អាហារ​ល្អ​បំផុត​សម្រាប់​អ្នកមាន​បញ្ហា​ស្បែក​ស្ងួត​

24-09-2020 5:40 pm 709

​ស្បែក​ស្ងួត ស្ទាប​ទៅ​គ្រើម រដិប​រដុប ធ្វើឲ្យ​បាត់បង់​ការទាក់ទាញ​និង​ទំនុកចិត្ត​។ បើ​ពុំមាន​បញ្ហា​សុខភាព​អ្វី​ទេ និង​បើ​អនុវត្ត​ការរស់នៅ​បច្ចុប្បន្ន ស្បែក​នៅតែ​ស្ងួត​បែក​ស្រកា ប្រហែលជា​ដល់ពេល​ហើយ​ដែល​អ្នក​ត្រូវ​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការរស់នៅ​និង​ទទួលទាន ដើម្បី​ផ្តល់​និង​រក្សា​សំណើម​ស្បែក បញ្ចេញ​ជាតិពុល​។ មាន​អាហារ​ជាច្រើន​មុខ ដែល​ដើរតួនាទី​ជា​អ្នកផ្តល់​សំណើម​ដល់​ស្បែក​ពី​ខាងក្នុង ផ្លាស់ប្តូរ​ស្បែក​ឲ្យ​ភ្លឺរលោង​និង​គ្មាន​ស្នាម​។ 

​នៅពេល​និយាយ​អំពី​ការព្យាបាល​ស្បែក​ស្ងួត កត្តា​ដំបូង​និង​សំខាន់បំផុត​គឺ​ទឹក​។ អ្នក​ត្រូវ​ទទួលទាន​ទឹក​ឲ្យបាន​គ្រប់គ្រាន់ ព្រោះ​ទឹក​ធ្វើឲ្យ​កោសិកា​មាន​ជាតិ​ទឹក​ឡើងវិញ ការពារ​ភាព​ចាស់​។ ការ​ទទួលទាន​ទឹក​មិន​គ្រប់គ្រាន់ អាច​បណ្តាលឲ្យ​បាត់បង់​ជាតិ​ទឹក ដែល​បណ្តាលឲ្យមាន​បញ្ហា​ស្បែក​ជាច្រើន រួមទាំង​ស្បែក​ស្ងួត​និង​ស្បែក​បែក​ស្រកា​។ ដូច្នេះ គួរ​ទទួលទាន​ទឹក​យ៉ាងហោចណាស់ ៣ លីត្រ ( ឬ​ច្រើនជាង​នេះ ប្រសិនបើ​អ្នក​ហាត់ប្រាណ​ទៀងទាត់ ) ក្នុង​មួយថ្ងៃ​។ 

​ចំណែក ផ្លែ​ប័រ មាន​ផ្ទុក​វីតាមីន​C, E, A, K​និង​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​3​។ សារធាតុចិញ្ចឹម​ទាំងនេះ ជួយ​ជួសជុល​ជាលិកា​ស្បែក ធ្វើឲ្យ​កោសិ​កាស្បែក​មានសំណើម ធ្វើឲ្យ​ស្បែក​ទន់និង​កាត់បន្ថយ​ស្នា​ម​ជ្រួញ​។​

 រីឯ​ផ្លែ​ចេក​វិញ សំបូរ​ទៅដោយ​វីតាមីន A, B, C, និង D, ស័ង្កសី​, ជាតិ​ដែក​, ម៉ាញ៉េ​ស្យូម​, កាល់ស្យូម​, ប៉ូ​តា​ស្យូម​, ផូស្វ័រ​និង​ជាតិ​សរសៃ​ជាដើម​។ ជាតិ​សរសៃ​ដែលមាន​នៅក្នុង​ផ្លែ​ចេក ជួយ​បណ្តេញ​ជាតិពុល​ចេញ ជាហេតុ​ធ្វើឲ្យ​កោសិ​កាស្បែក​របស់​អ្នកមាន​ថាមពល​ឡើងវិញ​។ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​ចេក អ្នក​អាច​ទទួលទាន​ផ្លែ​ចេក​មួយ​ថ្ងៃមួយ​ផ្លែ គឺ​គ្រប់គ្រាន់​ហើយ​។ យ៉ាងណាក៏ដោយ ប្រសិនបើ​អ្នកមាន​បញ្ហា​តម្រង​នោម ឬ​ទឹកនោមផ្អែម សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ មុនពេល​បន្ថែម​ចេក​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​

​ក្រុម​អាហារ​ផ្តល់​សំណើម​ដល់​ស្បែក គេ​មិនអាច​មើលរំលង​ប្រទាល​កន្ទុយក្រពើ​បានឡើយ​។ ភាព​អន្ធិល​របស់​ប្រទាល​កន្ទុយក្រពើ មាន​ផ្ទុក​ជាតិ​ខ្លាញ់​, ទឹក​, វីតាមីន A, C, E, B12, និង choline ព្រមទាំង​សារធាតុ​រ៉ែ​ដូចជា ស័ង្កសី ទង់​ដែង ប៉ូ​តា​ស្យូម ម៉ាញ៉េ​ស្យូម សេលេ​ញ៉ូម ក្រូមី​ញ៉ូម​និង​កាល់ស្យូម​ជាដើម​។

ប្រទាល​កន្ទុយក្រពើ មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​, ប្រឆាំងនឹង​បាក់តេរី​និង​ប្រឆាំងនឹង​ការ​រលាក​ផងដែរ​។ វា​ជួយផ្តល់​សំណើម​និង​ធ្វើឲ្យ​ស្បែក​របស់អ្នក​ទន់ និង​ជួយ​លើកកម្ពស់​ការ​សំយោគកូ​ឡា​ជែន បន្ថយ​ភាព​ចាស់​នៃ​ស្បែក និង​ការពារ​ស្បែក​ពី​កាំរស្មី UV​។ ដើម្បី​សុវត្ថិភាព អ្នក​អាច​ទទួល​ទាល​ទឹក​ប្រទាល​កន្ទុយក្រពើ ដែល​ដាក់លក់​នៅ​ឱសថ​ស្ថាន​។​

​ក្រៅពីនេះ អ្នក​អាច​ទទួល​ទានដូចជា​សាច់​ត្រី ត្រសក់ ប្រេង​អូ​លីវ​និង​បន្លែ​ស្លឹក​ពណ៌​បៃតង​ចាស់ ស៊ុត ផ្លែ​ទទឹម ដំឡូងជ្វា​និង​ប្រេង​ដូង​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  សម្រស់ស្បែកស្ងួត

ព័ត៌មានផ្សេងទៀត