អ្នកនយោបាយ៖លោកសម រង្ស៊ីប្រកាសវិលចូលស្រុកជាថ្មីជាល្បិចបោកលុយអ្នកគាំទ្រខ្លួនប៉ុណ្ណោះ

21-09-2020 12:15 pm 2267

ការប្រកាសវិលចូលស្រុកជាថ្មីពីសំណាក់លោកសម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានមន្ត្រីនាំពាក្យគណបក្សកាន់អំណាច ក៏ដូចជាអ្នកនយោបាយក្នុងស្រុកមួយចំនួនទៀតចាត់ទុកថា ជាល្បិចបោកប្រាស់ប្រមូលលុយកាក់ពីអ្នកគាំទ្ររបស់ខ្លួនជាថ្មីម្ដងទៀត ដែលធ្លាប់បានធ្វើកន្លងមកហើយ។

លោកសម រង្ស៊ីកាលពីថ្ងៃទី២០ ខែកញ្ញា បានប្រកាសថារូបលោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាជាថ្មីម្ដងទៀត ក្រោយពីលោកបានឃើញសារអ្នកគាំទ្រលោក រង់ចាំតែលោកត្រឡប់ទៅកម្ពុជាវិញដើម្បីងើបឡើង។ ដូច្នេះរូបលោកនឹងវិលទៅប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខ ហើយបានស្នើសុំឲ្យអ្នកគាំទ្រលោកត្រៀមខ្លួនរួមកម្លាំងជាធ្លុងមួយ។ ប៉ុន្ដែអតីតមេបក្សប្រឆាំងរូបនេះ មិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ថា នឹងវិលត្រឡប់មកនៅថ្ងៃណានោះទេ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងតាមរយៈបណ្ដាញសង្គមតេលេក្រាមថា ការប្រកាសថានឹងចូលស្រុកជាថ្មីរបស់លោកសម រង្ស៊ី គឺជាការភូតកុហក់ជាថ្មីដើម្បីបោកប្រាស់អ្នកគាំទ្ររបស់ខ្លួននៅក្រៅប្រទេសប្រមូលលុយកាក់ជាថ្មី។ លោកសុខ ឥសានថែមទាំងបានដាស់តឿនថា ការប្រកាសចូលស្រុកវិញរបស់អតីតមេបក្សប្រឆាំងរូបនេះ នឹងធ្វើឲ្យសកម្មជនក្នុងស្រុកបន្តជាប់គុកថែមទៀតនៅពេលគាំទ្រយុទ្ធនាការ ឬសកម្មភាពខុសច្បាប់ណាមួយរបស់អតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោលរួចទៅហើយនោះ។

ម្យ៉ាងទៀតប្រសិនបើលោកសម រង្ស៊ីមកដល់ប្រទេសកម្ពុជាមែននោះ គឺពន្ធនាគារព្រៃសនឹងស្វាគមន៍រូបលោកពីព្រោះអតីតមេបក្សប្រឆាំងរូបនេះជាទណ្ឌិត ដែលមានដីកាបញ្ជាឲ្យចាប់ខ្លួនជាច្រើនករណីនោះ។ នេះជាការលើកឡើងបន្ថែមពីលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។

ចំណែកលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុវាយោF Mថា ការប្រកាសវិលចូលស្រុកជាថ្មីពីសំណាក់លោកសម រង្ស៊ីនេះគឺគ្រាន់តែជាការធ្វើអាជីវកម្មដើម្បីរ៉ៃអង្គាសថវិកាពីអ្នកគាំទ្ររបស់ខ្លួន សម្រាប់បន្តជីវិតនយោបាយនៅក្រៅប្រទេសតែប៉ុណ្ណោះ។ លើសពីនេះទៀតប្រជាប្រិយភាពរបស់អតីតមេបក្សប្រឆាំងរូបនេះ ក៏មានការធ្លាក់ចុះជាបន្តបន្ទាប់ផងដែរទាំងនៅក្នុងស្រទាប់មហាជន និងនៅក្នុងជួរអតីតគណបក្សរបស់ខ្លួន។

លោកពេជ្រ ស្រស់បានថ្លែងយ៉ាងដូច្នេះថា”អញ្ចឹងការប្រកាសវិលចូលស្រុករបស់លោកសម រង្ស៊ីវិញគ្រាន់តែជាការរៀបចំគម្រោងធ្វើពាណិជ្ជកម្មមួយលើអ្នកគាំទ្រខ្លួនតែប៉ុណ្ណោះ ពីព្រោះយើងដឹងហើយថាទឹកមាត់លោកសម រង្ស៊ីឥឡូវនេះលែងប្រៃទៀតហើយ លែងឲ្យអ្នកគាំទ្រខ្លួនទុកចិត្តទៀតបានហើយជាពិសេសគឺជាអ្នកដែលធ្វើការងារជាមួយគាត់ពីមុនមក ក៏អស់ជំនឿជាមួយលោកសមរង្ស៊ីផងដែរពីព្រោះគាត់ពូកែកុហក់ពូកែបោក”។

ជាការកត់សម្គាល់ នេះមិនមែនជាការប្រកាសលើកទី១របស់លោកសម រង្ស៊ី ដែលថាវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនោះទេ។ កាលពីឆ្នាំ២០១៩អតីតមេបក្សប្រឆាំងរូបនេះបានប្រកាសថានឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩ខែ វិច្ឆិកាឆ្នាំ២០១៩។ ប៉ុន្តែគម្រោងវិលត្រឡប់មកវិញនេះមិនបានសម្រេចនោះឡើយ។

ក្រោយមកទៀតអំឡុងពេលដើមឆ្នាំ២០២០ លោកសម រង្ស៊ី ក៏ធ្លាប់បានប្រកាសថា លោកប្ដេជ្ញានឹងវិលមកកម្ពុជាឲ្យបាន ក្នុងឆ្នាំ២០២០ប៉ុន្ដែមិនបញ្ជាក់ពេលវេលាទេ ហើយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ លោកសម រង្ស៊ីដដែលក៏បានប្រកាសថានឹងវិលចូលស្រុកឲ្យខានតែបាន នៅក្នុងឆ្នាំ២០២០នេះទៀត៕ ដោយ៖ឃួន សុភ័ក្រ 

ព័ត៌មានផ្សេងទៀត