មេដឹកនាំ​ការតវ៉ា​ហុងកុង​លោក​Wong ត្រូវបាន​ចាប់ខ្លួន​ជាថ្មី​

25-09-2020 12:12 pm 221

​មេដឹកនាំ​ការតវ៉ា​នៅ​ហុងកុង​លោក​Joshua Wong ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បត្តិ៍​ទី ២៤ ខែ​កញ្ញា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់ ដឹកនាំ​ការប្រមូលផ្ដុំ​ដោយ​ខុសច្បាប់ ក្នុង​បាតុកម្ម​កាលពី​ឆ្នាំ​២០១៩​។ ជា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ធ្វើឡើង​ដើម្បី​ប្រឆាំង​នឹង​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ហើយ​បាតុកម្ម​នេះ បានអូសបន្លាយ​អស់​រយៈពេល​ប្រមាណ​ជា​៤​ខែ រហូត​ដល់​វីរុស​កូវី​ដ​-១៩​បាន​ផ្ទុះឡើង​។ 

​តាមរយៈ​បណ្ដាញ​សង្គម​Twitter​លោក​Wong ថា លោក​ត្រូវបាន​ឃុំ​ខ្លួន​ពី​បទ​រំលោភ​លើ​ច្បាប់ ប្រឆាំង​នឹង​វិធាន​ការពាក់​ម៉ាស់ ដើម្បី​ការពា​រការ​រាតត្បាត​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ សកម្មភាព​របស់​មេដឹកនាំ​ការតវ៉ា​វ័យ​២៣​ឆ្នាំ​រូប​នេះ ត្រូវ​ចាត់ទុក​ថា​បាន​ធ្វើ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ផង​ដែរ​។ យ៉ាងណាក៏ដោយ លោក​Jonathan Man មេធាវី​លោក​Wong និយាយថា លោក​Wong ត្រូវបាន​ធានា​ឲ្យនៅ​ក្រៅ​ឃុំ​ហើយ​។ 

​ការចាប់ខ្លួន​សកម្មជន​ប្រឆាំង​ដ៏​លេចធ្លោ​របស់​ហុងកុង​រូបនេះ ត្រូវបាន​ចាត់ទុក​ថា ជា​ការចាប់ខ្លួន​អ្នក​រិះគន់​រដ្ឋាភិបាល​ដំបូង​បំផុត បន្ទាប់​ពី​ប្រទេស​ចិន​បាន​ដាក់ចេញ​នូវ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី លើ​ទីក្រុង​ហុងកុង កាលពី​ចុង​ខែ​មិថុនា​។ នេះ​មិនមែន​ជា​លើក​ទី​មួយ​ឡើយ ដែល​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​វ័យក្មេង​រូបនេះ ត្រូវបាន​ចាប់ខ្លួន ពោល​កន្លងមក​លោក​Wong ក៏​ធ្លាប់​ត្រូវបាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ចំនួន​ម្តង​រួចមកហើយ​។​

​ក្រៅពី​លោក​Wong នៅមាន​មិត្តភក្ដិ​របស់​លោក​ចំនួន​២​នាក់​ទៀត ក៏​ត្រូវបាន​ចោទប្រកាន់​ដូចគ្នា ក្រោម​ច្បាប់​សន្តិសុខ​ថ្មី​។ សកម្មជន​ទាំង​២​នាក់​នោះ​រួមមាន លោក​Nathan Law​ដែល​បាន​ភៀសខ្លួន​ទៅ​ប្រទេស​អង់គ្លេស និង​កញ្ញា​Agnes Chow ដែល​ជា​អ្នកដឹកនាំ​ការតវ៉ា​ជាមួយ​លោក​Wong តាំង​ពី​ពួកគេ​មាន​អាយុ ១៥​ឆ្នាំ​។ នាង​ក៏​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម ២២ នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្រោម​ច្បាប់​សន្តិសុខ​ថ្មី​។ យ៉ាងណា នាង​ត្រូវបាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ហើយ​៕ ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត