លោក​ត្រាំ​បដិសេធ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី ប្រសិនបើ​ចាញ់​ការបោះឆ្នោត​

24-09-2020 11:38 am 713

​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក និង​ជា​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋ និយាយថា លោក​មិន​ព្រម​ផ្ទេរ​តំណែង​ប្រធានា​ធិ​ប​ដោយ​សន្តិវិធី​ឡើយ ប្រសិន​បើ​លោក​បរាជ័យ​ក្នុង​ការបោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​អាណត្តិ​ថ្មី នា​ខែ​វិច្ឆិកា​ខាងមុខនេះ​។ លោក​ត្រាំ​ថ្លែង​យ៉ាង​ដូច្នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ពុធ​ទី​២៣​ខែ​កញ្ញា ឆ្នាំ​២០២០​។ លោក​ត្រាំ​និយាយទៀតថា លទ្ធផល​នៃ​ការបោះឆ្នោត​អាច​នឹង​បញ្ចប់​នៅ​តុលាការ​កំពូល​អាមេរិក ខណៈ​លោក​កំពុង​ពន្លឿន​ការតែងតាំង ចៅក្រម​តុលាការ​កំពូល​ថ្មី ជំនួស​លោក​ស្រី​Ruth Bader Ginsburg ដែល​ទើប​ទទួល​មរណភាព​។ លោក​ត្រាំ​នឹង​ជ្រើសរើស​ស្ត្រី​ម្នាក់​ថ្មី នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ ដើម្បី​ជំនួស​តំណែង​លោក​ស្រី​Ginsburg​។​

​ការលើកឡើង​របស់​លោក​ត្រាំ ស្របពេល​ដែល​រដ្ឋ​ជាច្រើន​របស់​អាមេរិក កំពុង​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​តាម​រយៈ​ការផ្ញើរ​សន្លឹកឆ្នោត​ទៅកាន់​ប្រៃសណីយ៍​។ ការលើកទឹកចិត្ត​នេះ ដើម្បី​ការពារ​អ្នកបោះឆ្នោត ពី​ការឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ ភាគច្រើន​នៃ​អ្នកប្រជាធិបតេយ្យ​អាមេរិក បាន​គាំទ្រ​ការបោះឆ្នោត​តាម​រយៈ​ការផ្ញើរ​សន្លឹកឆ្នោត​តាម​ប្រៃសណីយ៍​។ តែ​លោក​ត្រាំ​ពុំ​ជឿជាក់​លើ​ការបោះឆ្នោត​តាម​ប្រៃសណីយ៍​ទេ​។ លោក​ត្រាំ​អះអាងថា សន្លឹកឆ្នោត​ដែល​ផ្ញើ​តាម​សំបុត្រ​ទៅកាន់​ប្រៃសណីយ៍ ពុំ​សុវត្ថិភាព​ឡើយ ព្រោះ​វា​ងាយ​នឹង​ទទួល​នូវ​ការលួចបន្លំ​ខ្លាំងណាស់​។​

​ចំណែក​លោក​ស្រីគ្លីន​តុ​ន បាន​ទទូច​ដល់​លោកចូ បៃ​ដិន ដែល​ជា​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ថា​កុំ​ចុះចាញ់​ឲ្យសោះ ទោះបី​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។ លោកស្រី​បញ្ជាក់​ថា សេណា​រី​យ៉ូរ​បស់​គណបក្ស​សាធារណរដ្ឋ គឺ​ពួកគេ​នឹង​ព្យាយាម​បង្ក​ភាព​រញ៉េរញ៉ៃ​ក្នុង​ការបោះឆ្នោត ដោយ​យក​លេស​អវត្តមាន​អ្នកគាំទ្រ​របស់ខ្លួន​។ លោក​ស្រី​ថា បក្ស​សាធារណៈរដ្ឋ​នឹង​ប្រមូលផ្ដុំ​មេធាវី ដើម្បី​តវ៉ា​សម្រាប់​ការប្រកួតប្រជែង​លទ្ធផល​បោះឆ្នោត​។​

​គួររម្លឹកថា​កាលពី​ឆ្នាំ​២០១៦ លោក​ត្រាំ​ក៏​ធ្លាប់​បាន​បដិសេធ​មិន​ទទួលយក​លទ្ធផល នៃ​ការបោះឆ្នោត​នៅ​ក្នុង​ការប្រកួតប្រជែង​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ដែល​ជា​បេក្ខជន​មកពី​គណបក្ស​ប្រជាធិបតេយ្យ​។ តែ​យ៉ាងណា ដ្បិត​ឆ្នាំ​នោះ​លោក​ត្រាំ​បាន​ធ្លាក់ចុះ​ប្រជាប្រិយភាព​ក៏ដោយ ក៏​លោក​នៅតែ​ឈ្នះ​ក្នុង​ការបោះឆ្នោត​ដដែល​។​

​សូមបញ្ជាក់​ថា ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០២០៕

ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត