យោធា​តៃវ៉ាន់​ថា​ខ្លួន​មាន​សិទ្ធិ​ទប់ទល់​ការវាយប្រហារ​គំរាមកំហែង​ពី​ចិន​

21-09-2020 4:59 pm 371

​អាជ្ញាធរ​តៃវ៉ាន់​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​២១ កញ្ញា ឆ្នាំ​២០២០​នេះ​ថា កងកម្លាំងប្រដាប់អាវុធ​របស់​ខ្លួន​មាន​សិទ្ធិ​ការពារ​ខ្លួន និង​ទប់ទល់​ពី​ការវាយប្រហារ​យាយី​ណាមួយ​ពី​សំណាក់​ប្រទេស​ចិន​។ តៃវ៉ាន់​លើកឡើង​ដូច្នេះ ក្រោយ​ពី​ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​ដោយមាន​យន្តហោះ​ចម្បាំង​ជាច្រើន​ហោះហើរ​ឆ្លងកាត់​ខ្សែបន្ទាត់​ពាក់កណ្ដាល ក្បែរ​ច្រក​សមុទ្រ​តៃវ៉ាន់​(Taiwan Strait)​កាលពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​។​

​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិ និង​រដ្ឋាភិបាល​ប៉េកាំង​បាន​កើតឡើង​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។ តៃវ៉ាន់​ថា ខ្លួន​ត្រូវ​តែ​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន ហើយ​បើ​ចាំបាច់​នោះ តៃវ៉ាន់​នឹង​ប្រើប្រាស់​កម្លាំង​យោធា​។ ការព្រមាន​នេះ​ធ្វើឡើង​ក្រោយ​ពី​យន្តហោះ​ចម្បាំង​ជាច្រើន​របស់​ចិន បាន​ហោះ​កាត់​ដែន​អធិបតេយ្យ​តៃវ៉ាន់ ត្រង់​ខ្សែបន្ទាត់​ពាក់កណ្ដាល​ក្បែរ​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​ជា​ការឆ្លើយតប​ចិន តៃវ៉ាន់​បាន​ព្រមាន​ថា​នឹង​បើក​ការវាយប្រហារ​លើ​ក្បួន​យន្តហោះ​ចម្បាំង​របស់​ចិន​។ លោកស្រី​Tsai Ing-wen ប្រធានាធិបតី​តៃវ៉ាន់ បាន​ហៅ​សកម្មភាព​របស់​ចិន​ថា​ជា​ការឈ្លានពាន​លើ​ដែន​អធិបតេយ្យ​របស់​តៃវ៉ាន់​។ ជាមួយគ្នា​ក្រសួងការពារជាតិ​តៃវ៉ាន់​បានឲ្យ​ដឹង​នៅក្នុង​សេចក្តីថ្លែងការ​ណ៍​មួយថា ខ្លួន​បាន​កំណត់​យ៉ាង​ច្បាស់​នូវ​នីតិវិធី​សម្រាប់​ការឆ្លើយតប​ដំបូង​របស់​ខ្លួន​ចំ​ពេល​មាន​ការរំខាន និង​ការគំរាមកំហែង​ជា​ញឹកញាប់​ពី​នាវា​និង​យន្តហោះ​ចម្បាំង​របស់​សត្រូវ​ក្នុង​ឆ្នាំនេះ​។​

​គួរបញ្ជាក់​ថា សមយុទ្ធ​របស់​ចិន​កាលពី​សប្តាហ៍​មុន​នេះ ធ្វើឡើង​ក្រោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​បង្ហាញ​នូវ​ការ​ខឹងសម្បា​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ទៅ​កាន់​កោះ​តៃវ៉ាន់​។ នៅ​ថ្ងៃ​ច័ន្ទ​នេះ​កាសែត​China Daily របស់​ចិន​បាន​ចុះផ្សាយ​នូវ​បទ​វិចារណកថា​មួយ​ថា សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​ប្រើ​កោះ​តៃវ៉ាន់​ដើម្បី​ប្រឆាំង​ជាមួយ​ចិន​។ ប៉ុន្តែ​គ្មាន​ភាគី​ណា​មួយ​បង្ហាញ​ពី​ការមើលស្រាល​លើ​ការប្តេជ្ញាចិត្ត​ចំពោះ​ការអះអាង​អធិបតេយ្យភាព​របស់​កោះ​តៃវ៉ាន់​ឡើយ​។​

​សូមជម្រាបថា សហរដ្ឋអាមេរិក​មិន​មាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់​ទេ តែ​សហរដ្ឋអាមេរិក​ជា​ខ្នងបង្អែក​ដ៏​ធំ​បំផុត​របស់​កោះ​តៃវ៉ាន់​។ សហរដ្ឋអាមេរិក​កំពុង​គ្រោង​នឹង​លក់​អាវុធ​ទំនើបៗ​ដល់​កោះ​តៃវ៉ាន់​បន្ដទៀត​។ សម្រាប់​ប្រទេស​ចិន​ថា សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ដ៏​កម្រ​នៅក្បែ​រកោះ​តៃវ៉ាន់ ដែល​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​បាន​ហៅថា​ជា​ការ​បង្កហេតុ​ធ្ងន់ធ្ងរ​នោះ គឺ​ចិន​ធ្វើ​ជា​ចាំបាច់​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​៕

​ដោយ​៖ យឺន សីហា​

 ពាក្យគន្លឹះ  តៃវ៉ាន់ចិនសមយុទ្ធ

ព័ត៌មានផ្សេងទៀត