កម្ពុជា​អបអរ​ទិវា​ទេសចរណ៍​ពិភពលោក​និង​រម្លឹក​ពី​កំណើន​ទេសចរណ៍​ឆ្នាំ​២០១៩

26-09-2020 10:23 am 676

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា បាន​ចេញ​សារលិខិត​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក ក្រោម​ប្រធានបទ​៖ ទេសចរណ៍ និង​ការអភិវឌ្ឍ​ជនបទ​។​

​ក្នុង​សារលិខិត​ប្រមុខ​រដ្ឋាភិបាល បាន​អបអរ​សាជាថ្មី ដែល​ឆ្នាំ​២០១៩ កន្លងទៅ ពិភពលោក​បាន​ទទួល​ទេសចរ​អន្តរជាតិ​រហូត​ដល់ ១,៥០០ លាន​នាក់ ក្នុង​អត្រា​កំណើន ៤% ចូលរួម​បង្កើត​ការងារ​ប្រមាណ ៣៣០​លាន​នាក់ ត្រូវជា​១០% នៃ​ការងារ​សរុប បង្កើត​ចំណូល​ចូល​សេដ្ឋកិច្ច​ប្រមាណ ១០.៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក (World GDP) តំណាងឲ្យ ៧% នៃ​ការនាំចេញ​សរុប​របស់​ពិភពលោក និង​ប្រមាណ​២៩% នៃ​ការនាំចេញ​សរុប​ផ្នែក​សេវាកម្ម​។​

​នេះ​បង្ហាញថា វិស័យ​ទេសចរណ៍​នៅតែ​បន្ត​ស្ថិត​ក្នុង​លំដាប់​លេខ​៣ នៃ​ការនាំចេញ​ពិភពលោក បន្ទាប់​ពី​ការនាំចេញ​ប្រេងឥន្ធនៈ និង​ការនាំចេញ​ផលិតផល​គីមី នាំមុខ​ការនាំ​ចេញ​រថ​យន្ត និង​ផលិតផល​ចំណីអាហារ​។​
​ដោយឡែក វិស័យ​ទេសចរណ៍​កម្ពុជា​មាន​កំណើន​គួរ​ជាទី​មោទនៈ ដោយ​កើន​ពី​ការទទួល​ទេសចរ​អន្តរជាតិ​ចំនួន​តែ​ជាង​២៨ ម៉ឺន​នាក់ ឆ្នាំ​១៩៩៨ រហូតដល់ ៦.៦ លាន​នាក់ នៅ​ឆ្នាំ​២០១៩ និង​បាន​បង្កើត​ការងារ​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ​ជាង​៦៣ ម៉ឺន​នាក់ និង​ការងារ​មិនផ្ទាល់​រាប់សិប​ម៉ឺន​នាក់​ថែម​ទៀត​។ ចាប់ពី​ដើម​ឆ្នាំ​២០២០ រហូតដល់​ពេល​បច្ចុប្បន្ន កម្ពុជា​ក៏ដូចជា​ប្រទេស​នានា​ក្នុង​ពិភពលោក​បាន​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវី​ដ​-១៩​ផងដែរ​។​

​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ បាន​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ គ្មាន​ការឆ្លង​រីក​រាលដាល​នៅក្នុង​សហគមន៍ គ្មាន​ករណី​ស្លាប់ មាន​តែ​ករណី​វិជ្ជមាន​នាំចូល​តិចតួច​ដែល​បាន​ទទួល​ការត្រួតពិនិត្យ ព្យាបាល ថែទាំ​ដោយ​គ្រូពេទ្យ​ជំនាញ​កម្ពុជា គ្រូពេទ្យ​ស្ម័គ្រចិត្ត ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រកប​ដោយ​ភាព​ហ្មត់ចត់​។​ លើសពីនេះ​ទៀត រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ដាក់ចុះ​នូវ​វិធាន​នានា ដើម្បី​ជួយសង្គ្រោះ​អាជីវកម្ម បុគ្គលិក​បម្រើ​ការងារ ព្រមទាំង​ប្រជាពលរដ្ឋ​ក្រីក្រ​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូវី​ដ​-១៩ ផងដែរ​៕

ព័ត៌មានផ្សេងទៀត