មេដឹកនាំ​ហុងកុង​ថា​ខ្លួន​គ្មាន​សិទ្ធិ​ការពារ​ពលរដ្ឋ​ហុងកុង​១២​នាក់​ដែល​ចិន​ចាប់ខ្លួន​ឡើយ​

22-09-2020 4:56 pm 240

​មេដឹកនាំ​ទីក្រុង​ហុងកុង​លោកស្រី​ខា​រី ឡា​ម​(Carrie Lam) បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ​ថា ទីក្រុង​ហុងកុង​គ្មាន​មូលដ្ឋាន​ច្បាប់​ដើម្បី​ទាមទារ​សិទ្ធិ​ពិសេស​ណាមួយ​ការពារ​ដល់​ពលរដ្ឋ​ហុងកុង​ចំនួន​១២​នាក់ ដែល​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​ចិន​ឡើយ​។​

​ការលើកឡើង​របស់​លោក​ស្រី​Carrie Lam ធ្វើឡើង​បន្ទាប់​ពី​ពលរដ្ឋ​ហុងកុង​ចំនួន ១២​នាក់ ត្រូវបាន​ប្រទេស​ចិន​ចាប់​ឃាត់ និង​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២០​។ ពលរដ្ឋ​ទាំង​១២​នាក់​នេះ បាន​ព្យាយាម​ល្មើស​ដោយបាន​បើកបរ​ទូក​ចូលទៅក្នុង​ដែនសមុទ្រ​របស់​ចិន ហើយ​គោលដៅ​របស់​ពួកគេ ចេញពី​ហុងកុង​សម្ដៅ​ទៅ​កាន់​កោះ​តៃវ៉ាន់​។ ក្រុមប៉ូលិស​ចិន​បាន​និយាយ​ថា​ពលរដ្ឋ​ហុងកុង​ទាំង​១២​នាក់​នេះ ត្រូវបាន​គេ​សង្ស័យថា​បាន​ព្យាយាម​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ ហើយ​ក្រសួងការបរទេស​ចិន​បាន​ហៅ​ពួកគេ​ថា​ជា​ក្រុម​បំបែក​ខ្លួន​។​

​គួរបញ្ជាក់​ថា​លោកស្រី​Carrie Lam ត្រូវ​គេ​ចោទសួរ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​មួយ របស់​លោកស្រី​ទាក់ទង​នឹង​ពលរដ្ឋ​ទាំង​១២​នាក់​ដែល​ចិន​បាន​ចាប់ខ្លួន​។ អ្នកស្រី​ត្រូវគេ​ចោទសួរ​ថា តើ​ពលរដ្ឋ​ទាំង​១២​នាក់​នេះ អាចនឹងទទួល​បាន​កា​រកា​រពារ​សិទ្ធិមនុស្ស​ដោយ​អាចនឹងទទួល​ការលើកលែងទោស ឬ​ការកាត់ទោស​ដោយ​យុត្តិធម៌ និង​ទទួលបាន​ការការពារ​ផ្នែក​ផ្លូវច្បាប់​ដែរឬទេ​? ចម្លើយ​គឺ​លោកស្រី​ឆ្លើយថា  យើង​មិន​មាន​មូលដ្ឋាន​ច្បាប់​ណាមួយ ដើម្បី​ធ្វើ​អ្វី​ដែល​យើង​ចង់​បាន​សម្រាប់​ពលរដ្ឋ​យើង​ឡើយ​។ 

​លោកស្រី​Lam ថា ពលរដ្ឋ​ទាំង​១២​នាក់​របស់​ខ្លួន នឹង​ត្រូវ​ប្រឈម​មុខ​ច្បាប់​នៅក្នុង​ប្រទេស​ចិនដីគោក​ជាមុន​។ បន្ទាប់មក​ពួកគេ​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ហុងកុង​វិញ ដើម្បី​ប្រឈមមុខ​នឹង​ការកាត់ទោស​ចំពោះ​បទឧក្រិដ្ឋ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​។ ប៉ុន្តែ​យ៉ាងណាមិញ​ខាង​អាជ្ញាធរ​ចិន​បាន​និយាយថា សិទ្ធិ​របស់​ពលរដ្ឋ​ហុងកុង​ទាំង​១២​នាក់​នេះ គឺ​យោង​ទៅតាម​ផ្លូវច្បាប់​។​

​សូមជម្រាបថា ពលរដ្ឋ​ហុងកុង​ទាំង​១២​នាក់​ខាងលើ​នេះ ត្រូវបាន​គេ​សង្ស័យថា​មាន​ជាប់​ទាក់ទង​នឹង​ការធ្វើ​បាតុកម្ម​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​កាលពី​ឆ្នាំមុន​។ មុន​ចិន​ចាប់ខ្លួន​១០​នាក់​ក្នុងចំណោម​មនុស្ស​ទាំង​១២​នាក់ ត្រូវបាន​ចោទប្រកាន់​និង​ដោះលែង​ឱ្យ​នៅក្រៅ​ឃុំ និង​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​ហុងកុង​ឡើយ​។ បច្ចុប្បន្ន​មនុស្ស​ទាំង​១២​នាក់​នេះ កំពុង​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ក្នុង​ទីក្រុង​សិន​ជិន​។​

​យ៉ាងណា​ក៏ដោយ​ចំពោះ​ជោគវាសនា​របស់​ពលរដ្ឋ​ហុងកុ​ងទាំង​១២​នាក់​ខាងលើ កំពុង​ត្រូវបាន​ឃ្លាំមើល​យ៉ាង​ដិតដល់​ពី​ប្រមុខ​ដឹកនាំ​ហុងកុង​។ ការឃ្លាំមើល ចំ​ពេល​ដែល​ហុងកុង​កំពុង​មាន​ការព្រួយបារម្ភ​ចំពោះ​ការគ្រប់គ្រង​កាន់តែ​តឹងរ៉ឹង​ឡើង ពី​សំណាក់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​។ ពិសេស ចាប់តាំងពី​ចិន​បាន​ដាក់ចេញ​នូវ​ច្បាប់​សន្តិសុខ​ថ្មី​លើ​ទីក្រុង​ហុងកុង​កាលពី​ខែ​មិថុនា​កន្លង​ទៅ​៕

​ដោយ​៖ យឺន សីហា​

 ពាក្យគន្លឹះ  ហុងកុងចិនតៃវ៉ាន់

ព័ត៌មានផ្សេងទៀត