កូរ៉េខាងត្បូង​ស្នើ​កូរ៉េខាងជើង​ស៊ើបអង្កេត ចំពោះ​ការបាញ់សម្លាប់​មន្ត្រី​របស់ខ្លួន​

26-09-2020 3:10 pm 225

​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង ហាក់ដូចជា​យល់ឃើញ​ផ្សេងគ្នា ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ដែល​បាន​កើតឡើង​ចំពោះ មន្ត្រី​នៃ​នាយកដ្ឋាន​ជលផល​កូរ៉េខាងត្បូង​ម្នាក់​។ លោក​គីម ជុង​អ៊ុន​បាន​សុំទោស ចំពោះ​ការបាញ់សម្លាប់​មន្ត្រី​កូរ៉េខាងត្បូង ដែល​ហាក់​បង្ហាញថា គ្មាន​ចេតនា​ឲ្យ​រឿងនេះ​កើតឡើង និង​ថែមទាំង​បានប្រគល់​លទ្ធផល​នៃ​ការស៊ើបអង្កេត​ឲ្យទៅ​កូរ៉េខាងត្បូង​ហើយ​ក្តី ក៏​កូរ៉េខាងត្បូង​នៅតែ​ទទូច​ចង់​បើក​ការស៊ើបអង្កេត​បន្ថែមទៀត​។ បន្ទាប់ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​កាលពី​យប់មិញ ប្រទេស​កូរ៉េខាងត្បូង​និយាយថា នឹង​ស្នើឲ្យ​មាន​ការស៊ើបអង្កេ​ត​រួមគ្នា ជំ​ពោះ​ករណី​បាញ់សម្លាប់​មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់ ប្រសិនបើ​ចាំបាច់​។​

​ការទទូច​ចង់ឲ្យមាន​ការស៊ើបអង្កេ​តរួមគ្នា ខណៈ​រដ្ឋាភិបាល​របស់​លោក​មូន ជែ​អ៊ីន​កំពុង​តែរង​សម្ពាធ​ពី​អ្នកនយោបាយ​និង​កំហឹង​របស់​មហាជន​។ គណបក្សប្រឆាំង​បាន​ហៅ​ការ​សុំទោស​ដ៏​កម្រ​របស់លោក​គីម ថា​មិនមែន​ធ្វើ​ចេញពី​ចិត្ត​ស្មោះត្រង់​ទេ​។ គណបក្សប្រឆាំង​ដ៏​លេចធ្លោ​នៅ​កូរ៉េខាងត្បូង​មួយ​នេះ មិន​ចង់ឲ្យ​សំណុំរឿង​នេះ ចប់​ត្រឹម​ពាក្យ​សុំទោស​របស់លោក​គីម​ឡើយ ដោយ​និយាយថា ករណីនេះ​គួរតែ​បញ្ជូន​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ និង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដើម្បី​ដោះស្រាយ​។​

​ក្រៅពីនេះ លោកមូ​នក៏​រងនូវ​ការរិះគ​ន់ថា បាន​បរាជ័យ​នៅក្នុង​ការ​ជួយសង្គ្រោះ​ជីវិត​ពលរដ្ឋ​របស់ខ្លួន និង​កាយវិកា​ទន់ភ្លន់​ដាក់​ប្រទេស​កូរ៉េខាងជើង​។ អ្នក​រិះគន់​និយាយថា យោធា​មិនបាន​ព្យាយាម​ជួយសង្គ្រោះ​មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់​នោះទេ បើទោះបីជា​បានឃើញ​លោក​៦​ម៉ោង មុន​ត្រូវ​យោធា​កូរ៉េខាងជើង​បាញ់សម្លាប់​ក៏ដោយ​។ មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់​និយាយថា មន្ត្រី​ដែល​ត្រូវគេ​បាញ់សម្លាប់​នេះ គឺ​ជំពាក់​បំណុល​គេ ហើយ​ព្យាយាម​រត់គេចខ្លួន​ទៅ​ប្រទេស​កូរ៉េខាងជើង​។ ប៉ុន្តែ​ត្រូវបាន​សាច់ញាតិ​ជនរងគ្រោះ​ឆ្លើយតប​ថា មិនមែន​មនុស្ស​គ្រប់គ្នា​ដែល​ជំពាក់​បំណុល ចង់​រត់គេចខ្លួន​ទៅ​ប្រទេស​កូរ៉េខាងជើង​ទេ​។​

​គួរ​ជម្រាបជូន​ថា មន្ត្រី​នៃ​នាយកដ្ឋាន​ជលផល​កូរ៉េខាងត្បូង ត្រូវបាន​យោធា​កូរ៉េខាងជើង​បាញ់សម្លាប់ នៅពេលដែល​មន្ត្រី​វ័យ​៤៧​ឆ្នាំ​រូបនេះ ចុះ​បំពេញភារកិច្ច​។ បើតាម​កូរ៉េខាងត្បូង​ថា​មន្ត្រី​រូបនេះ បាន​បាត់​ខ្លួន​ពេល​កំពុងតែ​បំពេញភារកិច្ច​នៅក្បែ​រកោះ​Yeonpyeong ជិត​ព្រំដែន​សមុទ្រ​រវាង​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​។ ​ភាគី​កូរ៉េខាងជើង​និយាយ​នៅ​ថ្ងៃទី​២៥​ខែកញ្ញា​ថា យោធា​បាន​បាញ់ប្រហារ​លើ​អ្នក​ដែល​ចូលលុកលុយ ​ក្នុង​ដែនទឹក​របស់​ខ្លួនដោយ​ខុសច្បាប់​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត