ប៉ូលិស​២​នាក់​ត្រូវបាន​គេ​បាញ់​នៅក្នុង​ការតវ៉ា​នៅ​Louisville​សហរដ្ឋអាមេរិក​

24-09-2020 1:54 pm 273

នៅ​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០២០ មន្ត្រីប៉ូលិស​នៃ​ទីក្រុង Louisville ចំនួន​២​នាក់ ត្រូវ​ជន​មិន​ស្គាល់មុខ​បាញ់ប្រហារ បណ្តាលឲ្យ​របួស នៅក្នុងពេល​មាន​ការតវ៉ា​នៅក្នុង​ទីក្រុង​នេះ​។ ប៉ូលិស​​បានបញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​មន្ត្រីប៉ូលិស​ដែល​ត្រូវ​គ្រាប់កាំភ្លើង​នោះ​ថា មិន​គំរាមកំហែង​ដល់​អាយុជីវិត​ឡើយ​។ លោក Robert Schroeder ប្រធាន​ប៉ូលីស​បណ្តោះអាសន្ន​នៃ​រដ្ឋ Louisville ប្រាប់​អ្នកយកព័ត៌មាន​ថា លោក​ទាំងពីរ​កំពុងតែ​សម្រាក​ព្យាបាល​របួស​។ នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ​នេះ ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ផងដែរ​។ អភិបាលក្រុង​Louisville លោក​​Greg Fischerបានប្រកាស​ដាក់​បម្រាម​គោចរ នៅក្នុង​ទីក្រុង​រយៈពេល​៣​ថ្ងៃ និង​ប្រកាស​ដាក់​ទីក្រុង​ក្នុងស្ថានភាព​អាសន្ន ដោយសារតែ​ភាពចលាចល​ស៊ីវិល​។

​គួរ​ជម្រាបជូន​ថា ក្រុមបាតុករ​ខ្ទង់ពាន់​នាក់ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ប្រឆាំង​ទៅនឹង​ការសម្រេច មិន​ចោទប្រកាន់​នរណា​សូម្បីតែ​ម្នាក់ ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​អ្នកស្រី Breonna Taylor​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​។ អ្នកស្រី​Taylor អាយុ​២៦​ឆ្នាំ ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ ត្រូវបាន​គេ​បាញ់​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង នៅពេលដែល​មន្ត្រីប៉ូលិស ឆ្មក់​ចូល​ក្នុងផ្ទះ​របស់​អ្នកស្រី​។ ផ្អែក​តាម​ដី​ការឆែកឆេរ ស៊ើបអង្កេត​បទល្មើស​គ្រឿងញៀន ក្រុម​មន្ត្រីប៉ូលិស​បាន​សម្រុកចូល​ផ្ទះ​របស់អ្នក​ស្រី Taylor កាលពី​យប់​ថ្ងៃទី​១៣​ខែ​មីនាឆ្នាំ​២០២០​។ មិត្ត​ប្រុស​របស់​អ្នកស្រី​Taylor មាន​ការភ្ញាក់ផ្អើល បាន​ប្រើ​កាំភ្លើង​ដែល​ទិញ​ដោយមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ បាញ់ប្រហារ​មកលើ​ប៉ូលិស​មុន ហើយ​ភ្លាមៗ​ក៏មាន​ការបាញ់​តបត​គ្នា​ទៅវិញទៅមក រហូត​បាញ់​ចំ​អ្នកស្រី​Taylor​បណ្តាលឲ្យ​ស្លាប់​។​

​ចាប់តាំងពី​ពេល​នោះមក ការតវ៉ា​បាន​ផ្ទុះឡើង​នៅតាម​ដងផ្លូវ​មួយចំនួន នៅ​បណ្ដា​ទីក្រុង​នានា​នៅ​អាមេរិក ព្រោះ​ពួកគេ​យល់ថា មាន​ភាពអយុត្តិធម៌​ខាង​ជាតិ​សាសន៍​។ ​ការតវ៉ា​បាន​កំរើក​ឡើងវិញ​ក្នុង​ទ្រង់ទ្រាយ​ធំ ក្រោយ​ពុំមាន​ការចោទប្រកាន់​លើ​នរណា​សោះ ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​អ្នកស្រី​Taylor​។ ពោល ក្នុងចំណោម​ប៉ូលិស​៣​នាក់ ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ មានតែ​លោក​Brett Hankison​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​រង​នូវ​ការ​ចោទ តែ​មិនមែន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​អ្នកស្រី​Taylor​ទេ គឺពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេង ​ដែលមាន​កម្រិត​ស្រាលៗ​ទៅវិញ​។ ប៉ូលិស​ស្បែក​ស​ម្នាក់នេះ ត្រូវបាន​បណ្តេញ​ចេញពី​នាយកដ្ឋាន​ប៉ូលីស​ក្នុង​ទីក្រុង Louisville ផងដែរ កាលពី​ខែមិថុនា​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត