លោកកឹមសុខាចង់ឃើញកម្ពុជា-អឺរ៉ុបបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា

25-09-2020 12:18 pm 426

លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានបង្ហាញក្ដីសង្ឃឹមនិងចង់ឃើញប្រទេសកម្ពុជា និងសហគមន៍អឺរ៉ុបបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីលើកស្ទួយនិងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃភាគីទាំងពីរ។ ការបង្ហាញក្ដីសង្ឃឹម និងការចង់ឃើញដូចនេះគ្រាដែលលោកកឹម សុខានៅថ្ងៃសុក្រទី២៥ ខែកញ្ញានេះ បានអនុញ្ញាលោកស្រីCarmen Morenoឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំកម្ពុជាចូលជួបសំណេះសំណាល និងសួរសុខទុក្ខរូបលោកជាលើកទី២។

អតីតប្រធានគណបក្សប្រឆាំងលោកកឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា ក្នុងជំនួបនេះគឺគ្រាន់តែជាការជួបសំណេះសំណាលសួរសុខទុក្ខ និងចង់ដឹងអំពីស្ថានភាពសុវត្ថិភាពរបស់លោក។ ជាពិសេសក្នុងរយៈពេលចុងក្រោយ ដែលលោកបានធ្វើដំណើរចូលរួមកម្មវិធីសាសនា ប្រពៃណី កសិកម្ម និងជីវភាពសង្គម ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមបណ្ដាខេត្តខ្លះៗជាដើម។

ក្នុងឱកាសនេះដែរលោកកឹម សុខាក៏បានថ្លែងអំណរគុណចំពោះសហគមន៍អឺរ៉ុប ដែលមានលោកស្រីឯកអគ្គរដ្ឋទូតជាតំណាង ដែលបានបញ្ជាក់ថា សហគមន៍អឺរ៉ុបនៅតែមានបំណងចង់ជួយប្រជាពលរដ្ឋខ្មែរ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាលើវិស័យនានា ទោះបីប្រជាពលរដ្ឋខ្លួនកំពុងទទួលរងនូវជំងឺរាតត្បាតកូវីដ-១៩យ៉ាងធ្ងន់ធ្ងរក៏ដោយ។

លោកកឹម សុខា បានលើកឡើងក្នុងជំនួបនេះថា”ខ្ញុំក៏បានសម្តែងនូវក្តីសង្ឃឹម និងចង់ឃើញប្រទេសកម្ពុជានិងសហគមន៍អឺរ៉ុបបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នា ដើម្បីលើកស្ទួយនិងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ននេះ និងទៅអនាគតផងដែរ”៕ ដោយ៖ឃួន សុភ័ក្រ 

ព័ត៌មានផ្សេងទៀត