ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃទី២៧កញ្ញានេះ បានចេញសេចក្ដីជូនព័ត៌មានស្ដីពីស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា។ តាមរយៈសេចក្ដីជូនព័ត៌មានក្រសួងបានបញ្ជាក់ថា កាលពីថ្ងៃទី២៦កញ្ញាកម្ពុជាមានករណីវិជ្ជមានកូវីដ-១៩ ទៅលើបុរសជនជាតិហុងគ្រីអាយុ៧០ឆ្នាំម្នាក់រស់នៅក្នុងខេត្ដសៀមរាប។ ដោយឡែកពុំមានអ្នកជំងឺកូវីដ-១៩ត្រូវបានព្យាបាលសះស្បើយនោះទេ។
សរុបមកគិតត្រឹមព្រឹកថ្ងៃទី២៧កញ្ញា កម្ពុជាមានអ្នកជំងឺកូវីដ-១៩ចំនួន២៧៦នាក់ ស្ដ្រី៥៤នាក់និងបុរស២២២នាក់។ ក្នុងចំណោមករណីឆ្លងសរុបនេះ ព្យាបាលជាសះស្បើយចំនួន២៧៤នាក់ ស្ដ្រី៥៤នាក់និងបុរស២២០នាក់ ដែលស្មើនឹង៩៩,២៧ភាគរយធៀបចំនួនអ្នកផ្ទុកវីរុសកូវីដ-១៩ទាំងអស់។ រីឯអ្នកជំងឺកំពុងសម្រាកព្យាបាលវិញមាន០២នាក់ ក្នុងនោះមានបុរសជនជាតិហុងគ្រីខាងលើត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ដសៀមរាប និងបុរសម្នាក់ទៀតសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតក្នុងរាជធានីភ្នំពេញ។
ជុំវិញការស្រាវជ្រាវរកអ្នកប៉ះពាល់នឹងបុរសជនជាតិហុងគ្រីទើបរកឃើញវិជ្ជមានកូវីដ-១៩ ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ដសៀមរាប និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល សហការជាមួយអង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក បាននិងកំពុងស្រាវជ្រាវរកអ្នកប៉ះពាល់យ៉ាងមមាញឹក។ ក្រសួងសុខាភិបាលបញ្ជាក់បន្ថែមថា ភរិយាបុរសជនជាតិហុងគ្រី ជាស្ដ្រីជនជាតិខ្មែរ កំពុងធ្វើចត្ដាឡីស័ក១៤ថ្ងៃនិងតាមដានសុខភាពនៅក្នុងមន្ទីរពេទ្យខេត្ដសៀមរាប។ លទ្ធផលតេស្ដលើកទី១របស់គាត់កាលពីថ្ងៃទី២៦កញ្ញាគឺអវិជ្ជមានកូវីដ-១៩។
ចំពោះអ្នកបើកម៉ូតូកង់បីនៅខេត្ដសៀមរាបដែលដឹកអ្នកជំងឺជាបុរសជនជាតិហុងគ្រី ត្រូវបានក្រុមការងាររកឃើញហើយនៅរសៀលថ្ងៃទី២៦កញ្ញា និងបានមកពិនិត្យតាមដានសុខភាពព្រមទាំងធ្វើចត្ដាឡីស័ក១៤ថ្ងៃនៅក្នុងមន្ទីរពេទ្យខេត្ដសៀមរាប។ លទ្ធផលតេស្ដលើកទី១របស់គាត់គឺអវិជ្ជមាន ហើយក្រុមគ្រួសាររបស់គាត់មានភរិយានិងកូន០២នាក់ ត្រូវបានណែនាំឲ្យធ្វើចត្ដាឡីស័កចំនួន១៤ថ្ងៃនៅផ្ទះដើម្បីតាមដានសុខភាពផងដែរ។
អ្នកបម្រើការនៅគ្រឹះស្ថានអង្គរក្រុងសៀមរាប ដែលជាកន្លែងអ្នកជំងឺចូលទិញផ្ទាំងគំនូរនោះ តាមការស្រាវជ្រាវមិនមានប៉ះពាល់ច្រើនទេ ព្រោះអ្នកជំងឺបានពាក់ម៉ាស់ហើយចូលទៅទិញតែផ្ទាំងគំនូរមួយភ្លែតប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្ដីក្រុមគ្រូពេទ្យកំពុងបន្ដតាមដានពិនិត្យបន្ថែមទៀតលើករណីនេះ។ សម្រាប់អ្នកបើកឡានតាក់ស៊ីនៅភ្នំពេញ ដែលអ្នកជំងឺបានម៉ៅជិះម្នាក់ឯងកាលពីថ្ងៃទី១៦ខែកញ្ញា ក៏រកឃើញហើយដែរ ដែលនឹងត្រូវយកវត្ថុសំណាកនៅថ្ងៃទី២៧កញ្ញានេះ ដើម្បីវិភាគហើយបានណែនាំឲ្យធ្វើចត្ដាឡីស័កនៅផ្ទះរបស់គាត់។
អ្នកដំណើរតាមយន្ដហោះដែលមានបុរសជនជាតិហុងគ្រីជិះដែរនោះ សរុបចំនួន៨៤នាក់ ត្រូវបានក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលបាននិងកំពុងទាក់ទង ដើម្បីធ្វើតេស្ដពួកគេជាលើកទីពីរជាបណ្ដើៗហើយ នៅពេលមានលទ្ធផលក្រសួងនឹងជូនដំណឹងជាបន្ដទៀត។ ក្រសួងសុខាភិបាលបានបន្ដអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្ដចូលរួមអនុវត្ដន៍វិធានការការពារការចម្លងវីរុសកូវីដ-១៩ ទៅតាមការណែនាំនិងការអំពាវនាវជារឿយៗរបស់ក្រសួង ដើម្បីសុខភាពផ្ទាល់ខ្លួន សុខភាពក្រុមគ្រួសារ និងចៀសផុតពីការចម្លងចូលក្នុងសហគមន៍៕(ដោយ៖ពេញ ផេង)