លោក​គីម ជុង​អ៊ុន​សុំទោស​ចំពោះ​ការសម្លាប់​មន្ត្រី​កូរ៉េខាងត្បូង​

25-09-2020 2:05 pm 944

​លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង បានចេញ​ការសុំ​ទោស​ដោយ​ផ្ទាល់ខ្លួន​យ៉ាង​កម្រ ចំពោះ​ការសម្លាប់​មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់​។ លោក​គីម​បាន​ប្រាប់​សម​ភាគី​កូរ៉េខាងត្បូង​លោក​មូន ជេ​អ៊ីន​ប្រធានាធិបតី​កូរ៉េខាងត្បូ​ង​ថា ឧប្បត្តិហេតុ​នេះ​មិនគួរ​កើតឡើង​ទេ​។ លោក​គីម​និយាយថា លោក​មាន​អារម្មណ៍​សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការខកចិត្ត​របស់លោក​មូននិង​ប្រជាជន​កូរ៉េខាងត្បូង​។ ការសុំ​ទោស​នេះ​ធ្វើឡើង​តាមរយៈ​លិខិត​មួយ ផ្ញើជូន​ប្រធានាធិបតី​កូរ៉េខាងត្បូង​។ នេះ​បើតាម​ការ​ឲ្យដឹងពី​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង Blue House​។ 

​លោក​គីម ទទួលស្គាល់ថា​កូរ៉េខាងជើង​ពិតជា​បាន​បាញ់ប្រហារ ទៅលើ​មន្ត្រី​កូរ៉េខាងត្បូង ប៉ុន្តែ​មិនបាន​ដុត​សាកសព​ចោល ដូចជា​ការសន្និដ្ឋាន​ឡើយ​។ អំឡុងពេល​កើតហេតុ យោធា​កូរ៉េខាងជើង​មិនបាន​ស្គាល់​អត្តសញ្ញាណ​បុរស ដែល​ខ្លួន​បាន​បាញ់​ឡើយ គឺ​ដឹង​ត្រឹមតែ​ថា បុរស​ម្នាក់​នោះបាន​ចូលក្នុង​ដែនទឹក​កូរ៉េខាងជើង ដោយ​មិន​បានបង្ហាញ​អត្តសញ្ញាណ​ថា លោក​ជា​នរណា ហើយ​ព្យាយាម​រត់គេចខ្លួន តែ​ត្រូវបាន​កងទ័ព​កូរ៉េខាងជើង​បាញ់ប្រហារ​ចំនួន​ជាង​១០​គ្រាប់​។ កូរ៉េខាងជើង​បានបញ្ជាក់​ច្បាស់​ថា មិនបាន​ដុត​សាកសព​បុរស​ម្នាក់​នោះទេ គឺ​ដុតបំផ្លាញ​តែ​សម្ភារ​ប៉ុណ្ណោះ ដើម្បី​ការពារ​ការឆ្លង​រាលដាល​នៃ​វីរុស​កូវី​ដ​១៩​។ កូរ៉េខាងជើង​ក៏​បានប្រគល់​លទ្ធផល​នៃ​ការស៊ើបអង្កេត​លើ​ឧប្បត្តិហេតុ​នេះ ឲ្យទៅ​ភាគី​កូរ៉េខាងត្បូង​ផងដែរ​។ 

អាជ្ញាធរ​កូរ៉េខាងត្បូង​បញ្ជាក់ថា បុរសរងគ្រោះ​មាន​អាយុ​៤៧​ឆ្នាំ ជា​មន្ត្រី​នៃ​នាយកដ្ឋាន​ជលផល បាន​ស្ថិតនៅលើ​ទូក​ល្បាត​ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ ពី​ព្រំដែន​ខាងជើង​ក្បែ​រកោះ​Yeonpyeong​។ បន្ទាប់មក​បុរស​នេះ ក៏បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​១៤​ខែ​កញ្ញា ដោយ​គ្មាន​មូលហេតុ ដោយ​បន្សល់ទុក​ស្បែកជើង​នៅលើ​ទូក​ល្បាត​។ ក្រោយមក​សាកសព ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ដែនទឹក​របស់​កូរ៉េខាងជើង​។​

​ជា​ការកត់សំគាល់ ព្រំដែន​រវាង​កូរ៉េ​ទាំងពីរ​មានការ​រឹតបន្តឹង​ស្រាប់​ជា​យូរណាស់​មកហើយ និង​កាន់តែ​រឹតបន្តឹង​ខ្លាំង​ឡើង ក្រោយ​កូរ៉េ​ទាំងពីរ​មាន​ជម្លោះ​ជាមួយគ្នា រឿង​បង្ហោះ​ខិត្តប័ណ្ណ​រិះគន់​របប​ដឹកនាំ​របស់​កូរ៉េខាងជើង ដោយ​សកម្មជន​កូរ៉េខាងត្បូង​។ កូរ៉េខាងជើង​បាន​បង្កើន​ការ​រឹតត្បឹត​នៅ​ព្រំដែន​បន្ថែមទៀត ចន្លោះពេល​ផ្ទុះ​វីរុស​កូវី​ដ​១៩​។ កូរ៉េខាងជើង​ត្រូវបាន​សន្និដ្ឋានថា ទំនងជា​ដាក់ចេញ​វិធានការ​ទប់ស្កាត់​យ៉ាង​តឹងរឹង ដោយ​ដាក់​បញ្ជា​ឲ្យ​បាញ់​សម្លាប់ចោល​តែម្តង ដើម្បី​ការពារ​ការនាំ​មេរោគ​ចូលមក​ក្នុងប្រទេស​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត