អាមេរិក​ឃាត់ខ្លួន​ប៉ូលិស​ក្រុង​ញូវយ៉ក​ដើមកំណើត​ចិន​ម្នាក់​ពី​បទ​ធ្វើ​ចារកម្ម​ឲ្យ​ចិន​

22-09-2020 12:28 pm 310

​អាជ្ញាធរ​អាមេរិក​បាន​ចោទប្រកាន់ និង​ឃាត់ខ្លួន​បុរស​សញ្ជាតិ​អាមេរិក​ដើមកំណើត​ចិន​ម្នាក់ ដែល​បម្រើការ​ជា​មន្ត្រីប៉ូលិស​ក្នុង​ទីក្រុង​ញូវយ៉ក​ពីបទ​ធ្វើ​ចារកម្ម​។ បុរស​រូបនេះ​បាន​ប្រមូល​ព័ត៌មាន​អំពី​ស្ថានភាព និង​ទិន្នន័យ​សំខាន់ៗ​ឲ្យទៅ​ប្រទេស​ចិន​។​

​យោង​តាម​ការចោទប្រកាន់​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២១ កញ្ញា ឆ្នាំ​២០២០​នេះ បានឲ្យដឹងថា លោក​Baimadajie Angwang អាយុ​៣៣​ឆ្នាំ មាន​សញ្ជាតិ​ដើម​ជា​ចិន​ទី​បេ ធ្វើការ​នៅ​ស្ថានីយ​ប៉ូលិស​មួយ​ក្នុង​តំបន់​ឃ្វីន​នៃ​ទីក្រុង​ញូវយ៉ក​។ បុរស​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​សមាជិក​នៃ​ស្ថាន​កុងស៊ុល​ចិន​ក្នុង​ទីក្រុង​ញូវយ៉ក​។​

​លោក​Angwang បាន​ធ្វើ​ការប្រមូល​ព័ត៌មាន​នៅ​ក្នុង​សហគមន៍​ទីបេ​នៃ​ក្រុង​ញូវយ៉ក​ចន្លោះ​ពី​ឆ្នាំ ២០១៨ និង ២០២០​។ លោក​Angwang ប្រមូល​ទិន្នន័យ​សំខាន់​ជា​ច្រើន​ផ្សេងទៀត​។ ការចោទប្រកាន់​បាន​អះអាងថា លោក​Angwang ជា​មន្ត្រី​នៃ​កងទ័ព​បម្រុង​អាមេរិក និង​ថែម​ទាំង​មាន​ទាក់ទង​ជាមួយ​មន្ត្រី​ចំនួន​ពីរ​នាក់​នៅក្នុង​ស្ថាន​កុងស៊ុល​ចិន​។ ក្នុង​ឯកសារ​របស់​តុលាការ​បង្ហាញថា ប្រទេស​ចិន​បាន​ចំណាយ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​សម្រាប់​ការងារ​របស់​លោក​Angwang​។ ឯកសារ​ដដែល​បង្ហាញ​ទៀតថា ឪពុក​របស់​លោក​Angwang ជា​សមាជិក​ចូលនិវត្តន៍​នៃ​កងទ័ព​ចិន និង​ជា​សមាជិក​នៃ​បក្ស​កុ​ម្មុយ​នី​ចិន​។ ចំណែកឯ​ម្តាយ​ជា​សមាជិក​គណបក្ស​កុម្មុនីស្ត និង​ជា​អតីត​មន្ត្រី​រដ្ឋាភិបាល​ចិន​។​

​ក្រៅ​ពី​បទ​ចារកម្ម លោក​Angwang ក៏​ត្រូវបាន​ចោទប្រកាន់​ចំនួន​៣​ករណី​ផ្សេង​ទៀត​រួមមាន ការចុះឈ្មោះ​ចូល​បម្រើការ​ក្នុង​ផ្នែក​ទំនាក់ទំនង​ជាមួយ​បរទេស​លើ​ទឹកដី​អាមេរិក ការបង្ហាញ​ព័ត៌មាន​មិន​ពិត និង​រារាំង​ប្រតិបត្តិការ​សេវាសាធារណៈ​។​

​អ្នកនាំពាក្យ​រដ្ឋអាជ្ញា​សង្កាត់​Brooklyn​នៃ​ក្រុង​ញូវយ៉ក បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​AFP ថា លោក​Angwang ត្រូវបាន​នាំ​ខ្លួន​ទៅកាន់​តុលាការ​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​កញ្ញា និង​ត្រូវបាន​ដាក់​ឲ្យ​ឃុំខ្លួន​។  រីឯ​ស្ថានីយ​ប៉ូលិស​ញូវយ៉ក​(NYPD)​ថា បច្ចុប្បន្ន​លោក​Angwang ត្រូវបាន​ព្យួរការងារ​ដោយ​គ្មាន​ប្រាក់​ឈ្នួល​ផងដែរ​។ មិនតែប៉ុណ្ណោះ​លោក​អាច​នឹង​ប្រឈម​ការ​ជាប់​ពន្ធនាគា​រយ៉ា​ង​ហោចណាស់ ៥៥​ឆ្នាំ​។​

​ជាមួយ​គ្នា​លោក​Dermot Francis Shea ស្នងការ​នគរបាល​ក្រុង​ញូវយ៉ក និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក​Baimadajie Angwang បាន​រំលោភ​លើ​រាល់​សម្បថ​សម្ចាប្រណិធាន​ចំពោះ​អាមេរិក ដោយ​ទី​១.​លោក​ក្បត់​នឹង​សហរដ្ឋអាមេរិក ទី​២.​លោក​ក្បត់​នឹង​យោធា​អាមេរិក និង​ទី​៣.​លោក​ក្បត់​នឹង​ស្ថានីយ​ប៉ូលិស​ញូវយ៉ក​តែម្ដង​៕

​ដោយ​៖ យឺន សីហា​

 ពាក្យគន្លឹះ  ចិនអាមេរិកចារកម្ម

ព័ត៌មានផ្សេងទៀត