អតីតទីប្រឹក្សាCNRP៖ការប្រកាសវិលចូលស្រុករបស់លោកសមរង្ស៊ីជាថ្មីជាការប្រកាសខ្យល់

23-09-2020 1:22 pm 877

លោកគង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ(CNRP) និងបច្ចុប្បន្នជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ បានលើកឡើង ថា ការប្រកាសវិលចូលស្រុកជាថ្មីពីសំណាក់លោកសម រង្ស៊ី គឺគ្រាន់តែជាសង្គ្រាមព័ត៌មានថ្មី និងជាការប្រកាសវិលចូលស្រុកខ្យល់ប៉ុណ្ណោះ។

ការលើកឡើងនេះបន្ទាប់ពីលោកសម រង្ស៊ី អតីតមេបក្សប្រឆាំងកាលពីថ្ងៃទី២០ ខែកញ្ញា បានប្រកាសថារូបលោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាជាថ្មីម្ដងទៀត ក្រោយពីលោកបានឃើញសារអ្នកគាំទ្រលោក រង់ចាំតែលោកត្រឡប់ទៅកម្ពុជាវិញដើម្បីងើបឡើង។ ប៉ុន្ដែអតីតមេបក្សប្រឆាំងរូបនេះមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ថា នឹងវិលត្រឡប់មកនៅថ្ងៃណានោះទេ។

លោកគង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ និងជាអតីតទីប្រឹក្សាជាន់ខ្ពស់CNRP បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា”ការប្រកាសធ្វើមាតុភូមិនិវត្តឆ្នាំ២០២០(លើកទី២)របស់លោកសម រង្ស៊ី(ដែលផ្តើមដោយពាក្យថា”ប្រជាពលរដ្ឋចាំតែវត្តមានរបស់ខ្ញុំដើម្បីងើប/ដូច្នេះនៅឆ្នាំ២០២០ នៅថ្ងៃខាងមុខឆាប់ៗ/ប្រាប់មុនមិនបាន/ខ្ញុំ សម រង្ស៊ី នឹងទៅដល់/សូមបងប្អូនត្រៀមលក្ខណៈរួមកម្លាំងធំឡើងៗកម្ចាត់របបហ៊ុន សែន របបក្បត់ជាតិ”)”។

លោកគង់ គាំ បានសរសេរលើកឡើងទៀតថា”មតិទូទៅបានហៅមាតុភូមិនិវត្ត ៩វិច្ឆិកា(លើកទី១)របស់សម រង្ស៊ី ថា ”បោកប្រាស់ និងបរាជ័យ”ថា“ជាការខកចិត្តរបស់អ្នកហែហមពីក្រៅប្រទេស ក្រុមត្រៀមហែហមនៅច្រកចេញចូល(ថៃ-កម្ពុជា)”ពិសេសថា “នាំទោស/នាំទុក្ខ” ដល់អ្នកត្រៀមនៅក្នុងប្រទេសជាបន្តបន្ទាប់មិនទាន់បញ្ចប់នៅឡើយ។ ដូច្នេះការប្រកាសមាតុភូមិនិវត្តលើកទី២នេះជាសង្គ្រាម”ព័ត៌មាន”ថ្មី មាតុភូមិនិវត្តខ្យល់លើកទី២ (គ្មានទេមធ្យោបាយ/មានតែមធ្យោបោកជាលើកទី២ ដោយមានលក្ខណៈដៀមដាមថាវត្តមានលោកកឹម សុខា នៅកម្ពុជាគ្មានសារៈប្រយោជន៍ដូចវត្តមានរបស់គាត់ឡើយ”។

ចំណែកលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងតាមរយៈបណ្ដាញសង្គមតេលេក្រាមថា ការប្រកាសថានឹងចូលស្រុកជាថ្មីរបស់លោកសម រង្ស៊ី គឺជាការភូតកុហក់ជាថ្មីដើម្បីបោកប្រាស់អ្នកគាំទ្ររបស់ខ្លួននៅក្រៅប្រទេសប្រមូលលុយកាក់ជាថ្មី។

លោកសុខ ឥសានថែមទាំងបានដាស់តឿនថា ការប្រកាសចូលស្រុកវិញរបស់អតីតមេបក្សប្រឆាំងរូបនេះ នឹងធ្វើឲ្យសកម្មជនក្នុងស្រុកបន្តជាប់គុកថែមទៀតនៅពេលគាំទ្រយុទ្ធនាការ ឬសកម្មភាពខុសច្បាប់ណាមួយរបស់អតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោលរួចទៅហើយនោះ។ ម្យ៉ាងទៀតប្រសិនបើលោកសម រង្ស៊ីមកដល់ប្រទេសកម្ពុជាមែននោះ គឺពន្ធនាគារព្រៃសនឹងស្វាគមន៍រូបលោកពីព្រោះអតីតមេបក្សប្រឆាំងរូបនេះជាទណ្ឌិត ដែលមានដីកាបញ្ជាឲ្យចាប់ខ្លួនជាច្រើនករណីនោះ។ នេះជាការលើកឡើងបន្ថែមពីលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា៕ ដោយ៖ឃួន សុភ័ក្រ 

ព័ត៌មានផ្សេងទៀត