លោកនាយករដ្ឋមន្រ្តីស្នើរុស្ស៊ីផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ដល់កម្ពុជា

24-09-2020 2:59 pm 574

ទោះបីជាកម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីបន្តទៀតអស់ពេលជាច្រើនថ្ងៃពិតមែន ក៏លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅតែស្នើរសុំឲ្យរុស្ស៊ី ផ្តល់នូវជំនួយថ្នាំវ៉ាក់សាំងជំងឺកូវីដ១៩នេះដល់ប្រទេសកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺនេះនៅក្នុងប្រទេស។ ការស្នើរនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ របស់លោកនាយករដ្ឋមន្រ្តី ជាមួយលោកអាណាតូលី បូរ៉ូវីក (Anatoly Borovic) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្សីប្រចាំកម្ពុជា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ។

ក្រៅពីការស្នើរសុំ លោកនាយករដ្ឋមន្រ្តីក៏បានសំដែងនូវការអបអរសាទរចំពោះរុស្ស៊ី ដែលបានរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ។ លោកមានប្រសាសន៍ថា ការរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩នេះ អាចជួយដល់ពិភពលោកយើង ក្នុងការប្រយុទ្ធប្រឆាំងជំងឺដែលកំពុងធ្វើអោយមានបញ្ហាប្រឈមជាច្រើន រួមទាំងញ្ហាសេដ្ឋកិច្ច សង្គមនិងការទំនាក់ទំនងរវាងប្រទេសជាច្រើននៅក្នុងពិភពលោក។ 

ឆ្លៀតក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលរុស្ស៊ី ក៏ដូចជាប្រជាជនរុស្សី ដែលបានជួយដល់ប្រទេសកម្ពុជាកន្លងមក ជាពិសេសនៅក្នុងទសវត្សរ៍៨០ដែលកម្ពុជានាពេលនោះ កំពុងតែជួបវិបត្តិជាច្រើន បន្ទាប់ពីរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត។ លោកបន្តថា មានប្រទេសតិចតួចណាស់ដែលទទួលស្គាល់កម្ពុជាក្នុងសម័យនោះ។ ប៉ុន្តែរុស្សីជាមិត្តដែលបានជួយកម្ពុជារហូតមក។ លោកក៏បានមានប្រសាសន៍អំពីជំនួយរបស់រុស្ស៊ីមកកម្ពុជា ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសជំនួយលើវិស័យអប់រំ ដែលបានបណ្តុះបណ្តាលនូវធនធានមនុស្សល្អៗ សម្រាប់បម្រើការងារនៅក្នុងប្រទេសកម្ពុជា ជួយជំរុញឲ្យកម្ពុជារីកចម្រើនរហូតមកដល់ពេលនេះ៕ 

ព័ត៌មានផ្សេងទៀត