WHO​ព្រមាន​ថា​មនុស្ស​២​លាន​នាក់​អាច​ស្លាប់​ដោយសារកូ​វីដ​១៩​មុនពេល​មាន​វ៉ាក់សាំង​

26-09-2020 11:21 am 249

​នៅ​ថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០២០ អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ថា​WHO បានចេញ​ការព្រមាន​អំពី​ចំនួន​មនុស្ស​ស្លាប់​ដោយសារតែ​វីរុស​កូវី​ដ​១៩ អាច​នឹង​កើនឡើង​ដល់​២​លាន​នាក់ មុនពេល​វ៉ាក់សាំង​ដ៏​មាន​ប្រសិទ្ធភាព​ពិតប្រាកដ​មួយ ត្រូវបាន​ផលិត​ចេញមក និង​ដាក់​ឲ្យប្រើ​ជាទូទៅ​នៅលើ​ពិភពលោក​។ មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ​សុខភាព​ពិភពលោក​ថា ចំនួន​នេះ​កាន់តែ​កើនឡើង​ខ្ពស់ ប្រសិនជា​មិនមាន​កិច្ចខិតខំ​រួមគ្នា ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​សកល​មួយ​នេះ​ទេ​។ គិត​ត្រឹម​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០២០ វីរុស​កូវី​ដ​១៩ បានសម្លាប់​មនុស្ស​ជិត​១​លាន​នាក់​ហើយ ក្នុងចំណោម​មនុស្ស​ឆ្លង​សរុប​ចំនួន​ជាង​៣២​លាន​នាក់ ហើយ​ស្ថិតក្នុង​ចំណោម​អ្នក​ឆ្លង​នេះ ក៏មាន​ព្យាបាល​ជាសះស្បើយ​ចំនួន​ជាង​២៤​លាន​នាក់​ផងដែរ​។​

​លោក​វេជ្ជបណ្ឌិត​Mike Ryan​ប្រធាន​កម្មវិធី​គ្រាអាសន្ន របស់​អង្គការ​សុខភាព​ពិភពលោក ថ្លែង​នៅក្នុង​សន្និសីទកាសែត នា​ថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០២០​ថា យុវជន​ក្មេងៗ​គួរតែ​ត្រូវបាន​ស្តីបន្ទោស ចំពោះ​កំណើន​ករណី​ឆ្លង​ថ្មីៗ​នេះ​។ នៅពេលដែល​ការ​រឹតត្បិត​និង​ការបិទ​ខ្ទប់ ដែលជា​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល ត្រូវបាន​បន្ធូរបន្ថយ​នៅ​ជុំវិញ​ពិភពលោក​ជា​លើកដំបូង​នោះ គេ​មានការ​ព្រួយ​បា​ម្ភទុ​ក​រួចទៅហើយ​ថា ក្រុមមនុស្ស​វ័យក្មេង​ជំរុញ​ការឆ្លង​រាលដាល​។ 

​បច្ចុប្បន្ន​អាមេរិក ឥណ្ឌា​និង​ប្រេ​ស៊ីល​នៅតែ​ជាប្រទេស​ដែល​មានករ​ណី​ឆ្លង​និង​ស្លាប់ ដោយសារតែ​វីរុស​កូវី​ដ​១៩​ច្រើនជាងគេ​បំផុត បើ​ធៀប​ជាមួយ​ប្រទេស​ផ្សេងទៀត​នៅ​ទូទាំង​ពិភពលោក​។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ មាន​ការលេចចេញ​ជាថ្មី នៃ​ការឆ្លង​នៅ​ទូទាំង​ទ្វីបអឺរ៉ុប ដែល​ជំរុញឲ្យមាន​ការព្រមា​ន អំពី ការដាក់ចេញ​នូវ​ចំណាត់ការ​រឹតត្បឹត​តឹងរឹង ស្រដៀង​នឹង​វិធានការ​ដំបូង​នៃ​ការ​រាតត្បាត​។ ឥឡូវនេះ​ប្រទេស​នានា​មួយចំនួន កំពុងតែ​ចាប់ផ្តើម​រឹតបន្តឹង​ក្នុង​តំបន់​ដែលមាន​ករណី​ឆ្លង​ថ្មីៗ​ឡើងវិញ​បណ្តើរៗ  ដូចជា​អង់គ្លេស បារាំង​និង​អេ​ស្ប៉ាញ​ជាដើម​។​

​ទន្ទឹមនឹង​ការព្រមាន​ករណី​ឆ្លង​កើនឡើង ពេលនេះ​អង្គការ​សុខភាព​ពិភពលោក កំពុងតែបន្ត​ពិភាក្សា​ជាមួយ​ចិន អំពី កម្មវិធី​គំនិត​ផ្តួចផ្តើម​ជា​សាកល ក្នុង​ការស្រាវជ្រាវ​បង្កើត​ផលិត និង​ចែកចាយ​ដោយ​ស្មើភាព នូវ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ដែល​ហៅ​កាត់​ថា​កម្មវិធី COVAX​។ ចិន​ជា​ប្រទេស​ដែលមាន​សក្តានុពល ក្នុង​ការផ្គត់ផ្គង់​វ៉ាក់សាំង​ទៅក្នុង​កម្មវិធី​នេះ​។ កម្មវិធី​COVAX ក៏មាន​ការចូលរួម​ពី​តៃវ៉ាន់​ផងដែរ បើទោះបី​មិនមែនជា​សមាជិក​អង្គការ​សុខភាព​ពិភពលោក​ក៏ដោយ​។ បច្ចុប្បន្ន​កម្មវិធី​COVAX មាន​ប្រទេស​ចំនួន​១៥៩​ហើយ​បាន​ចូលរួម និង​៣៤​ប្រទេស​ទៀត​កំពុង​តែពិចារណា​នៅឡើយ​៕ ​ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  កូវីដ១៩WHO

ព័ត៌មានផ្សេងទៀត