អាមេរិក​ចាប់ខ្លួន​អ្នក​តវ៉ា​ជាង​១២០​នាក់​នៅ​រដ្ឋ​Kentucky

25-09-2020 10:25 am 214

​លោក Robert Schroeder អគ្គមេបញ្ជាការ​ប៉ូលិស​ស្តីទី​នៃ​ទីក្រុង​Louisville​និយាយថា មនុស្ស​១២៧​នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ទូទាំង​ទីក្រុង​Louisville​នៃ​រដ្ឋ​Kentucky​សហរដ្ឋអាមេរិក​។ ការចាប់ខ្លួន​ធ្វើឡើង បន្ទាប់ពី​មនុស្ស​រាប់ពាន់នាក់​ប្រមូលផ្តុំ​តវ៉ា​តាម​ដងផ្លូវ ដើម្បី​ប្រឆាំងនឹង​ការសម្រេច​មិន​ចោទប្រកាន់​លើ​ប៉ូលិស​រូប​ណា​សូម្បីតែ​ម្នាក់ ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​អ្នកស្រី​Breonna Taylor ដែលជា​រឿង​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​។​

​អភិបាលក្រុង​Louisville​លោក​Greg Fischer​បាន​ថ្លែងថា បន្ទាប់ពី​ការតវ៉ា​នៅក្នុង​ទីក្រុង​នេះ មាន​មនុស្ស​ជាង​១២០​នាក់​ត្រូវបាន​ចាប់ខ្លួន និង​មន្ត្រីប៉ូលិស​២​នាក់​របួស ដោយសារ​គ្រាប់កាំភ្លើង​។ លោក​ថ្លែងថា «​យើង​បានឃើញ​សោកនាដកម្ម​នេះ​គ្រប់គ្រាន់​ហើយ អំពើហិង្សា​ជា​ប្រភព​នៃ​ការឈឺចាប់ មិនមែនជា​ការព្យាបាល​ការឈឺចាប់​ទេ ហើយ​អំពើហិង្សា​ជា​ការបំផ្លិចបំផ្លាញ​»​។ 

​បាតុកម្ម​ដ៏​រំជើបរំជួល​នៅក្នុង​ក្រុង Louisville បាន​បង្ខំ​ឲ្យ​អភិបាលក្រុង ប្រកាស​ដាក់​ទីក្រុង​ក្នុងស្ថានភាព​អាសន្ន និង​ដាក់​បម្រាម​គោចរ​ក្នុង​ទីក្រុង​រយៈពេល​៣​ថ្ងៃ​។ បម្រាម​គោចរ​នៅតែ​បន្ត​មាន​សុពលភាព​ដល់​ថ្ងៃ​សុក្រ ចាប់ពី​ម៉ោង​៩​យប់​ដល់​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ដើម្បី​គ្រប់គ្រង​ចលាចល​ស៊ីវិល នៅក្នុង​រដ្ឋ​ដែលមាន​ប្រជាជន​៦០​ម៉ឺន​នាក់​មួយ​នេះ​។​

​គួរ​ជម្រាបជូន​ថា អ្នកស្រី​Taylor អាយុ​២៦​ឆ្នាំ ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ ត្រូវបាន​គេ​បាញ់​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង នៅពេលដែល​មន្ត្រីប៉ូលិស ឆ្មក់​ចូល​ក្នុងផ្ទះ​របស់​អ្នកស្រី​កាលពី​ថ្ងៃទី​១៣​ខែ​មីនាឆ្នាំ​២០២០​។ ផ្អែក​តាម​ដី​ការឆែកឆេរ ក្នុង​ប្រតិបត្តិការ​ស៊ើបអង្កេត​ប​ទ​ល្មើស​គ្រឿងញៀន ប៉ូលិស​មួយក្រុម​បាន​សម្រុកចូល​ក្នុងផ្ទះរ​បស់​អ្នកស្រី Taylor​ទាំងយប់ ដោយ​មិនបាន​ប្រាប់​ម្ចាស់ផ្ទះ​ឲ្យដឹង​ជាមុន​ឡើយ​។ មិត្ត​ប្រុស​របស់​អ្នកស្រី​Taylor មាន​ការភ្ញាក់ផ្អើល បាន​ប្រើ​កាំភ្លើង​ដែល​ទិញ​ដោយមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ បាញ់ប្រហារ​មកលើ​ប៉ូលិស​មុន ហើយ​ភ្លាមៗ​ក៏មាន​ការបាញ់​តបត​គ្នា​ទៅវិញទៅមក រហូត​បាញ់​ចំ​អ្នកស្រី​Taylor​ជាច្រើន​គ្រាប់​បណ្តាលឲ្យ​ស្លាប់​។​

​ចាប់តាំងពី​ពេល​នោះមក ការតវ៉ា​បាន​ផ្ទុះឡើង​នៅតាម​ដងផ្លូវ​មួយចំនួន នៅ​បណ្ដា​ទីក្រុង​នានា​នៅ​អាមេរិក ដើម្បី​ទាមទារ​រក​យុត្តិធម៌ ឲ្យ​ស្ត្រី​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​ម្នាក់​នោះ​។ ការតវ៉ា​បាន​កំរើក​ឡើងវិញ​ក្នុង​ទ្រង់ទ្រាយ​ធំ នៅ​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០២០ ក្រោយ​ការសម្រេច​មិន​ចោទប្រកាន់​លើ​នរណា​សោះ ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​អ្នកស្រី​Taylor​។ ពោល ក្នុងចំណោម​ប៉ូលិស​៣​នាក់ ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ មានតែ​លោក​Brett Hankison​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​រង​នូវ​ការ​ចោទ តែ​មិនមែន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​អ្នកស្រី​Taylor​ទេ គឺ​ចោទ​ពីបទ​បង្ក​គ្រោះថ្នាក់​ដោយ​ធ្វេសប្រហែស ចំពោះ​ការបាញ់​ចូលក្នុង​ផ្ទះមួយ ដែលមាន​មនុស្ស​នៅ​ក្នុងនោះ ដែល​ស្ថិតនៅ​ជាប់​ផ្ទះ​របស់​អ្នកស្រី​Taylor​។ ប៉ូលិស​ស្បែក​ស​ម្នាក់នេះ ត្រូវបាន​បណ្តេញ​ចេញពី​នាយកដ្ឋាន​ប៉ូលីស​ក្នុង​ទីក្រុង Louisville ផងដែរ កាលពី​ខែមិថុនា​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត