មនុស្សចំនួន៧នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការវាយប្រហារដោយកាំបិទ បណ្តាលឲ្យមនុស្ស២នាក់របួស នៅខាងក្រៅអតីតទីស្នាក់ការកាសែត Charlie Hebdo ក្នុងទីក្រុងប៉ារីសប្រទេសបារាំង កាលពីថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២០។ ក្នុងចំណោមមនុស្ស៧នាក់ មានជនសង្ស័យសំខាន់ម្នាក់ អាយុ១៨ឆ្នាំ ដើមកំណើតប៉ាគីស្ថាន ត្រូវបានចាប់ខ្លួននៅក្បែរកន្លែងកើតហេតុ។ បុរសវ័យក្មេងរូបនេះ បានធ្វើដំណើរមកដល់ប្រទេសបារាំងកាលពី៣ឆ្នាំមុន។ ចំពោះការវាយប្រហារនេះ ត្រូវបានចាត់ទុកថា ជាការវាយប្រហារភេរវកម្ម។
ការវាយប្រហារនេះបានកើតឡើង ខណៈតុលាការបារាំង បាននិងកំពុងបើកសវនាការកាត់ទោស ជនជាប់ចោទចំនួន១៤នាក់ ដែលត្រូវបានចោទប្រកាន់ថា បានជួយក្រុមសកម្មប្រយុទ្ធជីហាដចំនួន២នាក់ វាយប្រហារទៅលើទីស្នាក់ការកាសែត Charlie Hebdo បណ្តាលឲ្យមនុស្ស១២នាក់ស្លាប់ កាលពីឆ្នាំ២០១៥។ បច្ចុប្បន្នទីតាំងទីស្នាក់ការកាសែតCharlie Hebdo ត្រូវបានប្រើប្រាស់ ដោយក្រុមហ៊ុនផលិតកម្មទូរទស្សន៍មួយ។ ចំណែកជនរងគ្រោះពីរនាក់ដែលរបួស នៅក្នុងការវាយប្រហារដោយកាំបិទកាលពីថ្ងៃសុក្រ មិនត្រូវបានគេបង្ហាញឈ្មោះជាផ្លូវការទេ ប៉ុន្តែប៉ូលិសនិយាយថា ពួកគេគឺជាបុរសនិងស្ត្រីម្នាក់ ដែលធ្វើការនៅក្រុមហ៊ុនផលិតកម្ម៕ ដោយ៖អ៊ុន សុខឡា