យើងដឹងហើយថាកម្មវិធីTikTok គឺជាកម្មវិធីដ៏ពេញនិយមមួយនៅលើបណ្តាមសង្គម ជាពិសេសសម្រាប់ក្មេងៗ ប៉ុន្តែនៅពេលថ្មីៗនេះកម្មវិធី TikTok មានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់ ក្រោយពីកម្មវិធីនេះត្រូវបានបិទដោយរដ្ឋាភិបាលឥណ្ឌា ហើយមិនត្រឹមតែប៉ុណ្ណោះ សហរដ្ឋអាមេរិកក៏កំពុងតែដាក់សម្ពាធឱ្យក្រុមហ៊ុនByteDanceលក់កម្មវិធីTikTok ទៅឱ្យក្រុមហ៊ុនណាមួយរបស់អាមេរិកផងដែរ។ ដោយសារតែមានភាពពេញនិយមនេះហើយ ដែលជនឆ្លៀតឱកាសមួយចំនួនបានបន្លំបង្កើតកម្មវិធីបោកប្រាស់ ដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម ឬបន្លំយកប្រាក់កាសពីអ្នកប្រើប្រាស់។
ជាក់ស្តែងកាលពីថ្ងៃទី២២ ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុនសន្តិសុខAvastបានរកឃើញថាមានប្រូហ្វាលល្បីៗចំនួនបីនៅក្នុងកម្មវិធីTikTok ដែលមានអ្នកតាមដានជាង៣៥០,០០០នាក់ បានផ្សព្វផ្សាយនិងចែកចាយកម្មវិធីបោកប្រាស់ជាច្រើន ហើយកម្មវិធីនេះត្រូវបានទាញយកច្រើនជាង២,៤០០,០០០ដង ព្រមទាំងបានធ្វើឱ្យមានការចាញ់បោកអស់ទឹកប្រាក់ច្រើនជាង៥០០,០០០ដុល្លាររួចមកហើយដែរ។
ការរកឃើញនេះក្រោយពីក្រុមហ៊ុនAvast បានទទួលសេចក្តីរាយការណ៍ពីក្មេងស្រីអាយុ១២ឆ្នាំម្នាក់ នៅសារធារណរដ្ឋឆែកដែលជួបនឹងបញ្ហានេះ។ ក្រុមអ្នកសន្តិសុខបានរកឃើញយ៉ាងហោចណាស់មានគណនីTikTok ចំនួន៣ ដែលកំពុងផ្សព្វផ្សាយពាណិជ្ជកម្មដែលមានឈ្មោះអ្នកប្រើដូចជា7odestar, Dejavuuu.es3 និង Marina90lazina។ កម្មវិធីទាំងនេះបានក្លែងបន្លំជាកម្មវិធីល្បែងកំសាន្ត តន្ត្រី ឬជាកម្មវិធីសម្រាប់ប្តូររូបភាពលើអេក្រង់(wallpaper)។ ប៉ុន្តែបន្ទាប់ពីអ្នកប្រើប្រាស់បានទាញយកកម្មវិធី ពួកគេនឹងទាមទារឱ្យបង់ប្រាក់ពី២ដុល្លារទៅ១០ដុល្លារ ដើម្បីប្រើមុខងារផ្សេងៗតែតាមការពិតមុខងារទាំងនោះគឺពុំមាននៅក្នុងកម្មវិធីនោះទេ។
នេះជាករណីដែលគួរឱ្យព្រួយបារម្ភណាស់ ជាពិសេសកម្មវិធីនេះត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធបណ្តាញសង្គមដែលពេញនិយមក្នុងចំណោមក្មេងៗ ដែលពួកគេមិនទាន់ចេះដឹងពីគ្រោះថ្នាក់របស់វានោះនៅឡើយ។ ដើម្បីការពារខ្លួនអ្នកពីកម្មវិធីបោកប្រាស់ទាំងនេះ សូមប្រយ័ត្នចំពោះអ្វីដែលត្រូវបានផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ឬតាមរយៈសារផ្សេងៗ។ ដូចគ្នានេះដែរ សូមអានការណែនាំពីកម្មវិធីឱ្យបានច្បាស់លាស់ជាមុនសិនមុននឹងធ្វើការទាញយកកម្មវិធីទាំងនោះ។ បច្ចុប្បន្នក្រុមហ៊ុនAppleបានលុបចោលកម្មវិធីទាំងនេះចេញពីកម្មវិធីApp Store របស់ពួកគេរួចហើយ៕
ប្រភព៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា