អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបាននិយាយក្នុងសន្និសីទកាសែត ដោយដៀលចំឈ្មោះអាមេរិកចំពោះឥរិយាបថឥតខ្លាចក្រែង បន្ដទំនាក់ទំនងកាន់តែស្អិតល្មួតនឹងកោះតៃវ៉ាន់ មិនថាអាមេរិកផ្ដាច់ទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់តាំងពីឆ្នាំ១៩៧៩ងាកមករកចិនក៏ដោយ។ មិនដែលទម្លាក់មាត់ឲ្យតែឃើញអាមេរិក-តៃវ៉ាន់ផ្អែមល្ហែមដាក់គ្នាចិនតែងចេញប្រតិកម្មជានិច្ច។ បញ្ចេញប្រតិកម្មដូច្នេះតើចិនខ្លាចអាមេរិកដឹកដៃតៃវ៉ាន់ផ្ដាច់ខ្លួនជារដ្ឋឯករាជ្យ? ឬចិនចង់ប្រាប់អាមេរិកថាខ្លួនក៏មានអំណាចទាញយកតៃវ៉ាន់មកគ្រប់គ្រងវិញ?
កាលពីថ្ងៃ២១កញ្ញា តៃវ៉ាន់បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនមានសិទ្ធិការពារ និងទប់ទល់ការវាយប្រហារយាយីណាមួយពីសំណាក់ប្រទេសចិន។ តៃវ៉ាន់លើកឡើងដូច្នេះ ក្រោយពីចិនបានធ្វើសមយុទ្ធយោធាដោយមានយន្តហោះចម្បាំងជាច្រើនគ្រឿង ហោះហើរឆ្លងកាត់ខ្សែបន្ទាត់ពាក់កណ្ដាល ក្បែរច្រកសមុទ្រតៃវ៉ាន់(Taiwan Strait)កាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍សប្ដាហ៍មុន។ សកម្មភាពនេះ តៃវ៉ាន់ចាត់ទុកជារឿងមិនត្រឹមត្រូវ។
ភាពតានតឹងរវាងរដ្ឋាភិបាលទីក្រុងតៃប៉ិនិងរដ្ឋាភិបាលទីក្រុងប៉េកាំង បានកើនឡើងក្នុងពេលប៉ុន្មានខែថ្មីៗនេះ។ តៃវ៉ាន់ថាខ្លួនត្រូវតែការពារបូរណភាពទឹកដី ហើយបើចាំបាច់តៃវ៉ាន់នឹងប្រើកម្លាំងយោធា។ តៃវ៉ាន់បានព្រមានដែរថានឹងបើកការវាយប្រហារលើក្បួនយន្តហោះចម្បាំងរបស់ចិន។ លោកស្រីត្សៃ អ៊ីងវិន(Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ បានហៅសកម្មភាពរបស់ចិនជាការឈ្លានពានលើដែនអធិបតេយ្យរបស់តៃវ៉ាន់។ ជាមួយគ្នាក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកំណត់យ៉ាងច្បាស់នូវនីតិវិធីសម្រាប់ការឆ្លើយតបដំបូង ចំពេលមានការរំខាននិងការគំរាមកំហែងជាញឹកញាប់ ពីនាវានិងយន្តហោះចម្បាំងរបស់សត្រូវក្នុងឆ្នាំនេះ។
ក្នុងថ្ងៃទី២១កញ្ញាដដែលស្របពេលតៃវ៉ាន់ប្រកាសពីសិទ្ធិការពារខ្លួន មន្ដ្រីអ្នកនាំពាក្យក្រសួងការបរទេសចិនឯណោះវិញ ក៏បានធ្វើសន្និសីទកាសែតមួយបង្ហាញជំហរប្រឆាំងដាច់ខាតទៅអ្នកគាំទ្រឲ្យកោះតៃវ៉ាន់ផ្ដាច់ខ្លួនជារដ្ឋឯករាជ្យ។ ចិនយល់ថាមានអាមេរិកនៅពីក្រោយទើបតៃវ៉ាន់ហ៊ានបំពងសំឡេងម្ដងហើយម្ដងទៀតប្រឆាំងចិន ទាំងចិនមិនបានរំលោភលើសិទ្ធិតៃវ៉ាន់ ហើយទាំងតៃវ៉ាន់ជាដែនដីរបស់ចិនសោះ។ មន្ដ្រីអ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ចំៗថា ទស្សនកិច្ចមន្ដ្រីជាន់ខ្ពស់អាមេរិកទៅកាន់កោះតៃវ៉ាន់ក្នុងពេលថ្មីៗ គឺជាការបង្កហេតុនយោបាយ បង្ហាញចេតនាគាំទ្រតៃវ៉ាន់ប្រឆាំងចិន ហេតុនេះចិននឹងសងសឹកតាមរយៈវិធានការដែលស័ក្ដិសមបំផុត។ គោលបំណងណាមួយក៏ដោយចង់គាំទ្រដល់ឯករាជ្យរបស់តៃវ៉ាន់ ចុងបញ្ចប់នឹងត្រូវបរាជ័យ។
បច្ចុប្បន្នកោះតៃវ៉ាន់គឺជាចំណុចក្ដៅមួយរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង ហើយសម្រាប់អាមេរិកស្ថិតក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ តៃវ៉ាន់ក៏ជាបញ្ហាប្រឈមមួយក្រៅពីសង្គ្រាមពាណិជ្ជកម្ម បញ្ហាសន្ដិសុខជាតិ និងវិបត្ដិនៃជំងឺរាតត្បាតកូវីដ-១៩ ដែលប្រទេសទាំងពីរកំពុងប៉ះទង្គិចគ្នា។
ខណៈអាមេរិកជាខ្នងបង្អែកដ៏រឹងមាំរបស់តៃវ៉ាន់ តើចិនភ័យខ្លាចឬបានជាប្រតិកម្មជាហូរហែដាក់អាមេរិក? ឬក៏ចិនចង់បង្ហាញទៅវិញថាខ្លួនឯងខ្លាំងអាចគ្រប់គ្រងតៃវ៉ាន់បាន? ជាក់ស្ដែងណាស់ចិនពិតជាមិនចង់ឲ្យតៃវ៉ាន់ក្លាយជារដ្ឋឯករាជ្យឡើយ។ ដូចហេតុផលដែលចិនអះអាងស្ទើរតែសឹកមាត់ហើយថា តៃវ៉ាន់គឺជាដែនដីរបស់ចិន បច្ចុប្បន្នចិនរង់ចាំតែការបង្រួបបង្រួមប៉ុណ្ណោះ។ លោកប្រធានាធិបតីចិនស៊ី ជីនពីងធ្លាប់ប្រកាសថា លោកអាចឲ្យតៃវ៉ាន់អនុវត្ដគោលការណ៍ប្រទេសមួយប្រព័ន្ធពីរ ប្រសិនតៃវ៉ាន់យល់ព្រមបង្រួបបង្រួម។ ដូច្នេះបើនិយាយពីរឿងភ័យខ្លាច គឺចិនខ្លាចតៃវ៉ាន់មិនព្រមងាកមកបង្រួបបង្រួមដោយសន្ដិភាពប៉ុណ្ណោះ តែបើថាឲ្យចិនខ្លាចអាមេរិកឬខ្លាចកម្លាំងយោធាតៃវ៉ាន់មិនទំនងជាចិនត្រូវព្រឺសម្បុរឡើយ។
បើនិយាយថាចិនចង់បង្ហាញសាច់ដុំឬបង្អួតអំណាចវិញ ក៏ចាត់ទុកបានថាចេតនាចិនចង់ធ្វើដូច្នេះមែន។ ចិនធ្លាប់ប្រកាសក្នុងករណីចាំបាច់ដែលជាជម្រើសចុងក្រោយ ចិនក៏អាចប្រើកម្លាំងទ័ពសង្គ្រប់យកតៃវ៉ាន់ត្រឡប់មកគ្រប់គ្រងទាំងស្រុងវិញដែរ។ សម្ដីនេះសបញ្ជាក់យ៉ាងច្បាស់ទៅហើយ ចិនចង់អួតថាខ្លួនមានសមត្ថភាព មានកងទ័ព និងមានអំណាចគ្រប់គ្រាន់ក្នុងការទប់ស្កាត់មិនឲ្យតៃវ៉ាន់រើបម្រាស់ឬផ្ដាច់ខ្លួនជារដ្ឋឯករាជ្យ។ សូមបញ្ជាក់បន្ដិចពីកម្លាំងទ័ពចិន ចិនជាប់លំដាប់ថ្នាក់លេខមួយក្នុងពិភពលោក មានកងទ័ពជាង២លាននាក់ ខណៈអាមេរិកនៅលេខបីមានត្រឹមជាង១លាននាក់ ហើយតៃវ៉ាន់វិញមានកងទ័ពត្រឹមតែជិត៣០ម៉ឺននាក់ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយស្ថានការណ៍សព្វថ្ងៃ មិនអាចទៅរួចទេដែលថានឹងផ្ទុះឡើងសង្គ្រាមប្រដាប់អាវុធ។
សរុបមក សម្រាប់គោលការណ៍របស់ចិនគឺចង់បង្រួបបង្រួមដែនដីចិនតែមួយ មិនចង់ឲ្យមានការបែកខ្ញែកគ្នាឯងនោះទេ។ ចង់ក្លាយជាប្រទេសមហាអំណាច ត្រូវតែមានការបង្រួបបង្រួមផ្ទៃក្នុងជាមុនសិន។ ករណីនៅមានវិវាទផ្ទៃក្នុងចិននៅតែពិបាកប្រណាំងប្រជែងជាមួយអាមេរិក ទោះបីជាមានការព្យាករណ៍ខ្លះៗពីអ្នកជំនាញថា នៅថ្ងៃខាងមុខចិនអាចក្លាយជាមហាអំណាចក្នុងពិភពលោកក៏ដោយ។
ដូចបានឃើញស្រាប់ចិននៅមានជម្លោះជុំវិញបញ្ហានៅទីក្រុងហុងកុង ក្រោយពីប្រកាសឲ្យប្រើប្រាស់ច្បាប់សន្ដិសុខថ្មី។ តែយ៉ាងណាមិញដ្បិតពលរដ្ឋគាំទ្រប្រជាធិបតេយ្យហុងកុងមិនពេញចិត្ដ ហើយបណ្ដាប្រទេសមួយចំនួនថ្កោលទោសចិនជុំវិញការអនុម័តច្បាប់សន្ដិសុខទាំងចម្រូងចម្រាស ច្បាប់នេះពិតមានប្រសិទ្ធិភាពក្នុងការទប់ស្កាត់ចលនាប្រឆាំងបះបោរបង្កជាហិង្សានានា។ វិបត្ដិធំមួយទៀតនោះគឺជាមួយកោះតៃវ៉ាន់នេះឯង ដែលចិនចង់បង្រួបបង្រួមតែតៃវ៉ាន់មិនបើកភ្លើងខៀវ ហេតុនេះទើបចិនប្រើគ្រប់មធ្យោបាយ ដើម្បីឲ្យតៃវ៉ាន់ស្ថិតក្រោមការគ្រប់គ្រងរបស់ចិនទាំងស្រុង មិនចង់ឲ្យនរណាម្នាក់មកពាក់ព័ន្ធឡើយពិសេសគឺសហរដ្ឋអាមេរិក៕(ដោយ៖ពេញ ផេង)