អតីតតំណាងរាស្រ្ដCNRPលោកកែវសម្បត្តិទទួលមរណភាពក្នុងអាយុ៧៨ឆ្នាំ

21-09-2020 4:04 pm 439

លោកកែវ សម្បត្តិ អតីតតំណាងរាស្រ្ដនៃអតីតគណបក្សសង្រ្គោះជាតិ(CNRP)ប្រចាំមណ្ឌលភ្នំពេញបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នៅទីក្រុងឡូវែល រដ្ឋម៉ាស់សាជូហ្សេត នៃសហរដ្ឋអាមេរិក។ នេះបើតាមលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ដែលផ្ញើសាររំលែកទុក្ខជាមួយក្រុមគ្រួសារលោកកែវ សម្បត្តិនៅថ្ងៃច័ន្ទនេះ។ លោកកែវ សម្បត្តិ កើតនៅថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៤២ ហើយបើគិតដល់ឆ្នាំ២០២០នេះ លោកមានអាយុ៧៨ឆ្នាំហើយ។

ក្នុងសាររំលែកទុក្ខនេះលោកកឹម សុខា បានសរសេររៀបរាប់ថា ការបាត់បង់រូបលោកវេជ្ជបណ្ឌិត កែវ សម្បត្តិ គឺជាការបាត់បង់ស្វាមី ឪពុក ដែលជាទីស្រឡាញ់បំផុត និងជាបង្គោលដ៏រឹងមាំរបស់ក្រុមគ្រួសារ ក៏ប៉ុន្តែជា មួយគ្នានេះដែរ សម្រាប់រូបលោកការបាត់បង់លោកវេជ្ជបណ្ឌិតកែវ សម្បត្តិ គឺជាការបាត់បង់បញ្ញវន្ត បាត់បង់អ្នកស្នេហាជាតិខ្មែរ ជាពិសេសបាត់បង់សហការីដ៏ឆ្នើមរបស់លោកមួយរូបផងដែរ។ អតីតមន្ត្រីនៃអតីត CNRPមួយចំនួនទៀតដូចជា៖លោកជីវ កត្តា,លោកមុត ចន្ថា,និងលោកខឺយ ស៊ីនឿនជាដើម ក៏បានផ្ញើសារចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពរបស់លោកកែវ សម្បត្តិផងដែរ។

សូមជម្រាបថា លោកកែវ សម្បត្តិ ដែលជាវេជ្ជបណ្ឌិតផងនោះ បានចាប់ផ្ដើមធ្វើនយោបាយជាមួយគណបក្សសិទ្ធិមនុស្ស ដោយកាលពីឆ្នាំ២០១០លោកត្រូវបានតែងតាំងជាប្រធានគណបក្សប្រចាំសាខាអាមេរិកខាងជើង។ ក្រោយពីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួមគ្នាបង្កើតគណបក្សសង្រ្គោះជាតិនៅឆ្នាំ២០១២មក រូបលោកបានជាប់ជាតំណាងរាស្រ្ដមណ្ឌលភ្នំពេញនាអាណត្តិទី៥នៃរដ្ឋសភា។

ប៉ុន្តែបន្ទាប់ពីគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលរំលាយដោយរងការចោទថាគណបក្សនេះបានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៧នោះថ្នាក់ដឹកនាំនិងមន្ត្រីចំនួន១១៨នាក់នៃអតីតគណបក្សសង្រ្គោះជាតិ ក៏ត្រូវបានហាមឃាត់ធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ក្នុងនោះក៏មានលោកកែវ សម្បត្តិផងដែរ។

គួរកត់សម្គាល់ថា លោកកែវ សម្បត្តិជាអតីតតំណាងរាស្រ្ដ នៃអតីតគណបក្សសង្រ្គោះជាតិទី២ហើយ ដែលបានទទួលមរណភាព បន្ទាប់ពីលោកជាម ច័ន្ទនី អតីតតំណាងរាស្ត្រCNRPមណ្ឌលកំពង់ធំ បានទទួលមរណភាពដោយរោគាពាធក្នុងវ័យ៥៧ឆ្នាំ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨កន្លងទៅនេះ៕ ដោយ៖ឃួន សុភ័ក្រ

ព័ត៌មានផ្សេងទៀត