TikTok​​មាន​ដង្ហើម​​ធ្វើ​ប្រតិ​បត្ដិការ​នៅ​អាមេរិក​វិញ​​ក្រោយ​សម្រេច​កិច្ចព្រមព្រៀង​ថ្មី​

21-09-2020 1:43 pm 367

​នៅ​ទីបំផុត​កម្មវិធី​TikTok​ត្រូវ​ចៀសផុត​ពី​ការបិទ​ប្រតិ​បត្ដិការនៅ​អាមេរិក ក្រោយ​ឈានដល់​កិច្ចព្រមព្រៀង​ថ្មី​មួយ​។ តាម​បទបញ្ជា​របស់​ក្រសួងពាណិជ្ជកម្ម​អាមេរិក​ចេញ​កាលពី​ថ្ងៃទី​១៨​កញ្ញា ចាប់ពី​ថ្ងៃទី​២០​កញ្ញា​តទៅ ប្រជាពលរដ្ឋ​អាមេរិក​មិនអាច​ទាញយក​កម្មវិធី​TikTok​មក​ដាក់​លើ​ទូរស័ព្ទដៃ​បានទេ ប៉ុន្ដែ​កម្មវិធី​ដែលមាន​ស្រាប់​លើ​ទូរស័ព្ទដៃ អាច​បន្ដ​ប្រើប្រាស់​បាន​រហូតដល់​ថ្ងៃទី​១២​ខែវិច្ឆិកា​ឆ្នាំ​២០២០​។ លុះត្រាតែ​មាន​ការដោះស្រាយ​ពី​ការព្រួយបារម្ភ​រួចរាល់​សិន ទើប​មាន​ការកែប្រែ​បម្រាម​សាជាថ្មី​។​

​តែ​នៅមុន​ដល់ពេល​កំណត់​ប៉ុន្មាន​ម៉ោង កម្មវិធី​TikTok​ក៏​ទទួលបាន​ភ្លើង​ខៀវ​អាច​​បន្ដប្រតិបត្ដិការ ក្រោយ​ទទួលបាន​កិច្ចព្រមព្រៀង​ថ្មី​។ ក្រុមហ៊ុន ByteDance​ជា​មេ​របស់​TikTok រួម​នឹង​ក្រុមហ៊ុន​ពាក់ព័ន្ធ​មួយចំនួនទៀត​ដូចជា​ក្រុមហ៊ុន​Oracle​និង​ក្រុមហ៊ុន​Walmart​របស់​អាមេរិក បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​កិច្ចព្រមព្រៀង​ថ្មី​ជាបន្ទាន់​ដើម្បី​ចៀសវាង​ពី​ការបិទ​នេះ​។​

​តាមរយៈ​កិច្ចព្រមព្រៀង​ថ្មី ក្រុមហ៊ុន​ថ្មី​មួយ​នឹង​លេច​វត្ដ​មាន​ឡើង​ដែលមាន​ឈ្មោះថា​TikTok Global មាន​ទីតាំង​ស្ថិតក្នុង​ទឹកដី​អាមេរិក​។ ក្រុមហ៊ុន​ថ្មី​នឹងមាន​ការចូលរួម​ភាគហ៊ុន​ពី​ក្រុមហ៊ុន​Oracle១២.៥​ភាគរយ និង​ក្រុមហ៊ុន​Walmart​ចំនួន​៧.៥​ភាគរយ​។ ក្រៅពីនេះ​ក៏មាន​ការយល់ព្រម​នឹង​ផ្ដល់​ការងារ​ដល់​ជនជាតិ​អាមេរិក​ប្រមាណ​២៥,០០០​នាក់ ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​ByteDance​មាន​បុគ្គលិក​ប្រមាណ​តែ​១០០០​នាក់​ប៉ុណ្ណោះ​។ ជាងនេះទៅទៀត​ក្រុមហ៊ុន​នឹង​បង្កើត​មូលនិធិ​ដែលមាន​ទឹកប្រាក់​ចំនួន​៥​ពាន់​លាន​ដុល្លារ ដើម្បី​បណ្ដុះបណ្ដាល​សិស្សានុសិស្ស​ជំនាន់​ក្រោយ​ខាង​ផ្នែក​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កុំព្យូទ័រ​ផងដែរ​។​

​នេះហើយ​ជា​ហេតុផល​មួយ​ដែល​មានការ​សន្និដ្ឋានថា លោក​ត្រាំ​ពេញចិត្ដ​លើ​កិច្ចព្រមព្រៀង​ថ្មី​ដ្បិត​មិនបាន​ដូច​ការចង់បាន​ទាំងស្រុង ប៉ុន្ដែ​ក៏​អាច​ទទួលយកបាន​ភាគ​ច្រើន​។ ម្យ៉ាង​វា​ហាក់​ស៊ី​នឹង​គោលនយោបាយ​គិត​អាមេរិក​ដំបូង​គេ​របស់លោក​ផងដែរ ដូច្នេះហើយ​ទើប​លោក​សម្រេច​ឲ្យ​ផ្លាស់ប្ដូរ​ពី​ការលក់​កម្មវិធី​TikTok​ទៅឲ្យ​ក្រុមហ៊ុនអាមេរិក​គ្រប់​គ្រង​ទាំងស្រុង មកជា​ការវិនិយោគ​រួមគ្នា​វិញ​។ យ៉ាងណាក៏ដោយ​លោក​ត្រាំ​ក៏​ពុំបាន​បញ្ជាក់​លម្អិត​​ជុំវិញ​បញ្ហា​នេះដែរ​។ 

​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ថ្មី ប្រតិកម្ម​ដំបូង​បំផុត​ពី​ចិន​គឺថា​គ្រោងការណ៍​នេះ​នៅតែ​អ​យុត្ដិធម៌​ដដែល ប៉ុន្ដែ​យ៉ាងហោចណាស់​ក៏​វា​អាច​ចៀសវាង​លទ្ធផល​អាក្រក់​បំផុត​បាន គឺ​ល្អ​ជាង​TikTok​ត្រូវបាន​បិទ​ឬ​លក់​ទៅឲ្យ​ក្រុមហ៊ុន​អាមេរិកទាំង​ស្រុង​ដែរ​។​

​សូម​រម្លឹកថា ក្នុងពេល​ថ្មីៗ​នេះ​រដ្ឋបាល​របស់លោក​ដូណាល់ ត្រាំ​បាន​អះអាងថា កម្មវិធី​TikTok​ដែលមាន​អ្នកប្រើប្រាស់​ប្រមាណ​១០០​លាន​នាក់​នៅ​អាមេរិក គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​ជាតិ​អាមេរិក ដោយ​អាច​ប្រមូល​ទិន្នន័យ​អ្នកប្រើប្រាស់​ទៅឲ្យ​រដ្ឋាភិបាល​បក្ស​កុម្មុយនីស្ដចិន​។ ក្រោយមក​លោក​ដូណាល់ ត្រាំ​ក៏​ប្រកាស​គំរាម​បិទ​កម្មវិធី​នេះ លុះត្រាតែ​ក្រុមហ៊ុន​អាមេរិក​ធ្វើជា​អ្នកគ្រប់គ្រង​ប្រតិ​បត្ដិកា​រ​​។ 

​កាលពី​ខែសីហា​លោក​ត្រាំ​ទុកពេល​ឲ្យ​ក្រុមហ៊ុន​ByteDance​ចរចា​លក់​កម្មវិធី​TikTok​ឲ្យ​ក្រុមហ៊ុនអាមេរិក យ៉ាងហោចណាស់​សម្រេច​ឲ្យបាន​កិច្ចព្រមព្រៀង​នៅត្រឹមថ្ងៃ​ទី​១៥​ខែកញ្ញា​ឆ្នាំ​២០២០ ប៉ុន្ដែ​ដល់​ថ្ងៃ​កំណត់​នៅតែ​គ្មាន​លទ្ធផល​។ មិន​ថា​ផុត​ថ្ងៃ​កំណត់​ក៏ដោយ ឲ្យតែ​ក្រុមហ៊ុន​ByteDance​មាន​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ណាមួយ​របស់​អាមេរិក លោក​ត្រាំ​ក៏​យល់ស្រប​ឲ្យ​កម្មវិធី​នេះ​នៅតែ​អាច​ប្រើប្រាស់​បាន​នៅ​អាមេរិក​។ លុះ​​​ចុងក្រោយតាមរយៈកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង ​ក៏​សម្រេចបាន​កិច្ចព្រមព្រៀង​ថ្មី​នៅពេលនេះ​តែម្ដង​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត