CDC​ច្រានចោល​ករណី​អាមេរិក​ចោទថា​ក្រុមហ៊ុន​ចិន​UDG​បង្ខំ​ឲ្យ​ពលរដ្ឋ​ចេញពី​ដី​ពួកគេ​

21-09-2020 3:10 pm 218

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា​CDC កាលពី​ថ្ងៃទី​២០​កញ្ញា បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ឆ្លើយតប​នឹង​ការចោទប្រកាន់​របស់​អា​មេរិក ទៅលើ​ក្រុមហ៊ុន​ចិន​យូ​ញៀន ឌី​វេឡុ​ប​មេន គ្រុប ខូ អិល​ធី​ឌី (UDG) ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​មានការ​សបញ្ជាក់​ចំនួន​៥​ចំណុច ឆ្លើយតប​នឹង​ការចោទប្រកាន់​ដែល​CDC​ចាត់ទុកជា​រឿង​មិន​ត្រឹមត្រូវ​។ 

​នៅត្រង់ចំណុច​ទី​បី ដែល​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក ចោទប្រកាន់ថា​ក្រុមហ៊ុន​UDG​បាន​បង្ខិតបង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ចាកចេញ​ពី​ដី​របស់ខ្លួន ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បកស្រាយ​ថា ទីតាំង​វិនិយោគ​របស់​ក្រុមហ៊ុន​UDG គឺជា​ផ្នែក​មួយ​នៃ​ឧទ្យាន​ជាតិបុ​ទុម​សាគរ ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។ ផ្អែក​ទៅ​តាមច្បាប់ ទីតាំង​ឧទ្យាន​ជាតិ​នេះ​ពុំ​អាចមាន​បុគ្គល​ណា​ម្នាក់​មាន​សិទ្ធិ​កាន់កាប់ និង​អាស្រ័យ​ផល​បានឡើយ​។ ប៉ុន្តែ​ជាក់ស្តែង​គឺមាន​ប្រជាពលរដ្ឋ​មួយចំនួន​បានរស់នៅ និង​អាស្រ័យ​ផល​នៅលើ​ទីតាំង​ដែល​ត្រូវបាន​ជួល​ឱ្យ​ក្រុមហ៊ុន UDG វិនិយោគ​។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បន្ថែមថា ក្នុង​ស្មារតី​គិតគូរ​ដល់​ប្រជាពលរដ្ឋ ចំពោះ​កិច្ចសន្យាជួល​ទីតាំង​វិនិយោគ​នេះ​ត្រូវបាន​រៀបចំឡើង​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់បំផុត ហើយ​បានដាក់​ឆ្លង​កិច្ចប្រជុំ​អន្តរក្រសួង​ជា​ច្រើនលើកច្រើនសារ ដើម្បី​កំណត់​យន្តការ​និង​នីតិវិធី​ដោះស្រាយ​មួយ​ដ៏​ត្រឹមត្រូវ​ជាមួយ​ប្រជាពលរដ្ឋ​ទាំងនោះ ជៀសវាង​ការបង្ខិតបង្ខំ​ណាមួយ​។ 

ជាក់ស្តែង​បន្ទាប់ពី​កិច្ចសន្យាជួល​ទីតាំង​វិនិយោគ​ត្រូវបាន​ចុះហត្ថលេខា​រួច ក្រុមការងារ​អន្តរក្រសួង​មួយ​ត្រូវបាន​បង្កើតឡើង សម្រាប់​ធ្វើជា​យន្តការ​ដោះស្រាយ​ទីតាំង​ជូន​ប្រជាពលរដ្ឋ​ខាងលើ​។ ក្រុមការងារ​អន្តរក្រសួង​នេះ​បាន​ចុះ​ស្រង់​ស្ថិតិ សិក្សា​លើ​គ្រប់​ទិដ្ឋភាព​ទាំងអស់ មុននឹង​ធ្វើ​របាយការណ៍​សុំ​ការពិនិត្យ និង​សម្រេច​ពី​រាជរដ្ឋាភិបាល​។ ជារួម ការដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​លើ​ទីតាំង​ជួល ត្រូវបាន​អនុវត្តតាម​គោលការណ៍​ស្ម័គ្រចិត្ត សន្តិវិធី​ដោយ​គ្មាន​ការបង្ខិតបង្ខំ និង​ស្របតាម​ខ្លឹមសារ​ទាំងស្រុង​នៃ​កិច្ចសន្យា មិន​ដូច​ការចោទប្រកាន់​របស់​អាមេរិក​ឡើយ​។​

គួរបញ្ជាក់​ផងដែ​រថា ក្រៅពី​ការបកស្រាយ​ខាងលើនេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក៏បាន​គូសបញ្ជាក់​លើ​បួន​ចំណុច​ទៀត​ដែរ​។ ក្នុងនោះ​ដូចជា​ករណី​ក្រសួង​រតនាគារ​អាមេរិក​អះអាងថា​ក្រុមហ៊ុន​UDG ជា​ក្រុមហ៊ុន​រដ្ឋាភិបាល​ចិន​មិន​ស្រប​ឯកសារ​តម្កល់ទុក​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា  ករណី​ផ្ដល់​ទីតាំង​មាន​ទំហំ​ដី​លើសពី​១​ម៉ឺន​ហិកតា ការអភិវឌ្ឍ​នេះ​បាន​បំផ្លិចបំផ្លាញ​បរិស្ថាន និង​គូសបញ្ជាក់​ករណី​ថា​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​UDG អាច​នឹង​ត្រូវបាន​ប្រើប្រាស់​ជា​មូលដ្ឋាន​យោធា​។​

សូម​រម្លឹកថា សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​១៥​កញ្ញា បាន​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​យូ​ញៀន ឌី​វេឡុ​ប​មេន គ្រុប ខូ អិល​ធី​ឌី​(UDG) ក្រោម​ហេតុផល​ថា​ក្រុមហ៊ុន​នេះ​បាន​រឹបអូស និង​បំផ្លិចបំផ្លាញ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ ដើម្បី​សាងសង់​គម្រោង​អភិវឌ្ឍ​តារា​សាគរ​នៅ​ខេត្ដ​កោះកុង​។ ក្រសួង​សេដ្ឋកិច្ច​អា​មេរិក៏​បាន​អះអាង​ផង​ដែរថា ក្រុមហ៊ុន​UDG​រំលោភ​លើ​ច្បាប់​Global Magnitsky ហើយ​បាន​ដាក់ទណ្ឌកម្ម​ដោយ​បង្កក​ទ្រព្យសម្បត្ដិ​ក្រុមហ៊ុន​នេះ​នៅ​អាមេរិក​៕(​ដោយ​៖​ម៉ៅ សុភ័ក្ដ្រា​)

 ពាក្យគន្លឹះ  CDCUDG​កម្ពុជាអាមេរិក

ព័ត៌មានផ្សេងទៀត