FFC បង្កើតលីគបាល់ទាត់នារី ត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣

22-09-2020 12:35 pm 254

 លោកស្រី ពុធ ធីតា អនុប្រធានគណៈកម្មការបាល់ទាត់នារី នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ការបង្កើតលីគបាល់ទាត់នារី ឆ្នាំ២០២០ គឺដើម្បីចម្រាញ់កីឡាការិនីឆ្នើមចំនួន ២៥នាក់ ទៅហ្វឹកហាត់រយៈពេលវែងនៅចិន តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ (SEA Games 2023) នៅកម្ពុជា។ការថ្លែងបែបនេះបានធ្វើឡើងក្នុងពិធីចាប់ឆ្នោតបែងចែកកម្មវិធីប្រកួតលីគបាល់ទាត់នារី ឆ្នាំ២០២០ ។

លោក ស្រីបន្តថា ការរៀបចំបង្កើតឱ្យមានលីគបាលទាត់នារី ឆ្នាំ២០២០នេះឡើង ដើម្បីអភិវឌ្ឍន៍បាល់ទាត់នារីក្នុងប្រទេស និងមួយទៀត គឺដើម្បីត្រៀមខ្លួនចូលរួមការប្រកួតស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម និងមួយទៀត យើងត្រៀមហ្វឹកហាត់រយៈពេលវែង នៅប្រទេសចិន ដូចជា ៣ឆ្នាំ (២ដំណាក់) ដើម្បីឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលយើងជាម្ចាស់ផ្ទះ។

ក្នុងឱកាសនោះដែរ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងដែរថា ដោយសារបាល់ទាត់ គឺជាប្រភេទកីឡាអាទិភាពមួយឆ្ពោះទៅស៊ីហ្គេម ហេតុនេះ សហព័ន្ធបានយកចិត្តទុកដាក់អភិវឌ្ឍន៍ទាំងបាល់ទាត់បុរស និងបាល់ទាត់នារី។ ដូច្នេះទើបសហព័ន្ធបង្កើតលីគបាល់ទាត់នារីនេះឡើង ដើម្បីពង្រឹងសមត្ថភាព និងការអភិវឌ្ឍន៍។

ចំពោះគម្រោងបញ្ជូនក្រុមបាល់ទាត់នារីទៅហាត់នៅចិនវិញ គ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ២០២១ តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះគឺនឹងចាប់ផ្តើមពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។សម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ដ៏ធំនៅប្រទេសកម្ពុជានាពេលខាងមុខនេះគឺតាមការព្យាករណ៍ និងតាមគម្រោងរបស់គណៈកម្មការរៀបចំនឹងមានអ្នកចូលរួមប្រមាណ ១០ ម៉ឺននាក់ ក្នុងនោះអត្តពលិកជាង ៧០០០នាក់ រួមជាមួយមន្ត្រីអមប្រតិភូ ភ្ញៀវ អង្គការកីឡាអន្តរជាតិនានាប្រមាណ ៣០០០នាក់ទៀត៕(ដោយ៖ភិន សុភី) 

 ពាក្យគន្លឹះ  FFCបាល់ទាត់នារី

ព័ត៌មានផ្សេងទៀត