មេបក្ស​ប្រឆាំង​​ម៉ាឡេស៊ី​​អះអាងថា​​មាន​សំឡេងគាំទ្រ​​អាចបង្កើត​​រដ្ឋាភិបាល​ថ្មី​បាន​

23-09-2020 4:19 pm 393

​មេបក្ស​ប្រឆាំង​ម៉ាឡេស៊ី​លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម​(Anwar Ibrahim) បាន​និយាយ​នៅ​ថ្ងៃទី​២៣​កញ្ញា​នេះ​ថា លោក​ប្រមូលបាន​សមាជិកសភា​ភាគច្រើន ដែលមាន​ភាពរឹងមាំ​និង​គួរឲ្យ​ជឿជាក់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​។ ថ្លែង​ក្នុង​សន្និសីទកាសែត​មេដឹកនាំ​គណបក្ស​PKR​រូបនេះ​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក​មូយី​ឌីន យ៉ា​ស៊ីន​បាន​បរាជ័យ​ហើយ​។​

​លោក​បន្ថែមថា លោក​គ្រោង​នឹង​គាល់​ដល់​ព្រះមហាក្សត្រ​ពី​បញ្ហា​នេះ​កាលពី​ម៉ោង​១១​ព្រឹក​ថ្ងៃ​អង្គារ ប៉ុន្ដែ​ការចូលគាល់​ត្រូវ​ផ្អាក​វិញ​ដោយ​ព្រះអង្គ​ប្រឈួន​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ នៅពេល​មាន​ការស្នើសុំ​ឲ្យ​បង្ហាញ​ឈ្មោះ​សមាជិកសភា​ដែល​រួម​ដៃ​ជាមួយ លោក​អាន់​វ៉ា​បដិសេធ​ហើយ​ថា​លុះត្រាតែ​បន្ទាប់ពី​ចូលគាល់​ព្រះមហាក្សត្រ​សិន​។ ទោះ​មិន​បញ្ចេញ​ឈ្មោះ ប៉ុន្ដែ​លោក​ថា​ប្រមូលបាន​អ្នកគាំទ្រ​គួរឲ្យ​ទុកចិត្ដ​បានប្រមាណ​ជិត​ពីរភាគបី​។ សម្រាប់​សមាជិកសភា​ដែល​គាំទ្រ លោក​អ៊ីប្រាហ៊ីម​ថា​នឹង​ត្រូវគោរព​សុចរិត​ភាព អភិបាលកិច្ច​ល្អ ប្រឆាំង​អំពើពុករលួយ​និង​គោរព​តាម​នីតិរដ្ឋ​។ 

​ពីមុន​លោក​អាន់​វ៉ា​ត្រូវបាន​រៀបចំ​ដើម្បី​កាន់តំណែង​បន្ដ​ពី​លោក​ម៉ា​ហា​ធៀ ប៉ុន្ដែ​ស្ថានការណ៍​នយោបាយ​ម៉ាឡេស៊ី​ត្រូវ​ប្រែប្រួល​។ នៅពេល​លោក​ម៉ា​ហា​ធៀ មហាម៉ាត់​ជាប់ឆ្នោត​កាលពី​ឆ្នាំ​២០១៨ លោក​អាន់​វ៉ា​កំពុង​ជាប់ពន្ធនាគារ​នៅឡើយ​ពីបទ​ស្រឡាញ់​ភេទ​ដូចគ្នា​។ ក្រោយមក​ទើប​ទទួល​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ ហើយ​ផែនការ​ផ្ទេរអំណាច​ពី​លោក​ម៉ា​ហា​ធៀ​ទៅ​លោក​អាន់​វ៉ា​ក៏​ក្លាយជា​ប្រភព​នៃ​ភាព​តានតឹង​នៅក្នុង​គណបក្ស​Pakatan Harapan(PH) ខណៈ​លោក​ម៉ា​ហា​ធៀ​បដិសេ​ធមិន​ព្រម​បញ្ជាក់​ពេលវេលា​ច្បាស់លាស់​នៃ​ការផ្ទេរអំណាច​។ 

​ក្រោយមកទៀត​លោក​ម៉ា​ហា​ធៀ​បាន​លាលែង​ពី​តំណែង​នាយករដ្ឋមន្ដ្រី​យ៉ាង​ភ្ញាក់ផ្អើល​ក្នុង​ខែកុម្ភៈ រដ្ឋាភិបាល​ថ្មី​ក៏​ត្រូវបាន​បង្កើតឡើង ហើយ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក​នាយករដ្ឋមន្ដ្រី​មូយី​ឌីន យ៉ា​ស៊ីន​។ លោក​មូយី​ឌីន​ត្រូវ​តែងតាំង​ជា​នាយករដ្ឋមន្ដ្រី​ថ្មី បន្ទាប់ពី​មហាក្សត្រ​បាន​ជួប​ប្រឹក្សា​ជាមួយ​សមាជិកសភា​ទាំងអស់ ក៏​មើលឃើញ​ពី​សមត្ថភាព​របស់លោក ដែល​ទទួលបាន​សំឡេងគាំទ្រ​ភាគច្រើន​នៅ​សភា​។ 

​រីឯ​លោក​ម៉ា​ហា​ធៀ​រួមជាមួយ​សម្ព័ន្ធមិត្ដ​ជិតស្និទ្ធ ក៏ត្រូវ​ដក​ចេញពី​គណបក្ស​Pakatan Harapan រួច​ក៏​ប្រកាស​បង្កើត​គណបក្ស​ថ្មី​មួយទៀត​។ ភាពស្មុគស្មាញ​នៃ​វិបត្ដិនយោបាយ​ម៉ាឡេស៊ី នៅ​ពុំទាន់​អាច​បញ្ចប់​បាន​ទាំង​ស្រុង​​ឡើយ ជាហេតុ​ធ្វើឲ្យមាន​ការទាមទារ​រៀបចំ​បោះឆ្នោត​មុនកំណត់​។ លោក​នាយករដ្ឋមន្ដ្រី​ម៉ូ​យី​ឌី​ន​បាន​និយាយ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​នៅ​រដ្ឋ​sabah​ថា ការបោះឆ្នោត​ជា​សកល​អាច​នឹង​រៀបចំឡើង ប្រសិនបើ​សម្ព័ន្ធភាព​រដ្ឋ​ដែល​លោក​ដាក់បញ្ចូល​គ្នា ឈ្នះ​ការបោះឆ្នោត​នៅ​រដ្ឋ​sabah​នៅ​ថ្ងៃទី​២៦​កញ្ញា​។ ជា​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា​៧៣​រូប​នីតិកាល​ទី​១៦​របស់​រដ្ឋ​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត