មន្ត្រីរបស់កូរ៉េខាងត្បូងឲ្យដឹងថា មន្ត្រីជលផលម្នាក់របស់ខ្លួន ត្រូវបានយោធារបស់កូរ៉េខាងជើងបាញ់សម្លាប់ និងដុតសាកសពចោល។ រដ្ឋាភិបាលទីក្រុងសេអ៊ូលនិយាយថា មន្ត្រីរបស់ខ្លួនម្នាក់នោះបានបាត់ខ្លួនពីទូកល្បាតមួយនៅជិតព្រំដែន ហើយក្រោយមកត្រូវបានគេរកឃើញសាកសព នៅក្នុងដែនទឹករបស់កូរ៉េខាងជើង។ ទីក្រុងសេអ៊ូលអះអាងថា ទាហានកូរ៉េខាងជើងបានបាញ់សម្លាប់បុរសរងគ្រោះ រួចហើយបានចាក់ប្រេងដុតចោលតែម្ដង។
ការបាញ់សម្លាប់មន្ត្រីជលផលមួយរូបរបស់កូរ៉េខាងត្បូងនេះ ធ្វើឡើងក្រោយពីទូកល្បាតរបស់កូរ៉េខាងជើង តាមរកឃើញបុរសរងគ្រោះនៅលើផ្ទៃសមុទ្រនៅម៉ោងប្រហែល ១៥៖៣០នាទីថ្ងៃអង្គារ៍ទី១៥កញ្ញា(ម៉ោងនៅកូរ៉េខាងត្បូង)។ ក្រោយបាញ់សម្លាប់យោធាកូរ៉េខាងជើងបានចាក់ប្រេងដុតសាកសពបុរសរងគ្រោះចោលតែម្ដង។ ការសន្និដ្ឋាននេះមន្ត្រីកូរ៉េខាងត្បូងថា ដោយផ្អែកលើការវិភាគស្រាវជ្រាវដ៏ឈ្លាសវៃរបស់ខ្លួន។
ជុំវិញករណីនេះភាគីកូរ៉េខាងជើង មិនបានអត្ថាធិប្បាយអ្វីទាំងអស់។ ការចោទប្រកាន់របស់កូរ៉េខាងត្បូង ស្របពេលដែលកូរ៉េខាងជើងបានកំពុងរឹតបន្តឹងច្រកព្រំដែនរបស់ខ្លួន ដោយបានអនុវត្តវិធានការបាញ់សម្លាប់ នៅនឹងកន្លែងដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។
អាជ្ញាធរកូរ៉េខាងត្បូងបញ្ជាក់ថា បុរសរងគ្រោះមានអាយុ៤៧ឆ្នាំ ជាមន្ត្រីនៃនាយកដ្ឋានជលផលបានស្ថិតនៅលើទូកល្បាតរបស់គាត់ចម្ងាយប្រហែល ១០គីឡូម៉ែត្រ ពីព្រំដែនខាងជើងក្បែរកោះYeonpyeong។ បន្ទាប់មកបុរសនេះក៏បានបាត់ខ្លួនកាលពីថ្ងៃច័ន្ទទី១៤កញ្ញា។ គេបានប្រទះឃើញស្បែកជើងចោលរបស់បុរសរងគ្រោះនៅលើទូកល្បាត។ គេសន្និដ្ឋានថាស្បែកជើងនេះបន្សល់ទុកខណៈដែលបុរសរងគ្រោះព្យាយាមរត់គេចពីការបាញ់សម្លាប់។
យ៉ាងណាក៏ដោយ នេះមិនមែនជាលើកទី១ឡើយ ដែលកូរ៉េខាងជើងបានបាញ់សម្លាប់ពលរដ្ឋកូរ៉េខាងត្បូង។ ពោល កាលពីឆ្នាំ២០០៨ អ្នកទេសចរកកូរ៉េខាងត្បូងម្នាក់ក៏ត្រូវបានទាហានកូរ៉េខាងជើងបាញ់សម្លាប់ យ៉ាងព្រៃផ្សៃដូចគ្នា នៅលើភ្នំKumgang ខេត្តGangwon-do ក្នុងប្រទេសកូរ៉េខាងជើង៕
ដោយ៖ យឺន សីហា