នៅ​មហាសន្និបាត​​UN​​លោក​ត្រាំ​​បន្ដ​ចង្អុលមុខ​​ចិន​​ឲ្យទទួល​ខុស​ត្រូវ​រឿង​ធ្លាយ​​កូវី​ដ​-១៩

23-09-2020 10:53 am 995

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ប្រាប់​ទៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ​ថា ចិន​ត្រូវតែ​ជា​អ្នកទទួលខុសត្រូវ​សម្រាប់​ការធ្វើឲ្យ​បែកធ្លាយ​ជំងឺ​កូវី​ដ​-១៩​ទៅក្នុង​ពិភពលោក​។ លោក​ដូណាល់ ត្រាំ​និង​លោក​ស៊ី ជីន​ពីង​ប្រធានាធិបតី​ចិន កំពុងតែ​ប្រឈមមុខ​ដាក់គ្នា​លើ​បញ្ហា​ជាច្រើន​ទៀត​ក្រៅពី​វិបត្ដិកូ​វីដ​-១៩​។ ក្នុងនោះ​មាន​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម ជម្លោះ​បច្ចេកវិទ្យា និង​បញ្ហា​សន្ដិសុខ​ជាតិ​ជាដើម​។ 

​ប៉ុន្ដែ​សម្រាប់​វិបត្ដិកូ​វីដ​-១៩​ទើប​ផ្ទុះ​ការប៉ះទង្គិច​ខ្លាំងៗ​ឡើង​មួយ​រយៈពេល​ចុងក្រោយ បន្ទាប់ពី​អាមេរិក​រងគ្រោះ​កាន់តែ​ធ្ងន់ធ្ងរ ក្លាយជា​ប្រទេស​មាន​មនុស្ស​ឆ្លង​និង​ស្លាប់​ច្រើនជាងគេ​បំផុត​ក្នុង​ពិភពលោក​។ លោក​ត្រាំ​ចោទ​ទីក្រុង​ប៉េកាំង​ថា អនុញ្ញាតឲ្យ​មនុស្សចេញ​ពីប្រ​ទេសចិន​ខណៈដែល​កំពុង​ផ្ទុះការ​ឆ្លង​រាតត្បាត​ដំណាក់កាល​ដំបូង ក្រោយម​កកូ​វីដ​-១៩​ក៏​បន្ដ​ឆ្លង​រាតត្បាត​ជុំវិញ​ពិភពលោក​។ 

​លោក​ត្រាំ​សង្កត់ធ្ងន់ថា ត្រូវតែ​ទាញ​ចិន​ឲ្យទទួល​ខុសត្រូវ​ព្រោះ​ចិន​ជា​ដើមហេតុ​។ ជាងនេះទៅទៀត​រដ្ឋាភិបាល​ចិន​និង​អង្គការ​សុខភាព​ពិភពលោក​ដែល​ស្ទើរតែ​ត្រូវ​ចិន​គ្រប់គ្រង បានប្រកាស​ដោយ​គ្មាន​ការពិត​ថា ពុំមាន​ភស្ដុតាង​បញ្ជាក់​ពី​ការចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​ទេ​។ ក្រោយមក​ពួកគេ​បាន​និយាយ​ទាំង​មិន​ត្រឹមត្រូវ​ទៀតថា មនុស្ស​ដែល​គ្មាន​រោគសញ្ញា​នឹង​មិនអាច​ចម្លងជំងឺ​នេះ​បានឡើយ​។ ហេតុនេះ​អង្គការសហប្រជាជាតិ​ត្រូវតែឲ្យ​ចិន​ទទួលខុសត្រូវ​ពី​កំហុស​របស់គេ​។ 

​ការចង្អុល​មុខ​ចោទប្រកាន់​ចំៗ​ដូច្នេះ ចិន​ក៏​មិន​នៅ​ស្ងៀម​បាន​ឆ្លើយតប​ទៅវិញ​ភ្លាមៗ ដោយ​ចាត់ទុក​អ្វីដែល​លោក​ត្រាំ​និយាយ​គឺជា​ការ​កុហក ហើយ​ប្រើប្រាស់​វេទិកា​អង្គការសហប្រជាជាតិ​បង្កឲ្យមាន​ការប្រឈម​មុខ​ដាក់គ្នា​។ លោក​ស៊ី ជីន​ពីង​ប្រធានាធិបតី​ចិន​និយាយថា ចន្លោះពេល​កំពុង​ផ្ទុះ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩​ទូទាំង​ពិភពលោក គួ​រណាស់តែ​មាន​ការរួប​រួមគ្នា​ដោះស្រាយ​។ ដោះស្រាយ​គឺ​តាមរយៈ​កិច្ចសហប្រតិបត្ដិការ​ដឹក​នាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក ដោយ​ត្រូវមាន​ការឆ្លើយតប​រួម​ជា​អន្ដរជាតិ​។ ការប៉ុនប៉ង​ណាមួយ​ក្នុង​ចេតនា​នយោបាយ​ឬក៏​ជា​អំពើ​ស្មោក​គ្រោក ត្រូវច្រាន​ចោល​ជាដាច់ខាត​។ សម្រាប់​ចិន​គ្មាន​បំណង​ប្រយុទ្ធប្រឆាំង​ឬ​ធ្វើ​សង្គ្រាមត្រជាក់​សង្គ្រាម​ក្ដៅ​ជាមួយ​នរណា​ឡើយ​។​

​អង្គការ​សុខភាព​ពិភពលោក​ក៏​ទាត់ចោល​ការចោទប្រកាន់​របស់លោក​ត្រាំ​ដែរ​។ តំណាង​អង្គការ​នេះ​ឆ្លើយតប​ថា គ្មាន​រដ្ឋាភិបាល​ណាមួយ​មក​គ្រប់គ្រង​អង្គការ​សុខភាព​ពិភពលោក​ទេ​។ មួយវិញទៀត​កាលពី​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២០ អង្គការ​ក៏​ធ្លាប់​ប្រកាសប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​នៃ​ការចម្លង​ជំងឺ​កូវី​ដ​-១៩​ពី​មនុស្ស​ទៅ​មនុស្ស​ដែរ​។ ចាប់តាំងពី​ខែកុម្ភៈ​មន្ដ្រី​ជំនាញ​អង្គការ​សុខភាព​ពិភពលោក បាន​ពិភាក្សា​ពី​ការឆ្លង​រាតត្បាត​តាមរយៈ​មនុស្ស​ជា​សាធារណៈ ទោះបី​ពួកគេ​គ្មាន​ឬ​មាន​រោគសញ្ញា​ក៏ដោយ​។ ជារួម​មិនមែន​អង្គការ​សុខភាព​ពិភពលោក មិនដែល​ជូនដំណឹង​ពី​ហានិភ័យ​នៃ​ជំងឺ​កូវី​ដ​-១៩​នោះទេ​៕(​ដោយ​៖​ពេញ ផេង​)

 ពាក្យគន្លឹះ  អាមេរិកចិនកូវីដ១៩

ព័ត៌មានផ្សេងទៀត