ឡើង​ជំនួស​កន្លែង​លោកស្រី​Ruth Bader Ginsburg ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១៨​កញ្ញា​កន្លងទៅ បើ​មាន​ការគាំទ្រ​ពី​ព្រឹទ្ធសភា​។ ជាមួយ​គ្នា​លោក​ត្រាំ​បាន​និយាយថា លោកស្រី​បា​រ៉េត​ជា​ចៅក្រម​មាន​ដ៏​មាន​ប្រជាប្រិយភាព​និង​ឆ្នើម​ម្នាក់ ហើយ​គាត់​ស្មោះត្រង់​នឹង​រដ្ឋធម្មនុញ្ញ​។​

​លោកស្រី​បា​រ៉េត​នឹង​ត្រូវ​តែងតាំង​ជា​ចៅក្រម​តុលាការ​កំពូល​ជា​ផ្លូវការ បើ​មាន​ការសម្រេច​ពី​ព្រឹទ្ធសភា​អាមេរិក​។ ការតែងតាំង​នេះ​នឹង​កាន់តែ​បង្ក​ជា​ភាព​តានតឹង​នៅក្នុង​ព្រឹទ្ធសភា សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​អាណត្តិ​ថ្មី​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​។​

​ដោយឡែក​សម្រាប់​លោកចូ បៃ​ដិន ដែល​ជា​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​អាណត្តិ​ថ្មី និង​ជា​គូ​ប្រជែង​របស់​លោក​ត្រាំ និយាយថា ព្រឹទ្ធសភា​គួរ​ទុក​តំណែង​នេះ​នៅ​ទំនេរ ដោយ​ចាំ​រហូត​ទាល់តែ​ការបោះឆ្នោត​ប្រធានាធិបតី​បញ្ចប់​ជា​ផ្លូវការ​សិន​។ លោកបៃ​ដិន​បន្តថា រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក​ត្រូវ​បង្កើតឡើង ដើម្បី​ផ្តល់​ឱកាស​ដល់​ពលរដ្ឋ​ជា​ម្ចាស់​សន្លឹកឆ្នោត ដូច្នេះ​សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូល​នេះ​គួរតែ​មាន​សំឡេង​គាំទ្រ​ពី​ពួកគេ​ដែរ​។ លោកស្រី​បា​រ៉េត​ជា​ចៅក្រម​តុលាការ​កំពូល​ទី​៣​ហើយ ដែល​ត្រូវបាន​តែងតាំង​ដោយ​លោក​ត្រាំ បន្ទាប់ពី​លោក​Neil Gorsuch កាលពី​ឆ្នាំ​២០១៧ និង​លោក​Brett Kavanaugh កាលពី​ឆ្នាំ​២០១៨​។​

​សូមបញ្ជាក់​ថា លោកស្រី​អេ​មី ខូ​នី បា​រ៉េត​(Amy Coney Barrett) មាន​អាយុ​៤៨​ឆ្នាំ​។ លោកស្រី​បា​រ៉េត​ធ្លាប់​ត្រូវបាន​តែងតាំង​ដោយ​លោក​ត្រាំ​ក្នុង​ឆ្នាំ​២០១៧ ទៅ​បម្រើការ​នៅក្នុង​តុលាការឧ​ទ្ទ​ណ៍​នៃ​តុលាការ​នៅក្នុង​ទីក្រុង​ឈី​កា​ហ្គោ​។ លោកស្រី​ជា​អ្នក​កាន់​សាសនា​កាតូលិក និង​ជា​អ្នក​អភិរក្សនិយម​ដែល​បាន​បដិសេធ​នូវ​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​ឆ្នាំ​១៩៧៣ លើ​សេចក្ដីព្រាងច្បាប់ ការ​រំលូតកូន​ដោយ​ស្របច្បាប់​នៅ​អាមេរិក​។​

​ទាក់ទង​ការតែងតាំង​នេះដែរ បើ​តាម​លោក​Mitch McConnell មេដឹកនាំ​សំឡេង​ភាគច្រើន​នៃ​ព្រឹទ្ធសភា បាន​ប្តេជ្ញា​ថា​នឹង​ធ្វើ​ការបោះឆ្នោត​តែងតាំង​តំណែង​ចៅក្រម​កំពូល​មុន​ការបោះឆ្នោត​ប្រធានាធិបតី​។ មេដឹកនាំ​សំឡេង​ភាគ​ច្រើន​រូប​នេះ ក៏​បាន​សរសើរ​លោក​ត្រាំ​ផងដែរ​ចំពោះ​ការតែងតាំង​ចៅក្រម​ថ្មី​នេះ​។ 

​យ៉ាងណា​បើ​តាម​សេត​វិមាន​អះអាងថា សេត​វិមាន​កំពុង​ធ្វើការ​ទាក់ទង​ជាមួយ​ការិយាល័យ​ព្រឹទ្ធសភា​ក្នុង​ការ​កំណត់​ពេលវេលា​ប្រជុំ​លើ​ការតែងតាំង​នេះ​។ តាម​ការប៉ាន់ស្មាន​កិច្ចប្រជុំ​អាច​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ពុធ​ទី​៣០​កញ្ញា​ខាង​មុខ​។ អ្នក​ដែល​ត្រូវ​គេ​តែងតាំង​នឹង​ត្រូវ​បាន​គណៈកម្មាធិកា​រ​វិនិច្ឆ័យ​ព្រឹទ្ធសភា​បោះឆ្នោត​ជ្រើសរើស ហើយ​ក្នុងនោះ​មាន​សមាសភាព​គណបក្ស​សាធារណរដ្ឋ​ចំនួន ២២​រូប​។ 

​គួរ​ជម្រាប​ថា ជាធម្មតា​ការបោះឆ្នោត​តែងតាំង​អាច​នឹង​ប្រព្រឹត្ត​ទៅ​ចន្លោះ​ពី ៣ ទៅ​៥​ថ្ងៃ​។ បន្ទាប់​មក​សមាជិករ​បស់​គណៈកម្មាធិការ​វិនិច្ឆ័យ​ព្រឹទ្ធសភា​នឹង​សម្រេច​ថា គួរ​បញ្ជូន​ការតែងតាំង​ទៅ​បោះឆ្នោត​នៅ​ព្រឹទ្ធសភា​ពេញអង្គ​ឬ​យ៉ាងណា​។ បើ​បញ្ជូន នោះ​នឹង​មាន​សមាជិក​ព្រឹទ្ធសភា​១០០​រូប ចូលរួម​បោះឆ្នោត​ទទួល​យក​ឬ​មិន​ទទួលយក​ការតែងតាំង​លោក​ស្រី​បា​រ៉េត​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត